Ad Code

ព្រលានយន្តហោះ​កំពង់ឆ្នាំង​ ជា​មរតក​ដ៏​មាន​តម្លៃ​ប្រវត្តិសាស្ត្រ

កំពង់ឆ្នាំង ៖ នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​មរតក​ដ៏​មាន​តម្លៃ ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​បន្សល់ទុក​ពី​របប​ប៉ុល ពត​នោះ​គឺ​«​ព្រលានយន្តហោះ​» ​វា​គឺជា​ច្រក​ចេញចូល​តាមផ្លូវ​អាកាស​ទាំង​ការ​ដឹកជញ្ជូន​ទំនិញ​និង​ដឹកជញ្ជូន​ភ្ញៀវ​នៅ​អាស៊ីអាគ្នេយ៍​យើង​នៅ​ក្នុង​សម័យ​នោះ ហើយ​បច្ចុប្បន្ន​ព្រលានយន្ត​ហោះ​មួយ​នេះ​កំពុងតែ​ធ្វើ​ឲ្យ​អ្នកទេសចរ​មានការ​ចាប់​អារម្មណ៍​ផង​ដែរ។


ព្រលានយន្តហោះ​កំពង់ឆ្នាំង​គឺជា​សំណង់​ធំ ​តែមួយគត់​ដែល​សង់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នា​ឆ្នាំ​១៩៧៦​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​វិស្វករ​ចិន ហើយ​ព្រលានយន្តហោះ​នេះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ភ្នំ​ជាច្រើន​បង្កើត​បានជា​សោភ័ណភាព​និង​មាន​វិសាលភាព​ធំ​ទូលាយ​។ ក៏ប៉ុន្តែ​ព្រលាន​នេះ​សាងសង់​មិនទាន់​រួចរាល់​នោះទេ​ដោយសារតែ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ លុះ​ក្រោយមក​ទីនោះ​ក៏ត្រូវ​បាន​គេ​ទុកចោល​មិន​ឃើញ​មានការ​អភិវឌ្ឍន៍​អ្វី​ឡើយ ហើយ​រហូត​មក​ដល់ពេលនេះ​ក៏បាន​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​នៅ​ខេត្ត​កំពង់ ឆ្នាំង​មុននឹង​រាជរដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍន៍​ក្នុងពេល​ឆាប់ៗ​នេះ។


យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៨​ ខែតុលា ​ឆ្នាំ​២០១២​កន្លងទៅ​នោះ​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ការសាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ដែលមាន​លទ្ធភាព​អា​ចត​ភ្ជាប់​ទំនាក់ទំនង​ជា​មួយនឹង​រាជធានី​ភ្នំពេញ​ បាន​នៅ​ក្នុង​ឆ្នាំ​២០២៥​ឬក៏​ឆ្នាំ​២០៣០​ខាងមុខ​ដោយ​ប្រកាស​កាត់​ទុក​ផ្ទៃដី​សរុប​ប្រមាណ​១៤៦៣​ហិកតា​នៅ​តំបន់​ចំណត​យន្តហោះ​ចាស់​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដើម្បី​សាងសង់​ព្រលានយន្តហោះ​ថ្មី ​ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​១០០០​លាន​ដុល្លារ​ទៅ​២០០០​លាន​ដុល្លារ​អាមេរិក។


លោក​សេង សាលី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ បាន​មានប្រសាសន៍​រៀបរាប់ថា ព្រលាន​យន្តហោះ​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ទឹកដី​បី​ឃុំ​គឺ​ឃ​ឃុំ​ស្វាយជ្រុំ ឃុំ​ពង្រ​និង​ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ នៅ​ប៉ែក​ខាងលិច​ទី​រួម​ខេត្តកំពង់ឆ្នាំង​មាន​ចំងាយ​១៤​គីឡូម៉ែត្រ ។ ប្រសិនបើ​អ្នកទេសចរ​ ដែល​មាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ឬ​ទស្សនា​ព្រលានយន្តហោះ​នេះ​គឺអាច​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពង់ឆ្នាំង​ទៅ​ទិស​ខាងលិច​តាម​ប​ណ្តោ យ​ផ្លូវជាតិ​លេខ​៥​ប្រមាណ​ជា​៧​គីឡូម៉ែត្រ​ដល់​ភូមិ​ផ្លូវ​វាយ​ឬ​សាលា​ផ្លូវ​វាយ​ងាក​ទៅ​ឆ្វេង​ដៃ​នឹង​ឃើញ​ផ្លូវ​ក្រាល​ដោយ​បេតុង​កម្រាស់​២​តឹក​យ៉ាង​រាបស្មើ​គឺ​ផ្លូវ​ចូល​ទៅ​ព្រលានយន្តហោះ​តែម្តង​ក្នុង​ចម្ងាយ​ជាង​៧​គីឡូម៉ែត្រ​ ដែល​កសាង​ឡើង​ក្នុង​របប​ប៉ុល ពត​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៦​ដល់​១៩៧៨។


ក្រោយ​ឆ្នាំ​១៩៧៩​លោក​សេង សាលី​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​បរិវេណ​ព្រលានយន្តហោះ​នេះ​មាន​អគារ​នៅ​សេសសល់​យ៉ាង​ច្រើន​ព្រមទាំង​ផ្លូវ​ខ្វាត់ខ្វែង​ធ្វើ​ពី​បេតុង​ទាំងអស់​តែ​ប​ច្ចប្ប​ន្ន​នេះ​សំណង់​ទាំងឡាយ​ត្រូវ​ខូចខាត​ដោយសារតែ​គ្មាន​ការថែរក្សា​ឲ្យ​បាន​គត់មត់​។ នា​យុគ្គសម័យ​ប៉ុ​ត ពត​ព្រលាន​យន្តហោះ​នេះ​សាងសង់ឡើង​ដោយ​ប្រើ​កំលាំង​មនុស្ស​ដែល​ពួក​ប៉ុល ពត​ចាប់បញ្ជូន​មកពី​ភូមិភាគ​បូព៌ា​ហើយ​ចោទ​ថា ​ជា​កម្លាំង​របស់​សេ​អ៊ី​អា​និង​ចាត់ទុកថា​ជា​អ្នកទោស​អស់​ជីវិត​ផងដែរ​ដែល​អ្នក​ទាំងអស់​ធ្វើការ​មាន​ភាព​ម៉ត់ចត់​ណាស់​គឺ​ធ្វើ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ព្រោះ​មាន​វិស្វករ​ចិន​ឈរ​បញ្ជា​តឹងរ៉ឹង​បំផុត ហើយ​អ្នកទោស​ទាំងអស់​នេះ​បាន​បែង​ចែក​ជា ក្រុមៗ​មិន​ឲ្យ​មានការ​ទាក់ទង​គ្នា​ជាដាច់ខាត​។


លោក​សេង សាលី​បន្ថែម​ថា នៅ​ទិស​ខាងលិច​ព្រលានយន្តហោះ​ចំងាយ​២​គីឡូម៉ែត្រ​មាន​ស្ទឹង​មួយ​ដែល​ពួក​ប៉ុល ពត​ច្រើនតែ​យក​អ្នកទោស​ទៅ​សម្លាប់​ជា​ញឹកញាប់​មិនសូវ​លស់​ថ្ងៃ​ឡើយ ។ ចំពោះ​ភ្ញៀវ​ទេសចរ​មកកាន់​ទីនេះ​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​បេតុង​រាបស្មើ ដោយ​សោមនស្ស​រីករាយ​ក្នុង​អារម្ម​ណ៍​ដិត​ជាប់​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នាពេលខាងមុខ​ថា ​នឹង​មាន​ការ​រីកចម្រើន​យ៉ាងពិត​ប្រាកដ​។ លោក​បញ្ជាក់​ថា នៅ​អម​សងខាង​ផ្លូវ​មាន​ភូមិ​ ​អ្នកស្រុក​ហូរហែ​ហាក់បីដូចជា​របង​កិត្តិយស​ជូនពរ​ស្វាគមន៍​និង​ជូន​ដំណើរ​ភ្ញៀវ​ដោយ​កិត្តិយស​បំផុត ក្នុង​ពេល​ចូល​ទៅដល់​បរិវេណ​ព្រលាន​យន្តហោះ​ពេល​បច្ចុប្បន្ន​នេះ​គេ​មិនសូវ​ឃើញ​មាន​សំណង់​អ្វី​ធំដុំ​ដូច​កាលពី​ជំនាន់​ចុង​ឆ្នាំ​១៩៧៩​ឡើយ ។​ដោយ​សំណង់​ដែល​លោកអ្នក​បាន​ឃើញ​ នៅ​ពេលនេះ​សុទ្ធតែ​ត្រូវ​បាន​ជួសជុល​បន្ថែម​តែប៉ុណ្ណោះ​ដោយ​ក្រុមហ៊ុន​បរទេស​មួយ​ឈ្មោះ DRAGONGOLD​ព្រោះ​សំណង់​ជាច្រើន​ត្រូវបាន​ជនខិលខូច​លួច​គាស់​បំផ្លាញ​រាប​ដល់​ដី​ដោយ​យើង​នៅមាន​ការខ្វះខាត​ក្នុង​ជីវភាព​រសនៅ​និង​ខ្វះខាត​កិច្ចការពារ​ផងដែរ។


លោក​សេង សាលី​បញ្ជាក់​ទៀត​ថា ព្រលានយន្តហោះ​នេះ​សង់​ឡើងជា​រាង​ពងក្រពើ​(OVALE)​តាម​និយាម​អន្តរជាតិ​ ដែល​មាន​ផ្លូវបត់​ហោះហើរ​ចំងាយ​៣៦០០​ម៉ែត្រ​ទទឹងផ្លូវ​រត់​មាន​ប្រវែង​៤៨​ម៉ែត្រ​ដែល​មាន​លេខ​កូដ​ដើម​ខាងជើង​លេខ​១៨​និង​ចុង​ផ្លូវ​ខាងត្បូង​លេខ​៣៦ ។ លោក​បញ្ជាក់​បន្តថា សព្វ​ថ្ងៃនេះ​មាន​កងទ័ព​អាកាសចរ​ណ៍​កម្ពុជា​នៅ​ប្រចាំការ​និង​ថែរក្សា​ការពារ​សំណង់​ទាំងឡាយ​នៅ​ទីនោះ ក្នុងនោះ​អ្នកទេសចរ​ទាំងអស់​ក៏​អាច​ចូលទៅ​ទស្សនា​បាន​ក្នុងអំឡុង​ពេលដែល​ព្រលានយន្តហោះ​នេះ​មិនទាន់​ត្រូវបានធ្វើ​ការជួសជុល ​និង​ដាក់​ឲ្យ​ដំណើរការ​តែប៉ុណ្ណោះ​។ យើង​រីករាយ​ណាស់​នៅ​ពេលដែល​បានឮ​ព័ត៌មាន​ថា​ព្រលានយន្តហោះ​នេះ​ នឹង​រៀបចំ​ឲ្យ​ដំណើរការ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ​៕
Nita-13-A-33-Full


Nita-13-A-35-Full



ព្រលានយន្តហោះ​កំពង់ឆ្នាំង​ ជា​មរតក​ដ៏​មាន​តម្លៃ​ប្រវត្តិសាស្ត្រ

Post a Comment

0 Comments

Close Menu