បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស ដែលជាខ្ញុំបម្រើចំនួន៤នាក់ដែរ ដែលត្រូវបានម្ចាស់ផ្ទះដាក់ពាក្យបណ្តឹង ដើម្បីបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនយកមកញាត់គុក ដោយគេបានចោទប្រកាន់ថា នារីវ័យក្មេងទាំងនោះជាប់ពាក់ព័ន្ធនឹងអំពើលួច ហើយក៏មិនមែនលួចពងមាន់ ឬក៏លួចសាច់ក្រកដែរ គឺគេចោទថា លួចសុទ្ធតែគ្រឿងដាំពេជ្រជាច្រើនឈុតថែមទៀតផង ដែលនៅពេលនេះក្រុមគ្រួសារកំពុងតែស្រែកថា ជាអំពើអយុត្តិធម៌ ដោយសារតែគេមានអំណាចផង និងជាអ្នកមានទ្រព្យសម្បត្តិផង ហើយចំណុចសំខាន់ គឺនារីទាំងនោះ អាចរួចខ្លួនពីការចោទប្រកាន់ បើពួកនាងព្រមទៅរួមរស់នៅជាខ្ញុំបម្រើវិញ ដើម្បីទ្រាំនឹងការធ្វើទារុណកម្ម ពីសំណាក់លោកថៅកែស្រីនេះ។
ទីតាំងដែលក្មេងស្រីទាំងនោះនាំគ្នារត់ចេញ ដោយសារតែទ្រាំរស់នៅមិនបាន គឺមានយីហោ« ហាង ចំរើន វិរ៉ែន » ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលទីតាំងនេះមានបម្រើសេវាកម្មបង់រំលោះថែមទៀតផង រីឯដើមបណ្តឹងមានឈ្មោះ គឺ ពៅគន្ធីភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាភរិយារបស់លោកវរសេនីយ៍ទោ ប៊ុន ច័ន្ទមុន្នី ជាមន្ត្រីយោធាភូមិភាគទី៥។
មន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានលើកឡើងនូវខ្លឹមសារ នៃពាក្យបណ្តឹងនោះថា បានចោទប្រកាន់ទៅលើនារីចំនួន៤នាក់ ដែលជាខ្ញុំបម្រើថា បានលួចយកគ្រឿងអលង្ការមួយចំនួនហើយបានរត់ចេញពីផ្ទះកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦( រត់៣នាក់ នៅផ្ទះម្នាក់ ) ដែលគ្រឿងអលង្ការទាំងនោះ រួមមាន ខ្សែកដាំពេជ្រចំនួនមួយខ្សែខ្សែដៃដាំពេជ្រចំនួនមួយខ្សែ ចិញ្ចៀនដាំពេជ្រចំនួនមួយវង់ និងក្រវិលដាំពេជ្រចំនួនមួយគូរ។
លុះនៅពេលដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោកព្រះរាជអាជ្ញារង ហេង លុយ គឺបានឃាត់ដោយទាំងស្ត្រីជាម្ដាយម្នាក់ថែមទៀត បើសរុប គឺមានចំនួន៥នាក់ ដែលស្ត្រីរួបនេះគេបានចោទប្រកាន់ថា ជាបទសមគំនិត ព្រោះគេបានឆែកឃើញមានការទទួលទូរស័ព្ទ ពីក្មេងស្រីទាំងនេះ ។
លោក សុំ រស់ អាយុ៤៩ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ត្រូវចជាស្វាមីរបស់ស្ត្រីដែលត្រូវឃាត់ខ្លួនឈ្មោះគូ ច្រិប អាយុ៤៧ឆ្នាំ និងត្រូវជាឪពុករបស់ឈ្មោះរស់ ចាន់ណា ភេទស្រី អាយុ២៣ឆ្នាំ ដែលត្រូវគេឃាត់ខ្លួនដែរនោះបានរៀបរាប់ថា កូនស្រីរបស់លោកបានចូលធ្វើការនៅក្នុងហាងនេះគឺបានប្រហែលកន្លះឆ្នាំមកហើយ ដោយទទួលបានប្រាក់ក្នុងមួយខែមួយរយដុល្លារ ។
លោកបានបន្តទៀតថា ការងារនៅទីនេះ គឺមានក្មេងស្រីៗចំនួន៣នាក់ផ្សេងទៀត ដែលម្នាក់ឈ្មោះ ហៀង អាយុ១៨ឆ្នាំ រស់នៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងពីរនាក់ទៀតគឺជាក្មេងកំព្រាដែលមកពីខេត្តសៀមរាប ហើយបានមករស់នៅក្នុងកន្លែងនេះជាយូរ មកហើយ ដោយប្រាក់បៀវត្សគេមិនបានបើកអោយពេញលេញនោះទេ។
លោកបានសង្កត់ធ្ងន់ថា នៅព្រឹកថ្ងៃកើតហេតុ ដោយសារតែក្រុមក្មេងទាំងនេះអត់ទ្រាំនឹងការធ្វើបាបមិនបាន ក៏បាននាំគ្នា៣នាក់រត់ទៅកាន់ស្រុកបាណន់ដែលពួកគេមានផ្ទះអ៊ុំស្រីនៅទីនោះ ដោយឡែកកូនស្រីរបស់លោកគឺនាងមិនបានរត់គេចទៅណាទេ។ នៅពេលដែលក្មេងទាំង៣នាក់រកផ្ទះអ៊ុំមិនឃើញក៏បានទូរស័ព្ទ ទៅប្រពន្ធរបស់លោក ដើម្បីសួរនាំរកគោលដៅដែលត្រូវទៅដោយពួកនាងបានប្រាប់ថា នាងទៅលេង។
ទីបំផុតពួកនាងទាំង៣នាក់ ត្រូវបានម្ចាស់ហាងដាក់ពាក្យប្តឹងពីបទលួច ហើយក៏ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួននៅចំណុច ភូមិកំប៉ូឡាន ឃុំកន្ទឺ២ ស្រុកបាណន់ នាថ្ងៃទី៧ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១ថ្ងៃត្រង់។ នៅពេលនោះដែរសមត្ថកិច្ចទទួលបាននូវបទបញ្ជាពីលោកព្រះរាជអាជ្ញារង ហេង លុយ ឲ្យធ្វើការឆែកឆេរលំនៅដ្ឋានដែលឃាត់ខ្លួន ដើម្បីរកវត្ថុតាងដែលជាគ្រឿងឈុតដាំពេជ្រ ប៉ុន្តែគឺរកមិនឃើញឡើយ។
ដោយផ្អែកតាមការស្រាវជ្រាវតាមរយៈទូរស័ព្ទ ទើបស្ត្រីជាម្តាយ ក៏ត្រូវបានឃាត់ខ្លួនដែរដែលផ្លូវច្បាប់បានចោទថា សមគំនិត និងជាអ្នកបំផ្លាញវត្ថុតាង ម្យ៉ាងវិញទៀតរឿង ដែលធ្វើឲ្យសមត្ថកិច្ចមួយចំនួនគ្រវីក្បាលដែរនោះគឺ ខ្ញុំបម្រើម្នាក់ឈ្មោះ រស់ ចាន់ណា ដែលនាងមិនបានរត់លូនទៅជាមួយគេផងនោះ ក៏ត្រូវអ្នកមានអំណាច និងទឹកប្រាក់ប្តឹងឲ្យចាប់ខ្លួនដែរ ដោយចោទថា នាងគឺជាមនុស្សដែលគេទុកចិត្តហើយបានផ្ញើ គ្រឿងអលង្ការទាំងអស់នេះអោយនាងទុក រាល់បញ្ហានេះគួរណាស់តែច្បាប់ និងអង្គភាពពាក់ព័ន្ធបើកការស្រាវជ្រាវ និងស៊ើបអង្កេតឡើងវិញ ថា តើអ្នកមានទឹកលុយណាមួយដែលទុកចិត្តហ៊ានយកគ្រឿងដាំពេជ្រជាច្រើនទៅផ្ញើនឹងខ្ញុំបម្រើនោះ ? ផ្ទុយទៅវិញស្ត្រីដែលជាដើមបណ្តឹងបានបង្ហើបថា បើពួកនាងទាំងអស់គ្នាព្រមទៅធ្វើខ្ញុំបម្រើវិញ នោះគេនឹងដកពាក្យបណ្តឹងវិញ នៅពេលនោះដែរ គឺមាននារីម្នាក់ឈ្មោះ ហៀង សុខចិត្តទៅរួមរស់ជាមួយវិញ ទើបស្ត្រីដើមបណ្តឹងបានធានាយកនាងទៅវិញ ដោយមិនឲ្យនាងជាប់គុកឡើយ។
តាមរយៈទូរស័ព្ទ លោកព្រះរាជអាជ្ញារង ហេង លុយ បានបញ្ជាក់យ៉ាងខ្លីថា ការដែលគេប្តឹងហើយដកពាក្យបណ្តឹងដើម្បីធានាយកទៅធ្វើការវិញនោះ គឺជាការសម្ងាត់មួយដោយមិនអាចបកស្រាយបាននោះទេ ព្រោះរឿងនេះ នៅធ្វើការស្រាវជ្រាវបន្ថែមទៀត ដោយមិនទាន់បញ្ចប់នៅឡើយទេ។ នៅទីបំផុតជនរងគ្រោះចំនួន៤នាក់ ត្រូវបានតុលាការសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។
គួរបញ្ជាក់ដែរថា នារីវ័យក្មេងដែលកំព្រាទាំងពីរនាក់នោះ ធ្លាប់បានរត់គេចចេញពីផ្ទះនេះចំនួន៣លើករួចមកហើយ ដោយសារតែការធ្វើបាបពីសំណាក់ ថៅកែចិត្តមា គឺលើកទី១បានរត់ទៅកាន់ខេត្តសៀមរាប តែត្រូវនាំខ្លួនយកមកវិញ លុះលើកទី២ គឺបានរត់គេច ទៅស្រុកថ្មគោល ក៏ត្រូវនាំមកវិញដដែល ដល់លើកទី៣ គឺបានគេចខ្លួនទៅកាន់ស្រុកមោងឫស្សី ហើយក៏ត្រូវនាំមកវិញដែរ ដល់លើកទី៤នេះត្រូវបានគេប្តឹងអោយដាក់គុក តែម្តង ដោយសារតែពួកនាងមិនព្រមទៅនៅជាមួយ ។ បច្ចុប្បន្ននារីចំនួន៤នាក់ ត្រូវបានគេញាត់បញ្ចូលទៅក្នុងគុកហើយ ដែលធ្វើឲ្យស្វាមីមានការសោកសៅជាទីបំផុត៕
ភាពមិនប្រក្រតីជុំវិញការឃាត់ខ្លួន ខ្ញុំបម្រើចំនួន៤នាក់ដើម្បីញាត់គុក
0 Comments