ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តយកស្តង់ដារជាតិ ស្តង់ដារអន្តរជាតិ និងស្តង់ដារក្នុងប្រទេស អាស៊ានទាំង១០ដើម្បីជួយជំរុញ និង ជាប្រយោជន៍សម្រាប់ជួយដល់ម្ចាស់ឧស្សាហករសិប្បកម្ម និងដល់ម្ចាស់សហគ្រាសផ្សេងៗ ក្នុងការប្រកួតប្រជែងនូវផលិតផលរបស់ខ្លួន នៅលើទីផ្សារ។
ថ្មីៗនេះលោក ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងឲ្យដឹងថា ដោយសារមានការវិវត្តន៍ថ្មីៗ នៅតាមរោងចក្រសិប្បកម្មមួយចំនួន គឺពួកគាត់ច្រើន ប្រើប្រាស់សារធាតុគ្រឿងផ្សំផ្សេងៗយ៉ាងច្រើន ខុសពីលក្ខណៈបច្ចេកទេស ដែលជាការអាចនាំឲ្យប៉ះ ពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចនេះក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារជាច្រើន ដែលជាសំណាកគំរូ ដើម្បីជួយដល់ឧស្សាហកម្មក្នុងស្រុក មានការប្រកួតប្រជែង។
លោកបានទៀតបន្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសា ដើម្បីសម្រេចអនុម័តស្តង់ដារផ្សេងៗ ក្នុងគោលដៅជំរុញ ដល់សហគ្រាសសិប្បកម្ម និងវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងការអភិវឌ្ឍន៍ទៅតាមស្តង់ដារ ឲ្យមាន សន្ទុះកាន់តែប្រសើរឡើងជាងមុន ដើម្បីជួយជាខ្នងបង្អែក សម្រាប់ពន្លឿនឧស្សាហកម្មកម្ពុជា។
លោកចាន់ បូរិន្ទ ក៏បានអំពាវនាវដល់ម្ចាស់សហគ្រាស សិប្បកម្ម និងឧស្សាហកម្ម ដែលពុំទាន់ បានអនុវត្តន៍ទៅតាមស្តង់ដារត្រឹមត្រូវ គួរងាកមកអនុវត្តន៍ទៅតាមស្តង់ដារ ដើម្បីទទួលបាននូវភាពជោគ ជ័យរបស់ខ្លួន ឈានទៅរកការប្រកួតប្រជែងទីផ្សារក្នុងតំបន់ ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ដែលទើបតែឈានមកដល់ក្នុងពេលថ្មីៗនេះ។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៤ កម្ពុជាអនុម័តយកស្តង់ដារអន្តរជាតិ មកជាស្តង់ដារជាតិបានចំនួន៤៤៤ស្តង់ដារ និងស្តង់ដារម្ហូបអាហារបានចំនួន៤០០ស្តង់ដារ ព្រមទាំងដាក់សម្ភារៈប្រើ ប្រាស់មានចំនួន៤ស្តង់ដារ ក្នុងនោះក្រុមប្រឹក្សាស្តង់ដារជាតិ បានឯកភាពយកស្តង់ដារអាស៊ាន ចំនួន ២៣៤ និងក្នុងពេលថ្មីៗនេះ បានអនុម័តយកស្តង់ដារអាស៊ាន២១៨ មកអនុវត្តន៍ ដោយមានស្តង់ដារ កម្ពុជានៅក្នុងនោះផងដែរ៕
កម្ពុជាបានអនុម័តយកស្តង់ដារជាច្រើន ក្នុងការជួយដល់ម្ចាស់ឧស្សាហកម្មក្នុងស្រុក
0 Comments