ក្លិបបាល់ទាត់ SCG Muangthong United ជើងឯករងក្នុងពានរង្វាន់លីកបាល់ទាត់កំពូលរបស់ប្រទេសថៃ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៤ ល្ងាចក្នុងព្រហស្បតិ៍ ទី ១៤ ខែ មករា កន្លងទៅ ដើម្បីត្រៀមប្រកួតមិត្តភាពមនុស្សធម៌មួយជាមួយក្រុម Cambodian All Stars នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។
យោងតាមប្រភពមកពីអ្នករៀបចំការវិធីបានឲ្យដឹងថា ក្លិប SCG Muangthong United ដែលសំបូរទៅដោយកីឡាករឆ្នើមៗក្នុងប្រទេសថៃនឹងធ្វើកម្មវិធី Football Clinic មួយនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែ មករា ឆ្នាំ ២០១៦ លើទីលានកីឡដ្ឋាន RSN Stadium របស់ក្លិបភ្នំពេញក្រោន ដែលមានទីតាំងនៅទឹកដីខណ្ឌទួលគោក។ Football Clinic គឺជាកម្មវិធីមួយដែលអ្នកមានជំនាញបាល់ទាត់ចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយកុមារដែលមានចំណង់ចំណូលចិត្តលេងបាល់ទាត់។
ប្រភពបន្ថែមថា យ៉ាងហោចណាស់មានក្មេងៗប្រហែលជាជាង ១០០នាក់នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន RSN ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវចាប់ពីវេលាម៉ោង ២និង៣០ នាទីតទៅ។ ក្រោយរៀបចំកម្មវិធី Football Clinic រួចរាល់កីឡាកររបស់ក្លិប SCG Muangthong United នឹងធ្វើការហ្វឹកហាត់នៅទីលាននោះតែម្ដងពោលគឺចាប់ពីម៉ោង ៤និង៣០ នាទីល្ងាចរហូតដល់ម៉ោង ៦ ល្ងាច។
ក្រុម Cambodian All Stars ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបើកទ្វារទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ របស់ខ្លួនទទួលស្វាគមន៍ក្រុម SCG Muang Thong United FC នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ វេលាម៉ោង ៦ ល្ងាច។ ការនេះនឹងមានការផ្សាយផ្ទាល់នៅប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ផងដែរ។ ប្រិយមិត្តអាចចូលតាមដានទស្សនាការប្រកួតនេះនៅទីលានផ្ទាល់បានដោយត្រូវជាវសំបុត្រក្នុងតម្លៃ ១ ដុល្លារ និង ២ ដុល្លារ។ ប្រាក់បានពីការលក់សំបុត្រនេះនឹងផ្ដល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា៕
ព្រឹកថ្ងៃសុក្រ ក្លិប Muangthong United របស់ថៃធ្វើ Football Clinic នៅទីលានរបស់ភ្នំពេញក្រោន
0 Comments