អ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ត្រូវគេផ្គូផ្គងអោយជួបប្រកួតសាកកណ្តាប់ដៃ ជាមួយអ្នកប្រដាល់ថៃឈ្មោះ Aramboy នាព្រឹកថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire របស់SEA-TV ។
Aramboy ជាអ្នកប្រដាល់ថៃចាស់វស្សា ដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយ កន្លងមក ។ Aramboy និង វេង សុភ័ក្រ ពុំធ្លាប់ដែលប៉ះគ្នានៅឡើយទេ ហើយការជួបប្រកួតគ្នាលើកដំបូងនេះ គឺក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម ។
អ្នកប្រដាល់ថៃនេះ មានកំនត់ត្រាប្រកួតចំនួន៨៣លើក ឈ្នះ៦៤លើក ចាញ់១៨លើក និងស្មើ ០១លើក ។ អ្នកប្រដាល់ថៃម្នាក់នេះ មានកាយសម្បទារឹងមាំ មានកម្ពស់ខ្ពស់ជាង សុភ័ក្របន្តិច គឺ១,៧១ម៉ែត្រ ហើយសុភ័ក្រ១,៦៨ម៉ែត្រ ។ តែយ៉ាងណា Aramboy មិនដឹងថា អាចវាយឈ្នះអ្នកប្រដាល់កម្ពុជា វេង សុភ័ក្រ បានឬអត់នោះទេ? ។
វេង សុភ័ក្រ ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃ ជិត២០លើកហើយនាពេលកន្លងមក ដោយវាយឈ្នះថៃ១០លើក ស្មើ០៤នាក់ និងចាញ់ ០៤នាក់ ដែលការជួបថៃចុងក្រោយគេនោះ វេង សុភ័ក្រ បានវាយឈ្នះ Fa Nemith ដោយពិន្ទុ កាលពីថ្ងៃទី ១២ ឧសភា ២០១៨ កន្លងទៅនេះ ។ និយាយជារួម ក្នុងការប្រកួតចំនួន៨៤លើក របស់វេង សុភ័ក្រ គេវាយឈ្នះ៦៨លើក ចាញ់១២លើក និងស្មើ០៤លើក ។
យ៉ាងណា សំរាប់ការជួបអ្នកប្រដាល់ថៃ Aramboy លើកនេះ គេមានជំនឿទុកចិត្តលើ វេង សុភ័ក្រ ថានឹងអាចយកឈ្នះ Aramboy បានមិនខាន ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេមិនជាខ្លាំងប៉ុន្មាននោះទេ ហើយក៏មិនជាស៊ូប៉ុន្មានដែរ ដោយសារគេអន់ជើងក្រោម ។
ចំពោះ រ៉ែម រាជ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប នឹងឡើងមកប្រកួតសងសឹកជាមួយផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ រវាង រ៉ែម រាជនិង ផាន ផាត់យុទ្ធ ធ្លាប់ជួបគ្នាម្តងកាលពីថ្ងៃទី០៩កញ្ញា២០១៧កន្លងមក ដែលផាត់យុទ្ធ ឈ្នះដោយពិន្ទុ។ នេះជាលើកទី២ របស់អ្នកប្រដាល់ទាំងពីរជួបប្រកួតគ្នា ។
សម្រាប់កាលជួបលើកនេះ ពុំដឹងថា រ៉ែម រាជ អាចយកឈ្នះផាន ផាត់យុទ្ធ បានឬអត់នោះទេ? ។ អ្នកប្រដាល់សាលវ័ន្តកីឡា រូបនេះ គេមានស្នៀតប្រដាល់ល្អនិងសំបូរដោយកលល្បិចក្នុងការប្រកួត ។ យ៉ាងណា ប៉ះជាមួយ រ៉ែម រាជ ដែលមានកណ្តាប់ដៃខ្លាំង រហ័សនិងលឿននោះ ផាន ផាត់យុទ្ធ ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ។
ផាន ផាត់យុទ្ធ គេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការឡើងប្រកួតជាមួយរ៉ែម រាជនេះ។ យ៉ាងណា ផាត់យុទ្ធ អាចថាគេមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាជាលើកទី២ ដែលគេជួបជាមួយអ្នកប្រដាល់ចិត្តខ្លាំងខេត្តសៀមរាបនេះ ។ ហេតុនេះ គេមិនហ៊ានធ្វេសប្រហែស និងមើលស្រាលចំពោះរ៉ែម រាជ ឡើយ បើទោះបីជាគេធ្លាប់ឈ្នះម្តងហើយក៏ដោយ ។ ចាំមើល តើរ៉ែម រាជ អាសងសឹកផាន ផាត់យុទ្ធ បានសម្រេចឬអត់? ។
ពុទ្ធ ម៉ាណូយ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា នឹងជួបប្រកួតជាមួយថាន់ ប៊ុនរ៉ុងអ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់ ៥៧ គ.ក្រ ។ អ្នកប្រដាល់ទាំងពីររូបនេះ មិនធ្លាប់ជួបគ្នាទេពីមុនមក ។
ថាន់ ប៊ុនរ៉ុង ជាអ្នកប្រដាលជើងខ្លាំងស្រករក្រោយ ។ គេមានបទពិសោធន៍លើសង្វៀនមិនជាច្រើននោះទេ ។ អ្នកប្រដាល់រូបនេះ វាយខ្លាំងទាំងកណ្តាប់ដៃ ទាំងការទាត់ និងជង្គង់ កែង តែមានកម្លាំងកាយសម្បទាទន់ខ្សោយ ឆាប់អស់ស៊ុហ្វ ។ ប្រកួតលើកចុងក្រោយនេះ វាយចាញ់នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ ។ ដូច្នេះ ចាំមើល ពុទ្ធ ម៉ាណូយ យកឈ្នះថាន់ ប៊ុនរ៉ុងបានឬអត់? ។
ចំណែក ជា ល័ក្ខលៀត អ្នកប្រដាល់ក្លិបអមតៈគុនខ្មែរ ត្រូវគេផ្តល់ឪកាសឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ណក់ ស៊ីនួន ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ។ ពួកគេទាំងពីរ ជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments