Ad Code

ចៅក្រម​ ដោះលែង​មេ​តុងទីន​ស៊ីដាច់​ប្រាក់​អ្នកលេង​២​លាន​៦​សែន​ដុល្លារ



ភ្នំពេញ​ ៖ ​បន្ទាប់ពី​ចៅក្រម​តុលាការ​បាន​សម្រេច​ដោះលែង​ស្ត្រី​ម្នាក់​ជា​មេ​តុងទីន ដែល​ពាក់​ព័ន្ធ​លើទឹក​ប្រាក់​ប្រមាណ​ជាង​២ លាន​៦​សែន​ដុល្លារ​អាមេរិក កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​​នោះ ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា តំណាង​ឲ្យ​ភាគី​ខាងដើម​បណ្តឹង​១៧​រូប ​បាន​លើកគ្នា​មកកាន់​សាលាដំបូង​រាជធានី ក្នុង​គោលបំណង​ជួប​លោក កូយ សៅ ដែល​ជា​ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​រឿងនេះ ចង់ដឹងថា តើ​មាន​មូលដ្ឋាន​អ្វីខ្លះ​ដែល​ត្រូវ​ដោះលែង​មេ​តុងទីន​នោះ ដែល​ភាគី​ដើមបណ្តឹង​មិនទាន់​ទទួលបាន​ភាពកក់ក្តៅ​មកវិញ​ផង​នោះ។

ប៉ុន្តែ​នៅពេល​តំណាង​ដើមបណ្តឹង​បាន​ដើរចូល​ទៅរក​ជួប​លោក​ចៅក្រម​ឈ្មោះ​កូយ សៅ ដើម្បី​សាកសួរ​រឿង​ដោះលែង​មេ​តុងទីន​នោះ ត្រូវបាន​មន្ត្រី​សាលាដំបូង​ជម្រាប​ជូន​លោកប្រុស និង អ្នកស្រី​ថា ផុត​ម៉ោង​រដ្ឋបាល​ហើយ​ឲ្យ​វិល​ទៅវិញ​សិន​ទៅ។ អ្នកតាមដាន​សំណុំរឿង​ពាក់​ព័ន្ធ​លើទឹក​ប្រាក់​២​លាន​៦​សែន​ដុល្លារ​អាមេរិក​នេះ បាន​សង្កេត​ឃើញថា ការវិវាទ​នីតិវិធី រវាង​ព្រះរាជអាជ្ញា​រង​គឺ​លោក ហ៊ឹង ប៊ុនថន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ស្ត្រី​មេ​តុងទីន​ម្នាក់​ឈ្មោះ លី គឹម​ហួរ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ជា​បទល្មើស​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​កូន​តុងទីន​១៧​នាក់ មាន​ទឹកប្រាក់​២​លាន​៦ សែន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​លោក​ចៅក្រម​ឈ្មោះ​កូយ សៅ ចៅក្រម​ស៊ើបសួរ​យល់ថា នេះ​ជា​រឿង​រដ្ឋប្បវេណី ដោយ​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​តុងទីន​ទេ គ្រាន់តែ​តម្រូវ​ដាក់​ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ រួច​ដោះ​លែងឱ្យ​ទៅផ្ទះ​វិញ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៤​ ខែ​មិថុនា ឆ្នាំ​២០១៨។ ការសម្រេច​ដោះលែង​មេ​តុងទីន​នេះ បានធ្វើឱ្យ​កូន​តុងទីន​ទាំង​១៧ នាក់ កំពុងមាន​ប្រតិកម្ម​លើ​លោក​ចៅក្រម ទើបបាន​ជា​មាន​តំណាង​ចេញមុខ ទៅ​រក​ជួប​លោក​ចៅក្រម ដើម្បី​សួរនាំ​ឲ្យ​ច្បាស់​អំពី​នីតិវិធី ដោះលែង​មេ​តុងទីន​នោះ។ ផ្ទុយ​មកវិញ​បើ​លទ្ធផល​គ្មាន​ចម្លើយ​ឲ្យ​សមស្រប តាម​បណ្តឹង​លើទឹក​ប្រា​ក់ជាង​២​លាន​ដុល្លារ ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ពួកគាត់​នោះទេ តំណាង​ដើមបណ្តឹង នឹង ពិភាក្សា​ជួល​មេធាវី​ការពារ​ក្តី រួមគ្នា​ធ្វើលិខិត​មួយ​ដាក់ជូនទៅ​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ ជាការ​​ទទូច​ឲ្យ​ជួយ​ស្វែងរក​​យុត្តិធម៌​មកវិញ ដែល​ចៅក្រម​សាលាដំបូង​ដោះលែង​មេ​តុងទីន ស៊ីដាច់​ប្រា​ក់ជាង​២​លាន​ដុល្លារ​នោះ។ ​​ដើមបណ្តឹង​បាន និង គ្រោង​ធ្វើ​ពាក្យ​ដាក់​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​បើក​ការអង្កេត​លើ​រឿង​នេះ​វិញ។ ពិសេស​ក្រុម​សមាជិក​អ្នកលេង​តុងទីន​ទាំង​១៧​នាក់ បាន និង កំពុង​រៀបចំ​ធ្វើ​ញតិ​មួយ ដាក់​ចូលទៅ​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផងដែរ ដើម្បី​ជម្រាប​ជូន​សម្តេច​ឲ្យ​បានដឹង​ពី​រឿង មេ​តុងទីន​បោក​អស់ប្រាក់​ជាង​២​លាន​ដុល្លារ ខណៈពេល​សម​ត្ថ​កិច្ច​ចាប់ខ្លួន​មេ​តុងទីន​នោះបាន​ហើយ មិនទាន់មាន​ដំណោះស្រាយ​ជាមួយ​ដើមបណ្តឹង​ផង ស្រាប់តែ​ចៅក្រម​ស៊ើបសួរ​ដោះលែង​ស្ងាត់ៗ​ឲ្យ​ទៅវិញ​បាត់។ ដូច្នេះ​រឿងនេះ​មានតែ​ស្ថាប័ន​កំពូល ពិសេស​សម្តេច ហ៊ុន សែន ទេ​ដែល​ជួយ​រក​យុ​ត្តិ​ធ​ម៌​ដល់​ពួកគេ​បាន​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu