Ad Code

ម៉ាឡេស៊ី​ ចាប់ខ្លួន​អតីត​ជំនួយការ​របស់​លោក Najib ក្នុង​ការ​ស៊ើបអង្កេត 1MDB



អាជ្ញាធរ​ម៉ាឡេស៊ី​ បាន​ធ្វើការ​ចាប់ខ្លួន​ជា​លើកដំបូង​នៅក្នុង​រឿងអាស្រូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅឯ​មូលនិធិ 1MDB របស់​រដ្ឋ​ដោយ​បាន​ចាប់ខ្លួន​អតីត​ជំនួយការ​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្លាក់​តំណែង Najib Razak ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត។

​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ដឹកនាំ​ដោយ​លោក Mahathir Mohamad អាយុ​៩២​ឆ្នាំ​បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​ចូលទៅក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​លួច​ចេញពី​មូលនិធិ 1Malaysia Development Berhad (1MDB) បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក Najib ចាញ់​ការបោះឆ្នោត​កាលពី​ខែឧសភា​ដោយសារតែ​កំហឹង​ជុំវិញ​រឿងអាស្រូវ​នេះ​និង​ការកើនឡើង​តម្លៃ​នៃ​ការរស់នៅ​។​

កាលពី​ថ្ងៃ​ចន្ទ តុលាការ​ថ្នាក់ក្រោម​បាន​យល់ព្រម​ចំពោះ​សំណើ​មួយ​ដែល​ដាក់​ដោយ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​បញ្ជូន​ជំនួយការ​របស់​អតីត​នាយករដ្ឋមន្ត្រី​ឲ្យ​ជួយ​ក្នុងការ​ស៊ើបអង្កេត​រប​ស់​ពួកគេ​ទៅក្នុង 1MDB ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន Bernama ។​

ជំនួយការ​អាយុ​៤២​ឆ្នាំ​រូបនេះ​ដែល​ត្រូវបាន​រៀបរាប់​នៅក្នុង​របាយការណ៍​ថា​បានធ្វើការ​ឲ្យ​លោក Najib ចាប់តាំងពី​ឆ្នាំ​២០០៩​មក​នោះ​គឺ​ត្រូវបាន​គេ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃអាទិត្យ​បន្ទាប់ពី​បានផ្តល់​សេចក្តីថ្លែងការណ៍​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) នៅក្នុង​ទីក្រុង Putrajaya ។​

កាលពី​ដើមខែ​នេះ អគ្គមេធាវី​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយថា ការិយាល័យ​របស់គាត់​កំពុងតែ​សិក្សា​សកម្មភាព​ព្រហ្មទណ្ឌ​និង​រដ្ឋប្បវេណី​នៅក្នុង​ករណី 1MDB ។​

អតីត​នាយករដ្ឋមន្ត្រី Najib ដែល​បាន​បង្កើត 1MDB គឺជា​ប្រធានបទ​នៃ​ការស៊ើបអង្កេត​អំពី​ការលាង​លុយកខ្វក់​។ ទោះជា​យ៉ាងណាក៏ដោយ លោក Najib បាន​បដិសេធ​ការធ្វើ​ខុស​ណាមួយ​។​

នៅក្នុង​ការអត្ថាធិប្បាយ​យ៉ាង​ទូលំទូលាយ​បំផុត​របស់គាត់​ពាក់ព័ន្ធ​រឿងអាស្រូវ 1MDB, លោក Najib បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​សប្តាហ៍​មុន​ថា គាត់​មិន​បានដឹង​ទេ​ថា​លុយរាប់​រយ​លាន​ដុល្លារ​ដែល​បាន​ផ្ទេរ​តាមរយៈ​គណនី​ផ្ទាល់ខ្លួន​របស់គាត់​គឺ​មកពី 1MDB ៕ REUTERS

[caption id="attachment_935573" align="aligncenter" width="700"]  [/caption]

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu