Ad Code

Cambodia’s Got Talent រដូវ​កាល​ថ្មី នឹង​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២



ភ្នំពេញ​ ៖ កម្មវិធី​ប្រឡង​ទេពកោសល្យ និង​សមត្ថភាព​លំដាប់​ពិភពលោក Cambodia’s Got Talent ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន Guinness World Records និង​ជា​កម្មវិធី​ទូរទស្សន៍ franchise ដ៏​មាន​ភាពជោគជ័យ​បំផុត​នៅក្នុង​ពិភពលោក​បាន​ត្រឡប់​មកវិញហើយ។​

កម្មវិធី Cambodia’s Got Talent ដែលមាន​១៣ វគ្គ​នេះ ​នឹងត្រូវ​ធ្វើឡើង​នៅ​សាល​មហោស្រព​ដ៏​ធំ​សម្បើម​ចាប់ពី​ថ្ងៃទី​២៦ ​ខែ​មិថុនា​នេះ ​គឺ​សាល​មហោស្រព NABA ដែល​ស្ថិតនៅ​ក្នុង​ណាហ្គា​ទី ២! អ្នក​ដែល​ឈ្នះ នឹង​ទទួល​បាន​រង្វាន់​ដែល​មាន​ទឹកប្រាក់ ១០០ លាន​រៀល និង​ក្លាយ​ជា​សិល្បករ ឬ​សិល្បការិនី​ប្រចាំ​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែមិថុនា ​នៅ NABA ដែលជា​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​និង​ជាទី​តាំង​ផ្លូវការ​នៃ​កម្មវិធី Cam bodia’s Got Talent លោក Sean Kneale ដែលជា​ទីប្រឹក្សា​ប្រតិបត្តិ​នៃ​កម្មវិធី Got Talent ពិភពលោក បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​អនុញ្ញាត​ឲ្យ​យើង​ដំណើរការ និង​ថត​នៅក្នុង​សាល​មហោស្រព NABA ដ៏​អស្ចារ្យ​នេះ​! ខ្ញុំ​បាន​ទៅ​សាល​មហោស្រព​ជាច្រើន​ជុំវិញ​ពិភពលោក ហើយ​សាល​មហោស្រព NABA គឺជា​សាល​មហោស្រព​លំដាប់​ពិភពលោក​ពិតៗ​”។

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​ក្រុមហ៊ុន​ហង្ស​មាស​លោក អ៊ឹង សុខលី បាន​ឲ្យ​ដឹងថា “​សា​ល​ម​ហោស្រព NABA​ដ៏​ធំ​នេះ​បាន​ក្លាយជា​ទីកន្លែង​សម្រាប់​ការសម្តែង​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចាប់តាំងពី​បាន​បើកសម្ពោធ​កាលពី​ចុង​ឆ្នាំមុន។ ប្រព័ន្ធ​សំឡេង និង​ភ្លើង​ដ៏​ទំនើប​ព្រមទាំង​ទីតាំង​យុទ្ធសាស្ត្រ​របស់ NABA បានធ្វើ​ឲ្យ NABA ក្លាយ​ជា​ទីតាំង​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​កម្មវិធី​ Cambodia’s Got Talent ​នេះ​”។

នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លោក Mike Ngai បាន​មានប្រសាសន៍ថា “​យើង​មាន​មោទនភាព​យ៉ាងខ្លាំង​ដែល​សាល​មហោស្រព NABA របស់​យើង​នឹង​ក្លាយ​ជា​ទីតាំង​ផ្លូវការ​នៃ​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី ២ នេះ។ ក្នុងនាម​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​លំដាប់​កំពូល​មួយ​ប្រចាំ​តំបន់ យើង​តែងតែ​ទន្ទឹង​រង់ចាំ​សហការ​ជា​ដៃគូ​ដ៏​ល្អ​បែបនេះ ​ខណៈ​វា​នឹង​ផ្តល់នូវ ឱកាស ដ៏​ល្អ​ស​ម្រាប់ អ្នក​ដែលមាន​សមត្ថភាព​អាច​បង្ហាញ​ទេពកោសល្យ​ពិសេស​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ​” ។

វគ្គ​audition​ដែលមាន ៦ ថ្ងៃ​ជាប់ៗ​គ្នា នឹង​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព NABA ពីថ្ងៃ​ទី ២៦ ខែមិថុនា​រហូតដល់​ថ្ងៃទី ១ ខែកក្កដា។ អ្នក​ប្រកួត​ទាំងអស់ ត្រូវ​បង្ហាញ​ទេពកោសល្យ និង​សមត្ថភាព​របស់ខ្លួន​ដើម្បី​ឈានទៅ​វគ្គ​បន្ទាប់​! កម្មវិធី​នេះ បើក​ឲ្យ​សាធារណជន​ទូទៅ​អាច​ចូល​ទស្សនា​ដោយ​សេរី​! សូម​ចូលរួម​ធ្វើជា​សាក្សី និង​ទះដៃ​អបអរ​ដល់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​អ្នក​ពេញចិត្ត​ដើម្បី​ឲ្យ​ពួកគាត់​អាច​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​! កម្មវិធី​នេះ មានការ​ចូលរួម​អត្ថាធិប្បាយ​ពី​ពិធីករ​វោហារ​មិនចេះ​រីងស្ងួត លោក​ជា វិបុល និង​លោក​សាន វិសាល ចំណែក​គណៈកម្មការ រួមមាន​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ អ្នកនាង ខាត់ សុ​ឃីម និង​កំពូល​តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រឹម។
NABA មាន​កៅអី​សរុប ២,០០០ សម្រាប់​វគ្គ audition នីមួយៗ​! មក​មុន បាន​មុន ចាប់ពី​ម៉ោង ១ រសៀល​រហូតដល់​ម៉ោង ៩ យប់​រៀងរាល់ថ្ងៃ ពីថ្ងៃ​ទី ២៦ មិថុនា ដល់​ថ្ងៃទី ១ កក្កដា​នៅ​សាល​មហោស្រព NABA ។ សាល​មហោស្រព NABA មាន​ទីតាំងនៅ​ជាន់​ទី ២ ណាហ្គា​ទី ២ ទល់មុខ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​អន្តរជាតិ 2Pangea ។ លោកអ្នក អាច​ចត​រថយន្ត​នៅ​អាគារ​សណ្ឋាគារ​ណាហ្គា​ទី ២ ដោយ​ឥតគិតថ្លៃ ។

១៣ វគ្គ​ផ្សេងទៀត​នៃ​រដូវ​កាល​នេះ នឹងត្រូវ​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​រៀងរាល់ថ្ងៃ​អាទិត្យ​នៅ​ម៉ោង ៨ យប់ ចាប់ពី​ថ្ងៃទី ១២ សីហា រហូតដល់​ថ្ងៃទី ៤ ខែវិច្ឆិកា​ដែលមាន​ការផ្សាយ​វគ្គ audition វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ។ សូម​តាមដាន និង​ជួបគ្នា​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២។​

គួរ​បញ្ជាក់ថា ​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ហាង​លក់ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu