អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃចន្ទថា ពួកគេគិតថា ពួកគេបានរកឃើញទីតាំងនៃស្រឡាងផ្ទុកលើសចំណុះមួយគ្រឿងដែលលិចចូលក្នុងបាតបឹងមួយហើយ និងនាំឲ្យមានការសន្មតថា អ្នកដែលបាត់ខ្លួនទាំងនោះប្រហែលជាស្លាប់បាត់ហើយ។
ការរកឃើញនេះអាចជារបកគំហើញដ៏សំខាន់មួយក្នុងការស្វែងរកស្រឡាងដែលលិចកាលពីថ្ងៃចន្ទមុនក្នុងបឹង Toba ដែលជាទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតមួយលើកោះស៊ូម៉ាត្រា។
លោក Muhammad Syaugi ប្រធានភ្នាក់ងារជួយសង្គ្រោះនិងស្វែងរកជាតិបាននិយាយថា វត្ថុមួយដែលមានបណ្តោយប្រវែង២០ម៉ែត្រទទឹងប្រាំម៉ែត្រត្រូវបានគេរកឃើញនៅជម្រៅ៤៥០ម៉ែត្រកាលពីថ្ងៃអាទិត្យ។ លោកបានប្រាប់ AFP ថា “រូបរាងរបស់វាគឺដូចជានាវា”។
ទោះបីជាយ៉ាងណាក៏ដោយ ការវិភាគបន្ថែមទៀតនឹងត្រូវបានទាមទារដើម្បីបញ្ជាក់ថាតើវាជាស្រឡាងដែលលិចមែនឬក៏មិនមែន។
បឹង Toba គឺជាបឹងមួយក្នុងចំណោមបឹងជ្រៅបំផុតនៅលើពិភពលោកដែលមានជម្រៅប្រហែល៥០០ម៉ែត្រ។ ដោយសារតែជម្រៅរបស់វា ក្រុមរុករកនឹងប្រើយានក្រោមទឹកបញ្ជាដោយតេឡេ ដើម្បីជួយកំណត់អត្តសញ្ញាណវត្ថុ។
អ្នកដំណើរចំនួនបីនាក់ត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះខណៈអ្នករស់រានមានជីវិតមានចំនួន១៨នាក់។ ការប៉ាន់ប្រមាណជាផ្លូវការបានបង្ហាញថា មនុស្សចំនួន១៩៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយក្នុងនោះរាប់បញ្ចូលទាំងកុមារផងដែរ។
ក្រុមមន្ត្រីបាននិយាយថា ស្រឡាងឈើបែបប្រពៃណីនេះអាចដឹកអ្នកដំណើរលើសសមត្ថភាពរបស់ខ្លួនរហូតដល់ទៅ៥ដងឯណោះរួមជាមួយនឹងម៉ូតូរាប់សិបគ្រឿងផងដែរ។
ស្រឡាងនេះត្រូវបានគេជឿថាកំពុងប្រតិបត្តិការដោយខុសច្បាប់និងគ្មានការអនុញ្ញាតហើយអាជ្ញាធរកំពុងព្យាយាមដើម្បីបញ្ជាក់ពីចំនួនមនុស្សពិតប្រាកដនៅលើនោះនៅពេលដែលវាបានលិចក្នុងអាកាសធាតុអាក្រក់។
ប្រធានប៉ូលិសជាតិលោក Tito Karnavian បាននិយាយថា ជនសង្ស័យចំនួន៤នាក់ត្រូវបានចុចឈ្មោះរួមទាំងកាពីតែនស្រឡាងក៏ដូចជាមន្ត្រីជាន់ខ្ពស់៣នាក់នៅកំពង់ផែ Simanindo ផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments