ភ្នំពេញ ៖ ទីតាំងជល់មាន់មួយកន្លែងស្ថិតក្នុងដីឡូត៍គ្មានលេខក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចុះទៅបង្ក្រាប តែលទ្ធផលគឺចាប់បានមាន់ជល់៤ក្បាល ម៉ូតូកញ្ចាស់២គ្រឿង និងសម្ភារៈជាច្រើន ទាក់ទិននឹងការភ្នាល់។
តាមប្រភពពីលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី២៤ ខែមិថុនានេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ បានចុះទៅបង្ក្រាបទីតាំងជល់មាន់នៅចំណុចដីឡូត៍គ្មានលេខភូមិតាព្រហ្ម សង្កាត់ព្រែកឯង ប៉ុន្តែពេលចុះទៅដល់ក្រុមអ្នកលេងបានរត់គេចអស់បន្សល់ទុកមាន់ជល់ចំនួន៤ក្បាល កន្ត្រកដាក់មាន់ចំនួន១០ ម៉ូតូចាស់ចំនួន២គ្រឿងមួយគ្រឿងម៉ាកគុប៧០ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1H 40 93 និងម៉ូតូCD មួយគ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ1FD 31 66។
លោកអធិការរងបានឲ្យដឹងថា ទីតាំងជល់មាន់នេះ ទើបតែបើកលេងរាល់ចុងសប្តាហ៍ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ភ្លាម កម្លាំងនគរបាលចុះទៅលឿនដែរ តែអ្នកលេងដឹងមុនបានគេចខ្លួនអស់។ ចំពោះសម្ភារៈ ដែលដកហូតគឺត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments