ព្រះសីហនុ ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីតំណាងសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បានចុះធ្វើការត្រួតពិនិត្យកន្លែងលក់ដូរម្ហូប អាហារសមុទ្រនៅផ្សារលើក្រុងព្រះសីហនុ និងផ្សារមួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ ដោយការពិនិត្យនេះ ផ្ដោតជាសំខាន់ទៅលើសារជាតិគីមីហាមឃាត់ ដាក់ក្នុងម្ហូបអាហារ សមុទ្រក្លាស្សេ បន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដែលបងប្អូនអាជីវករកំពុងដាក់តាំងលក់។
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុបញ្ជាក់ឲ្យដឹងថា កន្លងមកការចុះត្រួតពិនិត្យបានរកឃើញនូវសារធាតុគីមីនៅក្នុងម្ហូបអាហារក្លាស្សេដូចជាបង្គា និងមឹកស្រស់ជាដើម ដែលអាជីវករដាក់លាយបំណងរក្សាទុកផលិតផលក្លាស្សេឲ្យបានយូរ ហើយបញ្ហានេះដើម្បីការពារសុខភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានចុះអប់រំធ្វើកិច្ចសន្យាអោយអាជីវករបញ្ឈប់ការដាក់លាយសារធាតុគីមីហ្វ័រម៉ុលក្នុងផលិតផលម្ហូបអាហារសមុទ្រជាបន្ដទៀត។ ប៉ុន្តែសម្រាប់ការចុះត្រួតពិនិត្យលើកនេះ មន្ត្រីសាខាកាំកុងត្រូលមិនរកឃើញអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលរកមិនឃើញការដាក់សារជាតិគីមីនោះឡើយ។ នេះសរបញ្ជាក់ឲ្យឃើញថា បងប្អូនអាជីវករពួកគាត់មានការយល់ដឹងបានច្បាស់លាស់ពីផលប៉ះពាល់សុខភាពមនុស្សទូទៅ។ តែទោះជាយ៉ាងណាក្តីមន្ត្រីកាំកុងត្រូលនៅតែធ្វើការណែនាំទៅដល់បងប្អូនជាអាជីវករទាំងអស់ឲ្យមានការយល់ដឹងបន្ថែមទៀត និងរួមគ្នាលុបបំបាត់ឲ្យបានទាំងស្រុងនូវការដាក់សារធាតុគីមីអ្វីនៅក្នុងផលិតផលម្ហូបអាហារនៅផលិតផលខូចគុណភាពប្រើប្រាស់។
លោក ម៉ាង ស៊ី ណេត ប្រធាន សាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានមានប្រសាសន៍ បញ្ជាក់ថា សុខភាពប្រជាជនទាំងកម្លាំងកាយ និងប្រាជ្ញាគឺជាកត្តាអាទិភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយ ការជ្រើសរើសអាហារដែលមានសុវត្ថិភាពមកបរិភោគគឺជាបញ្ហាសំខាន់ ដូចនេះ ដើម្បីចូលរួម ចំណែកក្នុងចលនា បង្កើនសុវត្ថិភាពចំណីអាហារក្នុងខេត្តផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផង សូមបងប្អូន អាជីវករទាំងអស់ រួមនឹង ម្ចាស់ អាហារដ្ឋាននានា សូមរួមគ្នា លុបបំបាត់ និងលក់ដូរ តែផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ គ្មានសារធាតុគីមី ធានាបានសុវត្ថិភាព សុខុមាលភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពីព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវ បានចាប់អារម្មណ៍ពីអ្នកវិនិយោគ និងទេសចរ ដែលទាមទារឲ្យយើងធានាបាននូវសុវត្ថិភាព ចំណីអាហារ បន្លែ ផ្លែឈើគ្មានសារធាតុគីមី៕
Source: Kampuchea Thmey Daily
0 Comments