Ad Code

កម្ពុជា​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​មួយ​ឆ្នាំ



ភ្នំពេញ​ ៖​ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​មួយឆ្នាំ (២០១៩) ដោយ​សំឡេងគាំទ្រ​ចំនួន​១៨៣ លើ​១៨៨ ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​យក សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ថ្មី​មួយទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ធ្វើជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើ​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ រួមជាមួយ​ប្រទេស​ចំនួន​១៥ ផ្សេងទៀត និង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

តាម​ក្រសួងការបរទេស ក្នុងឋានៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ ទី​១, ចូលរួម​ពិភាក្សា និង​ផ្តល់យោបល់​លើ​ការ​ជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការ​រីកចម្រើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍន៍​។ ទី​២, ចូលរួម​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ​។ ទី​៣, ចូលរួម​ជំរុញ​ដំណោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ សុខាភិបាល​សង្គម​។ ទី​៤, ចូលរួម​ជំរុញ​ការគោរព​ជាស​កល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។​

ជាមួយគ្នា​នោះ ក្រសួងការបរទេស​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​១៨៣ ដែល​បាន​បោះឆ្នោត​គាំទ្រ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​តួនាទី​ដ៏​សំខាន់​នេះ​។​

សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន​១៥​ផ្សេងទៀត មកពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន រួមជាមួយ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៃ​សម័យប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សំរាប់​អាណត្តិ​ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។​

ក្រសួងការបរទេស​បញ្ជាក់​ថា “​ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន​។ លើសពីនេះ​ទៀត កម្ពុជា​ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ​ដូចជា​ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំណុច​ពិភាក្សា ផ្តល់​អនុសាសន៍​ដល់​​មហាសន្និបាត និង​ជួយ​ដល់​ប្រធាន​និង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ហើយ​និង​ក្នុង​ការងារ​ទូទៅ​របស់​មហាសន្និបាត​។​

គួរកត់សម្គាល់​ដែរ​ថា កម្ពុជា​ត្រូវបាន​ជ្រើសតាំង​លើកដំបូង​ជា​អនុប្រធាន​នៃ​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu