តាកែវ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានប៉ូលិសស្រុកបាទីចាប់ឃាត់ខ្លួនជាមួយនឹងវត្ថុតាងបញ្ជូនឡើងតុលាការ ក្រោយទទួលបានព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋាន។
ហេតុការណ៍បង្ក្រាបករណីជួញដូរសារធាតុញៀននេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង២០នាទី ដោយកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានប្រាប់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដោយជាប់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង០៣នាក់នោះមាន ៖ ទី១ឈ្មោះ ផេង សេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ទី២ឈ្មោះ ឈឺន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី។ ទី៣ឈ្មោះ រឹម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤១កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments