ភ្នំពេញ ៖ បុរសប្រមឹកម្នាក់ ខឹងខ្ចីលុយឪពុកមាជនរងគ្រោះមិនបាន ក៏ប៉ុនប៉ងចូលទៅចាប់នាងក្មួយរំលោភ តែមិនបានសម្រេចនោះទេ ដោយបានឪពុកមា និងម្ដាយមីងរបស់នាងជួយទាន់ ហើយក៏ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ពៅ ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុមានស្រុកកំណើតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ សុំមិនប្រាប់ឈ្មោះទើបនឹងមានអាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកគីរីវង់ខេត្តតាកែវ។
បើតាមសំដីយុវតីរងគ្រោះបាននិយាយថា រូបគាត់ត្រូវបានឪពុកម្ដាយជួលបន្ទប់ឲ្យស្នាក់នៅក្បែរឪពុកមាម្ដាយមីងរបស់នាង ដោយស្នាក់នៅពីរនាក់ប្អូនប្រុសអាយុ៨ឆ្នាំម្នាក់ ហើយឪពុកម្ដាយនាងទៅធ្វើការនៅខេត្តផ្សេង។ នៅមុនពេលកើតហេតុ រូបនាងបានបានចូលដេកដោយចាក់គន្លឹះទ្វារជាធម្មតាដោយបើកភ្លើង បន្ទាប់មកនាងបានមើលទូរស័ព្ទ រហូតជិតពាក់កណ្តាលអធ្រាត្រទើបនាងដេកលក់ តែបន្ទាប់ពីដេកលក់មួយភាំងនាងបានដឹងខ្លួនឡើងវិញ ស្រាប់តែឃើញភ្លើងបិទ ហើយឃើញជនសង្ស័យយកខ្នើយមកខ្ទប់មាត់នាងកុំឲ្យស្រែក ប៉ុន្តែនាងចេះតែខំស្រែកទោះបីមិនបានឮខ្លាំង ក៏បានឮសំឡេងខ្លះចេញទៅក្រៅដែរ។
បើតាមប្រភពពីឪពុកមារបស់នាងឈ្មោះ ប៉ុល ចន្ថា មុខរបរលក់ស្រារស់នៅបន្ទប់ជួលជិតគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៤ទៅ៥ល្ងាចជនសង្ស័យខាងលើបានមកទិញស្រាគាត់មួយលីត្រ តែជំពាក់មិនឲ្យទាន់ឲ្យលុយ ហើយថែមទាំងហ៊ានខ្ចីលុយគាត់មួយម៉ឺនរៀលទៀត តែគាត់មិនអោយ លុះនៅវេលាម៉ោងកើតហេតុខាងលើ ដោយប្រពន្ធរបស់គាត់ឮសូរសម្រែកនៅក្នុងបន្ទប់របស់ក្មួយហាក់ដូចមានអ្វីម្យ៉ាង ដោយមានការសង្ស័យពួកគាត់ពីរនាក់ប្ដីប្រពន្ធក៏ស្ទុះចូលទៅមើលស្រាប់តែឃើញជនសង្ស័យនៅក្នុងបន្ទប់ក្មួយស្រីគាត់ តែមិនទាន់បានរំលោភឡើយ គ្រាន់តែទើបយកខ្នើយខ្ទប់មាត់តែប៉ុណ្ណោះ។
បើតាមសម្ដីជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ គាត់បានខ្ចីលុយ ឪពុកមារបស់នាងមែន តែគាត់មិនឲ្យ ដោយខឹងពេក លុះម៉ោងកើតហេតុបានទៅធាក់ទ្វារ ឪពុកមាដែលលក់ស្រាចំនួនមួយជើង ហើយនិយាយថាគ្រាន់តែលុយ 10000រៀល ក៏ខ្ចីមិនបានដែរ បន្ទាប់មកគាត់បានដើរទៅបន្ទប់នារីរងគ្រោះខាងលើ ដោយធាក់ទ្វារនារីរងគ្រោះ ចំនួន ២ ជើង បណ្ដាលឲ្យរបូតគន្លឹះទ្វារ ហើយបានចូលបន្ទប់នារីរងគ្រោះមែន តែមិនបានធ្វើអីផ្សេងនោះឡើយ។ បន្ទាប់មកស្រាប់តែឪពុកមានិងម្ដាយមីងនារីរងគ្រោះបានមកវាយ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ក្រោយមកឪពុកមា និងម្ដាយមីង បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ហើយសមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments