Ad Code

ស្ថាប័ន គ​.​ជ​.​ប ៖ ការ​មិន​ចូលរួម​សង្កេតការណ៍​របស់​អង្គការ សមាគម មួយចំនួន​នោះ មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ទេ



ភ្នំពេញ ​៖ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា បើ​ទោះបី​ជា​មិន​មាន​អង្គការ សមាគម ក្រៅ​រដ្ឋាភិបាល​មួយចំនួន ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ពេល​ខាងមុខនេះ ក៏​មិនមាន​ផល​អ្វី​ប៉ះពាល់ ទៅដល់​ដំណើរការ ឬ​ ភាព​ត្រឹមត្រូវ​នៃ​ការបោះឆ្នោត​នោះ​ទេ ហើយ​ដំណើរការ​នេះ នឹង​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គឺ​បន្ទាប់ពី​មាន​អង្គការ​មួយចំនួន​តូច​បាន​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ជាពិសេស​អង្គការ​តម្លាភាព​កម្ពុជា របស់​លោក ព្រាប កុល ដែល​ទើប​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍ កាលពី​ថ្ងៃទី​២០ ខែមិថុនា ថ្មីៗ​នេះ​។

ទាក់ទង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា បាន​អះអាង​ថា មកដល់ពេលនេះ គ​.​ជ​.​ប បាន​ទទួល​ស្គាល់​អង្គការ សមាគម​ចំនួន​៦០​ហើយ ដោយមាន​អ្នកសង្កេតការណ៍​ជាង​៣៤០០០​នាក់ ហើយ​កំពុងតែ​ពិនិត្យ​អង្គការ សមាគម​ចំនួន​៤២​ទៀត ដែល​បាន​ដាក់​ពាក្យ​មក គ​.​ជ​.​ប សុំ​ចុះបញ្ជី​អ្នកសង្កេតការណ៍​ជាង​៧​ពាន់​នាក់​ទៀត​។

លោក​បន្ត​ថា នេះ​បញ្ជាក់​ឲ្យ​ឃើញថា ទោះបីជា​មិន​មាន​អង្គការ​ខ្លះ មិន​ចូលរួម​សង្កេតការណ៍​ក៏ដោយ ប៉ុន្តែ​មាន​អង្គការ​ជាច្រើន​បាន​ចូលរួម​សង្កេតការណ៍​។

តាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប ចាត់ទុកថា អ្នកសង្កេតការណ៍​ជា​ភាគី​ពាក់ព័ន្ធ​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ឆ្លុះបញ្ចាំង​នៃ​ដំណើរការ​បោះឆ្នោត​។ គ​.​ជ​.​ប ទទួលយក​ការ​តិះ​ទៀន ដើម្បី​ស្ថាបនា ប៉ុន្តែ​ក៏​មិន​ទទួលយក​ការ​តិះ​ទៀន​ណាមួយ តាម​បែប​ការ​ផ្តួលរំលំ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ ហើយ​ក្នុងនាម​ស្ថាប័ន​ទទួលខុសត្រូវ​ការ​បោះ​ឆ្នោត​នៅតែ​បន្ត​ស្វាគមន៍​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងទៀត ដែល​មិនទាន់​ដាក់ពាក្យ ហើយ​គ​.​ជ​.​ប នៅ​ទទួល​រហូតដល់​ថ្ងៃទី​២៥ ខែកក្កដា​។

លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ ស្ថានទូត​ចំនួន​២ បាន​ដាក់​អ្នកសង្កេតការណ៍​ឃ្លាំមើល​ការ​បោះឆ្នោត គឺ​មាន​ស្ថានទូត​ចិន និង​មីយ៉ាន់​ម៉ា ហើយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កាលពី​ថ្មីៗ​នេះ បាន​បញ្ជាក់​ដែរ​ថា នឹង​បញ្ជូន​អ្នកសង្កេតការ​ណ៍​ពីរ​ក្រុម​មក​សង្កេត​ការ​ណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ ២០១៨ ខាងមុខនេះ​ផង​ដែរ ហើយ​តាម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា លោក SUDIRMAN Haseng បាន​អះអាង​នៅក្នុង​ជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា អ្នកសង្កេតការណ៍​ចំនួន​ពីរ​ក្រុម​នោះ ក្រុម​ទី​១ ដឹកនាំ​ដោយ​ឥស្សរជន​ជាន់ខ្ពស់​របស់​ឥណ្ឌូណេស៊ី និង​ក្រុម​ទី​២ ដឹកនាំ​ដោយ​អ្នកការទូត​ជាន់ខ្ពស់​របស់​ឥណ្ឌូណេស៊ី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu