ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តតាក់ស៊ី បុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នោះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ គ្មានករណីអ្វីផ្សេងនោះទេ។
ការចេញមកបញ្ជាក់របស់អគ្គស្នងការរងនគរបាលជាតិនេះ គឺបន្ទាប់ពីមានអ្នកនយោបាយខ្លះ និងមជ្ឈដ្ឋានមួយចំនួន រួមទាំងបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងផ្សេងៗគ្នា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ហើយជាពិសេសមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺលោក យូ ហុកគ្រី បានសំណូមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ពីព្រោះករណីគ្រោះថ្នាក់នេះ បានកើតឡើងចំនួនបីដងផ្ទួនៗគ្នាលើសម្តេចក្រុមព្រះ និងអ្នកម្នាង។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ថា ករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា កាលពីថ្ងៃទី១៧ ខែមិថុនា គឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ និងមិនមែនជាករណីអ្វីផ្សេងក្រៅពីនេះទេ។ ជាមួយគ្នានេះ លោកបានបដិសេធចំពោះព័ត៌មានទាំងឡាយណា ដែលលើកឡើងមិនត្រឹមត្រូវ។ ពីព្រោះផ្អែកតាមការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយឈ្មោះ ម៉ិល សារ៉េត ដែលជាអ្នកបើកបរតាក់ស៊ី។
តាមលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅពេលកើតហេតុ រថយន្តតាក់ស៊ីបានបើកបរក្នុងល្បឿនលឿន វ៉ាជែងរថយន្តមួយគ្រឿងម៉ាក RX-300 ហើយក៏បានជ្រុលចង្កូតទៅបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែម្តង។ ចំណែកអ្នកបើកបរ បានសារភាពថា ពិតជាបានបើកបរក្នុងល្បឿនលើសកំណត់ វ៉ាជែង ក្នុងល្បឿន១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
លោកបញ្ជាក់ថា រថយន្តតាក់ស៊ីដែលបុកព្រះទីនាំងសម្តេចក្រុមព្រះ គឺល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨៣ និងមាត្រា៨៥ និងផ្ទុកមនុស្សលើសកំណត់ (សរុបមនុស្សក្នុងរថយន្តតាក់ស៊ី៧នាក់ រួមទាំងអ្នកបើកបរ)។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រៀបរាប់ថា តាមរបាយការណ៍ស្រាវជ្រាវ ចាប់ពីថ្ងៃទី១៧ រហូតមកដល់ថ្ងៃទី២១ ខែមិថុនា ទទួលបានលទ្ធផលបឋម គឺរថយន្តហាយឡេនឌ័រដែលពាក់ស្លាកលេខភ្នំពេញ 2L-9667 ជារថយន្តឈ្នួលដឹកនាំអ្នកដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ បើកបរដោយឈ្មោះ ម៉ិល សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ គឺបានដឹកអ្នកដំណើរចំនួន៦នាក់ សរុបទាំងអ្នកបើកបរមានចំនួន៧នាក់ គឺផ្ទុកលើសកំណត់ ជាមូលហេតុចម្បងមួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។ នៅពេលបើកចេញពីខេត្តព្រះសីហនុ ម៉ិល សារ៉េត បានបើកបរក្នុងល្បឿនយ៉ាងលឿន និងមានប្រតិកម្មពីអ្នកជិះ សំណូមពរបើកក្នុងល្បឿនយឺត ក្នុងកុំឲ្យដាក់អ្នកដំណើរនៅគាបនឹងខ្លួន ប៉ុន្តែឈ្មោះ ម៉ិល សារ៉េត មិនស្តាប់នោះទេ។ ក្នុងល្បឿនបើកបរយ៉ាងលឿននេះ នៅពេលដែលដល់កន្លែងកើតហេតុ ឈ្មោះ ម៉ិល សារ៉េត បានបើកវ៉ាជែងរថយន្តលុចស៊ីស RX300 មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ក្នុងឱកាសវ៉ាជែងនេះ ក្បួនព្រះទីនាំងរបស់សម្តេចក្រុមព្រះក៏មកដល់ ធ្វើឲ្យម៉ិល សារ៉េត កាន់តែបង្កើនល្បឿនលឿន ហើយគេចទៅស្តាំដៃ បន្ទាប់មកបានគេចមកឆ្វេងវិញ ហើយបានបុកជាមួយព្រះទីនាំងរបស់សម្តេចក្រុមព្រះ ដែលកំពុងតែធ្វើចរាចរណ៍ទល់មុខគ្នាយ៉ាងពេញទំហឹងតែម្តង។
សូមបញ្ជាក់ថា ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង៩ព្រឹក នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ហើយបានបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់នៅរសៀលថ្ងៃដដែល។
លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះ ភាគីរថយន្តឈ្នួលហាយលែនឌើ រងរបួស៥នាក់ ហើយកាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ដែលកាលនោះ អ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments