កីឡាករ Befolo Mbarga Privat សញ្ជាតិកាម៉េរ៉ូន ដែលកំពុងឈរលើគេក្នុងបញ្ជីកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំសប្ដាហ៍ទី១០ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 កំពុងតែនៅស្រពិចស្រពិលពីអនាគតរបស់ខ្លួនជាមួយក្រុមអាស៊ីអឺរ៉ុប ខណៈមានក្លិបមួយចំនួនកំពុងតាមចរចា។
យោងតាមការឲ្យដឹងរបស់សាមីខ្លួនបានបញ្ជាក់ថា «ខ្ញុំមិនទាន់ច្បាស់ពីការផ្លាស់ប្តូរក្លិបឬយ៉ាងណានោះទេ ព្រោះថាអ្វីៗមួយចំនួនកំពុងចចារនៅឡើយ។ ម្យ៉ាងលីគកំពូលកម្ពុជា នៅសល់ពេលប្រមាណមិនដល់១០ថ្ងៃទៀតទេ នឹងបិទទ្វារនៃការដោះដូរកីឡាករហើយ។ សម្រាប់ខ្ញុំមានក្លិបមួយចំនួនតាមទាក់ទងទាំងក្នុង និង នៅក្រៅប្រទេស ប៉ុន្តែអ្វីៗនៅមិនទាន់ច្បាស់»។ កីឡាកររូបនេះមានកូនចិត្តចង់រក្សាតំណែងកំពូលតារាងក្នុងបញ្ជីកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ដើម្បីឈ្នះស្បែកជើងមាសប្រចាំរដូវកាលផងដែរ។
ចំណែកលោក សុក វាសនា គ្រូបង្វឹករបស់ក្រុមអាស៊ីអឺរ៉ុប បានអះអាងដូចគ្នាដែរពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះពោលគឺនៅសប្ដាហ៍ក្រោយទើបដឹងច្បាស់។ យ៉ាងណាលោកក៏មានការបារម្ភនៅតំបន់ប្រយុទ្ធនាពេលបច្ចុប្បន្នព្រោះថា ក្រោយការចាកចេញរបស់កីឡាករនីហ្សេរីយ៉ា Okereke Timothy Chimerie ផ្ទេរទៅកាន់លីគលំដាប់ទី២របស់ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗ និងដំណឹងមិនច្បាស់លាស់របស់កីឡាករ Privat។ នៅពេលនេះលោកកំពុងសម្លឹងមើលកីឡាករបរទេសបន្ថែមទៀតនៅតំបន់ប្រយុទ្ធដើម្បីបង្ហាញឥទ្ធិពលនៅប្រកួតប៉ុន្មានលើកដើមរដូវកាលនេះ។
ចំពោះកីឡាករ Privat ជាខ្សែប្រយុទ្ធឆ្នើមម្នាក់កំពុងរកគ្រាប់បាល់បាន១៥ គ្រាប់ច្រើនជាងកីឡាករដទៃ ហើយគ្រាប់បាល់ដែលរូបគេទាត់បញ្ចូលទីគូប្រកួតមានទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ បឹងកេត និងព្រះខ័នរាជស្វាយរៀង ២គ្រាប់ អង្គរថាយហ្គឺរ,វិសាខា,អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួងការពារជាតិ និងសូលទីឡូអង្គរ ១គ្រាប់ៗគ្រប់ក្រុម។ កីឡាកររូបនេះធ្លាប់ប្រកបអាជីពនៅក្លិបវេស្ទើនភ្នំពេញ ណាហ្គាវើល អាស៊ីអឺរ៉ុបជាដើម៕
Source: Kampuchea Thmey Daily
0 Comments