Ad Code

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចាត់ទុក​កុមារ គឺជា​ធនធានមនុស្ស​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត



ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ចាត់ទុកថា កុមារ​គឺជា​ធនធានមនុស្ស​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត។ ដូច្នេះ​ដើម្បី​ឲ្យ​ធនធានមនុស្ស​ប្រកបដោយ សក្ដានុពល ការផ្តល់​ការ​ការពារ និង​អភិវឌ្ឍ​កុមារ​គឺជា​ភារកិច្ច​យ៉ាង​សំខាន់ ​ដែល​តម្រូវ​ឲ្យ​មានការ​អនុវត្ត​តាម​បែប​ពហុ​វិស័យ​បញ្ចូល​គ្នា ហើយ​សកម្មភាព​អាទិភាព​ទាំងឡាយ ដែល​ត្រូវអនុវត្ត​រួមមាន ការងារ​រៀបចំ​ក្របខ័ណ្ឌ​គតិយុត្តិ ការកែលម្អ​យន្តការ​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​ការអភិវឌ្ឍ​សមត្ថភាព ការពង្រីក​សេវា​អប់រំ ការ​ការពារ និង​ថែទាំ​សុខភាព​ដល់​កុមារ ការអប់រំ​មូលដ្ឋាន​ឲ្យ​បាន​ទាន់​ពេលវេលា​ដល់​កុមារ ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​រងគ្រោះ កុមារ​ងាយ​រងគ្រោះ​និង​កុមារ​ដែលមាន​ជីវភាព​ក្រីក្រ។



ប្រសាសន៍​ខាងលើ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​សារលិខិត​របស់​សម្តេច ក្នុង​ឱកាស​អបអរសាទរ​ខួប​លើក​ទី ៦៩ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​១០៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ ២០១៨។ ក្នុង​សារលិខិត​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដ​ល់​ទៅ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​សកម្មភាព​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ស្ដីពី​បរិយាកាស​ដែល​មាន​សុវត្ថិភាព និង​សន្តិសុខសម្រាប់​កម្មករ​ទាំងអស់​ត្រឹម​ឆ្នាំ​២០៣០​និង​គោលដៅ​ស្ដីពី​ការបញ្ចប់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥​។



ជាមួយគ្នា​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ចំនួន ៧ ចំណុច​ទៅដល់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ដល់​កុមារ រួមមាន​៖ ទី​១-​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ត្រូវ​បន្ត​ដឹកនាំ​ចាត់ចែង​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​និង​ពង្រឹង​ការអនុវត្តន៍​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​និង​ការ​ការពារ​កុមារ​ជាមួយ​ក្រសួង​ស្ថាប័ន​ដៃ​គូ​អភិវឌ្ឍន៍​សង្គម​ស៊ីវិល ​ប្រកបដោយ​ប្រសិទ្ធភាព​ព្រមទាំង​កសាង​ នូវ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​បន្ថែម ដើម្បី​ឲ្យ​ប្រព័ន្ធ​កិច្ចការពារ​កុមារ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ។ ទី​២- ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន សហគមន៍ និង ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពី​សេស​ពី​វិធាន​ការ​ការពារ​កុមារ ពី​អំពើ​ហិង្សា​គ្រប់​រូបភាព​អប់រំ​កុមារ​ពី​របៀប​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភបំពាន ការ​សម្លុត​គំរាមកំហែង​គ្រប់បែបយ៉ាង នឹង ត្រូវ​ធ្វើ​ឲ្យ​កុមារ​អាច​យល់ដឹង​ពី​វិធី​រាយការណ៍ ដល់ អាជ្ញាធរ ​ឬ ​មនុស្ស​ពេញវ័យ​ដែល​ជា​អ្នក​ថែទាំ​ពី​គេ​អំពី​ការ​រំលោភបំពាន​ដែល​ពួកគេ​តាម​គ្រប់​រូបភាព។



ទី​៣-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​លើកកម្ពស់​ការ​យល់ដឹង និង​ផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅ​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​និង​ពង្រឹង​វិធានការ​អធិការកិច្ច​ពលកម្ម​កុមារ ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ដើម្បី​ជួយសង្គ្រោះ​ពលកម្ម​កុមារ។

ទី​៤-​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ជំរុញ​កុមារ​ដែល​មិនបាន​រៀនសូត្រ ឬ បោះបង់​ការ សិក្សា​ឲ្យ​មានឱកាស​ទទួល​បាន​ការ​អប់រំ​រៀនសូត្រ​តាម​គ្រប់​រូបភាព​ពិសេស​ត្រូវខិតខំ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កុមារ​ដែល​ជា​ជនពិការ​ឲ្យ​ទទួល​បាន​លទ្ធភាព​ក្នុងការ​សិក្សា។

ទី​៥-​បង្កើន​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​អំពើ​រំលោភបំពាន​លើ​កុមារ​និង​ការ​លើកកម្ពស់​ការយល់​ដឹង​ចំពោះ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អំពើ​រំលោភបំពាន និង ផ្ដល់​ភាពខ្លាំង​ក្លាហាន​កុមារ​និង​គ្រួសារ​ក្នុងការ​រាយការណ៍​ពី​ការ​រំលោភបំពាន​នានា។

ទី​៦-​ការ​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សូម​បន្ត ជួយ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​យក​ចិ​ត្ត​ទុក ដាក់ លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​នៅ​កម្ពុជា​ជាពិសេស​ពង្រឹងគុណភាព​នៃ​ការ​ផលិត​កម្មវិធី​សម្រាប់​កុមារ​ប្រកបដោយ​ខ្លឹមសារ​អប់រំ​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​កុមារ​ក្លាយជា​ជនរងគ្រោះ​។

ទី​៧-​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ស្ថាប័នរដ្ឋ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ដៃ​គួរ​អភិវឌ្ឍន៍ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង អន្តរជាតិ​ដើម្បី​លើក កម្ពស់​សេវា​នានា របស់​កុមារ​ដោយ​បន្ត​បង្កើន​ការ​វិនិយោគ​លើ​កុមារ​ដែលជា​តម្រូវការ​ចាំបាច់​បំផុត​របស់​មនុស្ស។

ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​សារលិខិត​អបអរ​ខួប​លើក​ទី ៦៩ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ដែល​បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ​គឺ​បង្ហាញ​អំពី​ឆន្ទៈ​មោះមុត​និង​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​អនុវត្ដ​សិទ្ធិ​កុមារ​ដើម្បី​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​ឲ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​នៃ​កុមារ​នៅ​កម្ពុជា។

រាជរដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ទិវា​កុមារ​ពីរ​ប្រធានបទ​រួមគ្នា​គឺ​ទិវា​កុមារ​កម្ពុជា និង កុមារ​អន្តរជាតិ ១ មិថុនា​ក្រោម​ប្រធានបទ​«​រួមគ្នា​ការពារ​កុមារ ដើម្បី​អភិវឌ្ឍ​គ្រួសារ​និង​សង្គម​» និង ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ មិថុនា ក្រោម​ប្រធានបទ «​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង​ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ​»​។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្ថែម​ថា ​ទិវា​ដ៏​សំខាន់​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​សកម្មភាព ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្ដីពី​បរិយាកាស​ដែល​មាន​សុវត្ថិភាព​និង​សន្តិសុខ សម្រាប់​កម្មករ​ទាំងអស់​ត្រឹម​ឆ្នាំ ២០៣០ និង គោលដៅ​ស្ដីពី​ការ​បញ្ចប់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ​ត្រឹម​ឆ្នាំ​២០២៥​។



សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ព្រះរាជាណាចក្រ​កម្ពុជា កំពុង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សុខសន្តិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​ល្អប្រសើរ​ទូទាំង​ប្រទេស​ដែល​កត្តា​នេះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដែល​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ ដើម្បី​គោលដៅ​កសាង​អនាគត​កម្ពុ​ជាមួយ​ដែល​រុងរឿង ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​គ្រប់​វ័យ និង​គ្រប់​ស្រទាប់វណ្ណៈ។ ជាមួយនឹង​ប្រធានបទ​ដែល​បាន​លើក​ឡើង​ខាងលើ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​បាន​ជំរុញ​ឲ្យ​យើង​ត្រូវ​ខិតខំ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​លើ​ការអនុវត្ត​សិទ្ធិ​ចម្បង​ទាំង​បួន​របស់​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​នោះ​សិទ្ធិ​ទទួល​បាន​ការ​ការពារ​គឺជា​សិទ្ធិ​អាទិភាព​ចម្បង​មួយ​ដើម្បី​ការពារ​កុមារ ឲ្យ​រួច​ផុតពី​ហា​នី​ភ័យ​ផ្សេងៗ ដូចជា​ការរើសអើង ការ​រំលោភបំពាន ការកេងប្រវ័ញ្ច ការ​មិន​យកចិត្តទុកដាក់​ចំពោះ​កុមារ ដែល​មាន​គ្រួសារ​សាច់ញាតិ​និង​កុមារ​ជា​ជន​ចំណាកស្រុក​ជាដើម។

ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​យ៉ាងខ្លាំង​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព និង​សុខភាព​សម្រាប់​កម្មករ​វ័យក្មេង។ ជាពិសេស​ប្រយុទ្ធ​ប្រឆាំងនឹង​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​និង​លុបបំបាត់​រាល់​ទម្រង់​ទាំងអស់​នៃ​ពលកម្ម​កុមារ។ កុមារ​ត្រូវការ​ចាំបាច់​នូវ​កា​អភិវឌ្ឍ​ផ្នែក​រាងកាយ បញ្ញា ស្មារតី និង​ការ​សិក្សាអប់រំ​រៀនសូត្រ។ ដូចនេះ កុមារ​ត្រូវ​ការថែទាំ ការ​ជួយ​ទំនុកបម្រុង​ពី​គ្រួសារ និង​សង្គម ជាពិសេស​ការ​លើកកម្ពស់​កិច្ចការពារ​កុមារ ដោយ​ឲ្យ​កុមារ​បាន​សិក្សាអប់រំ ដើម្បី​អភិវឌ្ឍ​សមត្ថភាព ដែល​អាច​កសាង​គ្រួសារ​ប្រកបដោយ​សុភមង្គល រស់នៅ​សេចក្ដីថ្លៃថ្នូរ និង​ជា​ធនធាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​។



ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កិច្ចការពារ​កុមារ​គឺជា​ការងារ​ពហុ​វិស័យ​ដែល​តម្រូវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត ដោយ​ការទទួលខុសត្រូវ​ខ្ពស់​តាម​ជំនាញ​រៀងៗ​ខ្លួន ទាំង​ការ​លើកកម្ពស់​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ រួមទាំង​ការ​ពង្រឹង​យន្តការ​ការពារ​កុមារ​ជាដើម​។

បច្ចុប្បន្ន​នេះ ស្ថានភាព​សិទ្ធិ​កុមារ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ជា​លំដាប់ ដូចជា​អត្រា​ស្លាប់​របស់​កុមារ​ថយចុះ ការ​ជួយ​សង្គ្រោះ​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម ហើយ​កុមារ​ចុះឈ្មោះ​ចូលរៀន​កើនឡើង ដែល​អាច​ឲ្យ​ពួកគេ​ទទួល​បាន​ការអប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កន្លង​មក​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu