Ad Code

រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ វិញ្ញាសា​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ​២០១៨​ហើយ



វិញ្ញាសា​បាល់ទាត់​បុរស​-​នារី ស្ថិតក្នុង​ប្រភេទ​កីឡា​មួយ​ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង​២៧​ប្រភេទ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ (National Games) ដោយ​ក្នុងនោះ​ក្រុមបាល់ទាត់​បុរស មាន​ចំនួន​២៥​ក្រុម ចែកចេញជា​៨​ពូ​ល ហើយ​បាល់ទាត់​នារី មាន​៨​ក្រុម​ចែកជា​២​ពូ​ល ខណៈ​នៅ​ថ្ងៃ​សុក្រ ទី​០១ ខែមិថុនា គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​។

សរុប​លទ្ធផល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ផ្នែក​បុរស​មាន​ក្រុម​ខេត្ត​ត្បូងឃ្មុំ ចាញ់​ក្រុម​ខេត្តស្វាយរៀង ដោយ​លទ្ធផល ៣​ទល់​១ ហើយ​ក្រុម​ខេត្តកំពង់ឆ្នាំង ចាញ់​ក្រុម​ឧ​ត្ត​រ​មានជ័យ ៣​ទល់​១ លើ​ទីលាន​មជ្ឈមណ្ឌល​ និង ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ចំណែក​វិញ្ញាសា​ផ្នែក​នារី វិញ​ក្រុម​ខេត្តបាត់ដំបង ឈ្នះ​ស្វាយរៀង ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៥​ទល់​៣ ក្រោយ​ស្មើគ្នា​១​ទល់​១ នៅ​ម៉ោង​ពេញ ហើយ​ក្រុម​ខេត្តកំពង់ស្ពឺ ឈ្នះ​សៀមរាប ២​ទល់​០ លើ​ទីលាន​ដូចគ្នា​។ ចំណែក​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ និង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ​ដោយ​ប្រើប្រាស់​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ដួច​គ្នា​។



តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា វិញ្ញាសា​បាល់​ទា​ត់បុរ​ស​គឺកំណត់​យក​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ហើយ​ក្រុមបាល់ទាត់​នារី​វិញ យកអាយុ​១៦​ឆ្នាំ​ឡើង​ទៅ​។ ក្រុមបាល់ទាត់​បុរស មាន​ពូ​ល A មាន ពោធិ៍សាត់ បាត់ដំបង ឧត្ដរមានជ័យ សៀមរាប ពូ​ល B មាន ព្រៃវែង ព្រះវិហារ កែប ពូ​ល C មាន បន្ទាយមានជ័យ ព្រះសីហនុ ស្ទឹងត្រែង ពូ​ល D មាន កំពង់ឆ្នាំង កោះកុង ក្រចេះ ពូ​ល E កណ្ដាល ត្បូងឃ្មុំ ក្រសួងការពារជាតិ ពូ​ល F ភ្នំពេញ កំពត ស្វាយរៀង ពូ​ល G មណ្ឌល​គី​រី រតនគីរី កំពង់ចាម និង ពូ​ល H ប៉ៃលិន កំពង់ស្ពឺ តាកែវ​។ ចំណែក​ក្រុមបាល់ទាត់​នារី ពូ​ល A មាន កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង ឯ​ពូ​ល B មាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កណ្ដាល​។

កាលពី​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ ក្រុម​មកពី​ខេត្តសៀមរាប ដណ្ដើម​បាន​មេដាយមាស​ផ្នែក​បុរស ហើយ​ក្រុម​មក​ខេត្ត​ប៉ៃលិន ដណ្ដើមបាន​មេដាយមាស​ផ្នែក​នារី​។ តាម​គម្រោង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​០៥ មិថុនា ឆ្នាំ២០១៨ ដោយមាន​អត្ត​ពលិកម​ក​ពី​២៨​ក្រសួង និង រាជធានី​-​ខេត្ត ចូលរួម​ប្រជែង​លើ​២៧​ប្រភេទ​កីឡា​។

​ព្រឹត្តិការណ៍​កីឡា​ជាតិ ឬ​ហៅថា National Games រៀបចំឡើង​២​ឆ្នាំ​ម្ដង ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​សហព័ន្ធ​ទាំងអស់​បាន​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ National Games ធ្វើឡើង​ដូច​ទៅនឹង​ស៊ី​ហ្គេម ដោយមាន​ការ​បើក​កម្ម​វិធី និង​បិទ​កម្មវិធី ហើយ​វា​ជាការ​ត្រៀមខ្លួន​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការទទួល​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​នៅពេល​ខាងមុខ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu