Ad Code

នៅ​កម្ពុជា មាន​រៀបចំ​កម្មវិធី​ចែករំលែក​បាល់ទាត់​ច្រើន​កន្លែង​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ



មាន​ទីតាំង​ជាច្រើន​កន្លែង​បានរៀបចំ​កម្មវិធី​អបអរ​«​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​»​នៅ​ថ្ងៃ​សុក្រ ទី​១ ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ក៏មាន​ទីតាំង​ជាច្រើន​កន្លែង​ដែរ ដែល​រៀបចំ​ការ​ចែករំលែក​បាល់​ទាត់ ដល់​កុមារ​ក្នុងប្រទេស​កម្ពុជា ស្រប​ចំ​ថ្ងៃ​នេះដែរ​។

ជាក់ស្តែង​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​រៀបចំ​កម្មវិធី​បាល់ទាត់​កម្សាន្ត​នៅលើ​ទីលាន​ហ្វឹកហាត់​នៃ​កីឡដ្ឋាន RSN ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ដោយមាន​វត្តមាន​ចូលរួម​របស់​កុមារា​កុមារី​ប្រមាណ​ជាជាង ២០០​នាក់​ក្រោម​ការដឹកនាំ​របស់​ក្រុម​គ្រូបង្វឹក ក៏ដូចជា​កីឡាករ កីឡាការិនី​នៃ​ក្រុម​ថ្នាល​យុវជន និង​ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន​ផងដែរ​។



ព្រឹត្តិការណ៍​នេះ​បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក ​ដោយ​ក្រុម​កុមារ​ទាំងអស់​បាន​បែង​ចែក​ជា​ក្រុម​ផ្សេងៗ​គ្នា រួច​នាំគ្នា​ប្រកួត​មិត្តភាព​ទៅវិញទៅមក​ដើម្បី​ស្វែងរក​ក្រុម​ជ័យលាភី​ទាំង​៣ ដែល​នឹងត្រូវ​ទទួល​បាន​រង្វាន់​អនុស្សាវរីយ៍​ពី​ក្លឹប​នោះ​។

កញ្ញា ឈឿន នី​ផា គ្រូបង្វឹក​ក្រុម​ថ្នាល​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​ដែល​ជា​សមាជិក​គណៈកម្មាការ​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​កុមារ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កីឡាបាល់ទាត់​ទាំង​ចំពោះ​សុខភាព ក៏ដូចជា​ជៀស​ផុត​ពី​ការ​ចំណាយ​ពេល​លើ​សកម្មភាព​មិនល្អ​នានា​ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​អនាគត​រប​ស់​ពួកគេ ឬ​ចំពោះ​សង្គមជាតិ​ជាដើម​។



ចំណែក​ក្រុម​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ ​ចំនួន​២៥​នាក់ នៃ​សាលា​តម្រង់​ទិស​បាល់ទាត់​ខេត្តព្រះវិហារ បាន​ចែករំលែក​ជំនាញ​មូលដ្ឋានគ្រឹះ​បាល់ទាត់ ដល់​កុមារ​អាយុ​ពី​៨​ដល់​១២​ឆ្នាំ​ប្រមាណ​១០០​នាក់ ក្នុង​ទិវា​កុមារ​អន្តរជាតិ នា​កីឡដ្ឋាន​ខេត្តព្រះវិហារ​។ គ្រូ​បង្គោល​ក្រុម​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី លោក យឹម អមរិន្ទ​សួគ៌ា ពន្យល់​ពី​គោលបំណង​កម្មវិធី​យ៉ាង​ដូច្នេះ «​ដោយ​មើល​ឃើញ​ថា ក្មេង​ក្នុង​អាយុ​៨​ដល់​១២​ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​អាយុ​មាស​ក្នុង​កីឡាបាល់ទាត់ មានន័យថា ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ ដើម្បី​បណ្ដុះ​ជំនាញ​មូលដ្ឋានគ្រឹះ​បាល់ទាត់ ហេតុនេះ​ខ្ញុំ​ក៏​សម្រេច​រៀបចំ​វា​ឡើង​។ យើង​ឃើញ​ហើយ បរទេស​គេ​បង្វឹក​ក្មេង​តាំងពី​អាយុ​ប៉ុណ្ណឹង ពេល​គេ​ចូល​ដល់​អាយុ​១២-១៣ គេ​ផ្ដើម​ឈាន​ដល់​ការ​ហ្វឹកហាត់​ជំនាញ​កម្រិត​ខ្ពស់​តែម្ដង មិន​ខាត​ពេល​ចាប់ផ្ដើម​ពីដំបូង​»​។



ចំណែក​អង្គការ​សលត៍ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង វិញ​បាន​ធ្វើ​កម្មវិធី​ចែករំលែក​បាល់ទាត់​ជាមួយ​ក្មេង​មកពី​សហគមន៍ ៣ កន្លែង ចំនួន​ក្មេង​១៥០នាក់ ដោយ​រៀបចំ​កម្មវិធី​សប្បាយៗ​ជាច្រើន​ដោយ​ប្រើប្រាស់​បាល់ទាត់​ជា​ឧបករណ៍ រួម​ជា​មួយ​នឹង ការចែក​ចាយ​នូវ​ចំណេះដឹង​ផ្សេងៗ ស្ដីពី សិទ្ធិ​កុមារ​។ អង្គ​ការដែល​ផ្តោត​លើ​បាល់ទាត់​នេះ​បាន​ប្រើ​ពាក្យ​ស្លោ​កថា "​ផ្ដល់​សេចក្ដី​ស្រលាញ់ដល់​ក្មេង​។ នោះអ្នក​នឹងទទួល​បាន​ផល​ល្អ​ត្រឡប់​មក​វិញ"៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu