Ad Code

គ្រូពេទ្យ​កាល់ម៉ែត​រំលឹក​រឿង​ទារក​កម្សត់«ទារក​កែវ» ​កាលពីមុន និង​ថ្ងៃនេះ



ភ្នំពេញ ​៖ ​ទារក​ជា​អ្នកជំងឺ​ឈ្មោះ លី កែវ ភេទ​ប្រុស កើត​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ផ្នែក​ប្រពោធនកម្ម​ទារក (សង្គ្រោះ​បន្ទាន់​កម្រិត​ធ្ងន់​ផ្នែក​ទារក​) នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។



ដោយសារ កែវ កើតមក​មិន​គ្រប់​ខែ មានកំណើត​ក្នុង​ពោះ​ម្តាយ​បានតែ ៧​ខែ​ប៉ុណ្ណោះ កែវ បាន​ប្រសូត​ពី​ផ្ទៃ​ម្តាយ​ដែល​មាន​ជំងឺ​បេះដូង​រីក​ធ្ងន់ធ្ងរ ដែល​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។

គ្រួសារ​របស់​កែវ​ នៅ​មាន​ជីវភាព​លំបាក ហើយ​ពុំ​មាន​ឱកាស​បាន​តាមដាន​ផ្ទៃពោះ និង​ស្ថានភាព​សុខ​ភាពជា​ទៀងទាត់​ឡើយ ដែល​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​បេះដូង​រីក​ដែល​មាន​ស្រាប់ របស់​ម្តាយ​មាន​សភាព​ធ្ងន់ធ្ងរ ​រហូត​ចាំបាច់​តម្រូវ​ឲ្យ​វះកាត់​យក​ទារក​ទាំង​មិនទាន់​គ្រប់​ខែ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជីវិត​ពីរ ក្នុង​ពេល​តែមួយ​។

ជាមួយគ្នា​នោះ​ដែរ ​លោក​វេជ្ជបណ្ឌិត​ឯកទេស​ត្រូវ​សម្រេចចិត្ត​ខិតខំ​ជួយសង្គ្រោះ​ទាំង​ម្តាយ​និង​ទារក​។ ក្នុងអំឡុងពេល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ទារក​កែវ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​តម្រូវ​ឲ្យ​បញ្ចូល​ទុយោ​ចូលក្នុង​បំពង់ខ្យល់​ដើម្បី​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ដកដង្ហើម​សប្ប​និមិត្ត ដោយសារ​សួត​មិនទាន់​ទុំ​(​ពុំ​ទាន់​មាន​លក្ខណៈ​ពេញលេញ​) ដោយ​ជំនួយ​ជាពិសេស​ផង​ដែរ ​ដោយ​ថ្នាំ​ពិសេស​ម្យ៉ាង​ជំនួយ​ឲ្យ​សួត (​ប្រភេទ Surfactant) ដើម្បី​បន្ត​លូតលាស់​បានជា​មួយ​បរិយាកាស​ខាងក្រៅ​ផ្ទៃ​ម្តាយ។



គ្រួសារ​របស់​កែវ​ ដែល​កំពុង​បារម្ភ​បំផុត​អំពី​សុខភាព​ម្តាយ និង​ត្រូវ​តម្រូវ​នៅ​ប្រចាំ​ការថែទាំ​ម្តាយ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ ផ្នែក​ជំងឺ​បេះដូង ដូច្នេះ​ទារក​ត្រូវ​ស្ថិត​ក្នុង​បន្ទុក​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាំងស្រុង​នៅ​ផ្នែក​ប្រពោធនកម្ម​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។

ក្នុង​អំឡុង​ពេល​ដែល​ម្តាយ​និង​ទារក​កំពុង​សង្គ្រោះ ឪពុក​របស់​ទារក​ក៏​មាន​កង្វល់​ជា​ខ្លាំង​ពី​សភាព​ធ្ងន់ធ្ងរ​របស់​កូន​ផង​ដែរ ដែល​សួត​នៅ​ខ្ចី និង​មាន​ខ្យល់​ចូលក្នុង​ស្រោម​សួត​នៅ​ផ្នែក​ខាងឆ្វេង​។ កែវ ជា​ទារក​កំសត់​ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ជួយសង្គ្រោះ ដោយ​ចោះ​ស្រោម​សួត​ដើម្បី​បង្ហូរ​ខ្យល់​ពី​ស្រោម​សួត​ឆ្វេង​។ ករណី​ស្មុគស្មាញ​នេះ បាន​ធ្វើ​ឲ្យ​ឪពុក​កែវ ដំបូង​មានការ​បារម្ភ​ជា​ពន់ពេក​ពី​ស​ភាព​ជំងឺ​របស់​កូនប្រុស ប៉ុន្តែ​ក្រោយពេល​បាន​ទទួល​ការ​ពន្យល់ ការសង្គ្រោះ​ព្យាបាល និង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​និង​គិលានុបដ្ឋាយិកា​ដ៏​ប៉ិនប្រសព្វ បានធ្វើ​ឲ្យ​ភាព​តានតឹង​របស់​ឪពុក​កែវ ប្រែជា​ធូរស្រាល​ជាមួយនឹង​ទំនុកចិត្ត​យ៉ាង​មុតមាំ​មកលើ​ផ្នែក​ប្រពោធនកម្ម​ទារក​។



ក្រុម​គ្រួសារ​កាន់តែ​មាន​ភាព​រីករាយ​ បន្ទាប់ពី​ឃើញ​ទារក​អាច​ត្រូវ​បាន​ដក​ទុយោ​ចេញពី​បំពង់ខ្យល់​និង​អាច​ដកដង្ហើម​ខ្លួន​ឯង​បាន​ដោយ​មិន​ត្រូវការ​អុកស៊ីសែន​ជំនួយ​បន្ថែម និង​បៅ​បាន​ដោយ​ខ្លួនឯង ព្រមទាំង​មាន​សភាព​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅ អាយុ​២៩​ថ្ងៃ និង​តម្រូវ​ធ្វើការ​តាមដាន​ការ​វិវឌ្ឍន៍ និង​ការលូតលាស់​របស់​កូន​រហូតដល់​អាយុ​៣​ឆ្នាំ​។



ក្រោយ​ការ​ខិតខំ​ជួយសង្គ្រោះ​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ កែវ​ចាប់​មាន​សុខភាព​មាំមួន​ល្អ​ដូច​កុមារ​ដទៃ និង​សង្ឃឹមថា​អាច​ទៅ​រៀន​បានជា​ធម្មតា​នៅពេល​អនាគត​ក្រោម​ស្នាមញញឹម​របស់​ឪពុកម្តាយ និង​ទឹកចិត្ត​សប្បាយរីករាយ​របស់​គ្រូពេទ្យ​ឯកទេស​និង​គិលានុបដ្ឋាយិកា​ទាំងអស់ ដែល​បាន​សង្គ្រោះ​ជីវិត​កែវ​ដោយ​ជោគជ័យ​។



នេះ​ជា​មោទនភាព​យ៉ាង​ធំធេង​នៃ​ក្រុមគ្រូពេទ្យ​ឯកទេស និង​គិលានុបដ្ឋាយិកា​ជំនាញ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​បានទទួល​ដំណឹង​ពី​ក្រុមគ្រួសារ​អូន​កែវ​អំពី​ការលូតលាស់​រាងកាយ បញ្ញា​ស្មារតី ព្រមជាមួយ​សុខភាព​ល្អ​របស់​អូន​កែវ​។

ប៉ុន្តែ កែវ​ពី​ទារក​ដ៏​កំសត់ ទៅជា​ក្មេង​ដែលមាន​សុខភាព​ម៉ាំ​មួន​ដែល​រស់រានមានជីវិត​ក្រោម​កិច្ចខិតខំ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ទារក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយមាន​ការសហការ​ជឿជាក់ និង​ផ្តល់​កម្លាំងចិត្ត​អំពី​ក្រុមគ្រួសារ ព្រមទាំង​ខ្លួន​កែវ​ផង ដែល​ខំតស៊ូ​ប្រឆាំង​រហូត​ឈ្នះ​ជាមួយ​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​អាយុជីវិត​បន្ទាប់ពី​សម្រាល។



ដោយ​ទំនេរ​នឹង​ការ​ប្រកប​របរ​ទទួល​ទាន ថ្ងៃនេះ​ឪពុក​ម្តាយ​របស់​កែវ បាន​នាំ​កែវ​មកលេង​ភ្នំពេញ ដោយ​ពួកគាត់​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ធ្វើដំណើរ​មកពី​ខេត្ត​រតនគីរី​ដោយ​រថយន្តឈ្នួល​។ កាន់តែ​ភ្ញាក់ផ្អើល​នោះ ក្រុម​គ្រួសារ​កែវ​បាន​ឆ្លៀតពេល​ចូល​មកលេង​ក្រុម​គ្រូពេទ្យ​ដែល​បាន​សង្គ្រោះ​កែវ​។ នៅពេល​មកដល់​ផ្នែក​សង្គ្រោះ​ទារក យើង​បានឃើញ​អតីត​ទារក​កំសត់​មួយ​នេះ មានដំណើរ​យ៉ាង​រហ័ស រត់​ផង ដើរ​ផង ដោយ​ក្តី​ក្លាហាន មើលទៅ​សុខភាព​គាត់​មាំមួន​ណាស់ ដែល​មាន​កំពស់ ១១០​ស​.​ម ទំងន់ ១១​គីឡូក្រាម ប្រកបដោយ​ភាពរហ័សរហួន ចេះ​និយាយ​បាន​ច្រើន​ឃ្លា ស្តាប់ និង​សំឡឹង​មើល​មុខ​គ្រូពេទ្យ​ដោយ​ក្លាហាន នេះ​បញ្ជាក់​ថា ​គាត់​មាន​សុខភាព ការលូតលាស់​ប្រាជ្ញា​ស្មារតី និង​កាយសម្បទា​គឺ​បានល្អ​។



ក្រុម​គ្រូពេទ្យ​ថែទាំ និង​ព្យាបាល​ទាំងអស់​នៅ​ផ្នែក​សង្គ្រោះ​ទារក សម្ភព និង​បេះដូង ពិត​ជាមាន​សេចក្តី​រីករាយ​ឥតឧបមា​ចំពោះ​វត្តមាន​របស់​អូន​កែវ​ក្នុងថ្ងៃនេះ​។ ដោយ​ក្តី​អាណិត​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ពី លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ក្រុមគ្រូពេទ្យ បានរៀបចំ​នូវ​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារៈ​សិក្សា​ជា​ចំណងដៃ​ជូន​អូន​កែវ និង​ជូនពរ​អោយ​កែវជា​ក្មេង​ពូកែ ឆ្លាត សុខភាព​ល្អ និង​ខិត​ខំរៀន ធ្វើ​យ៉ាង​ណា​ឲ្យ​ក្លាយ​ខ្លួនជា​ធនធាន​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ចូលរួម​ជួយ​អភិវឌ្ឍ​សង្គមជាតិ​យើង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu