Ad Code

រណសិរ្ស​វៀតណាម​ ស្នើ​ឲ្យ​កម្ពុជា​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​អ្នកវិនិយោគ​ទុន​វៀតណាម



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​ជា​ប្រធាន​សមាគម​មិត្តភាព កម្ពុជា​-​វៀត​ណាម​នា​ល្ងាច​ថ្ងៃ​សុក្រ​៣​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិ ស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ជួបពិភាក្សា​ជាមួយ​លោក ហូ​វ អា​ឡិ​ញ ប្រធាន​គណៈប្រតិភូ​ជាន់ខ្ពស់ គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម នៅ​ទីស្ដីការក្រសួង។



នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បញ្ជាក់ថា ​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​រណ​សិរ្ស​វៀតណាម នៅពេល​វេលា ដ៏​សម​ស្រប ដែល​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​គ្រប់រូប រស់នៅ​ប្រកបដោយ​សុខសាន្ដ ពិសេស រាជរដ្ឋាភិបាល កំពុង​លើក​ទឹក​ចិត្ដដល់ វិស័យ​ឯកជន អ្នកវិនិយោគទុន​ឯកជន និង​បរទេស ដោយ​មិន​ប្រកាន់​ពូជសាសន៍ ​ពណ៌​សម្បុរ​អ្វី​ឡើយ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្ត​ទៀត​ថា កម្ពុជា​កំពុង​មានការ​មមាញឹក ត្រៀម​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ កម្ពុជា និង​វៀតណាម មាន​ចំណង​មិត្ត និង​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយគ្នា និង​ទំនាក់ទំនង​ល្អ រវាង​បក្ស​និង​បក្ស និង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ប្រទេស​ទាំងពីរ ត្រូវ​បង្កើន​កិច្ច​សហ​ជាមួយគ្នា លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត។



ក្នុង​កិច្ច​ជំនួប​នេះ លោក ហូ​វ អា​ឡិ​ញ បានស្នើ​ឲ្យ​ភាគី​កម្ពុជា បន្ត​អនុវត្តន៍​ខ្លឹមសារ​សេចក្តី​ប្រកាស​រួម ដែល​ភាគី​ទាំង​២​បាន​ឯកភាព ដើម្បី​រឹត​ចំណង​សាមគ្គីភាព មិត្តភាព និង​បន្ត​កិច្ច​សហប្រតិបត្តិការ រវាង​មជ្ឈិម​មរណៈ​សិរ្ស​មាតុភូមិ​វៀតណាម និង​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។

នៅក្នុង​ជំនួប​នោះ​ដែរ លោក ហូ​វ អា​ឡិ​ញ ប្រធាន​គណៈ​ប្រតិភូ​រណសិរ្ស​វៀតណាម បាន​លើកឡើងថា បាន​កោតសរសើរ​នូវ​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​របស់​កម្ពុជា មានការ​រីកចម្រើន យ៉ាង​លឿន ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។



ភាគី​វៀតណាម បាន​កោតសរសើរ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​រណសិរ្ស​សាមគ្គី​របស់​វៀតណាម​។ ឆ្នាំ​២០១៧ គឺជា​ខួប​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ កម្ពុជា​-​វៀតណាម និង​នៅ​ឆ្នាំ​២០៨​នេះ គឺជា​ខួប​ទូ​៤០​ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស​២​ធ្នូ ឆ្នាំ​១៩៧៨ របស់​កម្ពុជា​។

ភាគី​វៀតណាម បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ការពារ​សន្តិសុខ​សុវត្ថិភាព ដល់​អ្នកវិនិយោគទុន​វៀតណាម​នៅ​កម្ពុជា និង​ជួយ​គាំពារ​អាណិកជន និង​សមាគម​វៀតណាម​នៅ​កម្ពុជា និង​ប្រែក្លាយ​តំបន់ ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ឲ្យ​ទៅជា​តំបន់​ព្រំដែន​អភិវឌ្ឍ​សេដ្ឋកិច្ច សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ទំនិញ​ពាណិជ្ជកម្ម​រវាង​ប្រជាជន និង​ប្រជាជន នៅ​ជាប់​ព្រំដែន​ជាមួយគ្នា​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu