ព្រះសីហនុ ៖ ស្ថានីយច្រកចេញចូលក្នុងអាកាសយានដ្ឋានអន្តរជាតិកងកេងខេត្តព្រះសីហនុ បានបើកសម្ពោធដាក់ឲ្យដំណើរការ ដោយមានការចូលរួមជាអធិបតីពី លោក ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីប្រតិភូអមដំណើរជាច្រើននាក់ផ្សេងទៀត។
ពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយចេញ ចូលអ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិកងកេងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធនេះដែរ លោក ម៉ៅ ហាសវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា ក្នុងរយៈពេលដែលយើងសាងសង់អគារចេញ ចូលអ្នកដំណើរនៅស្ថានីយយន្តហោះកងកេង នេះបានប្រើពេលវេលាអស់ជាងមួយឆ្នាំ ទើបការដ្ឋានសំណង់មួយនេះបានសង់រួចរាល់ជាស្ថាពរ។ អគារថ្មីនេះអាចទទួលអ្នក ធ្វើដំណើរក្នុងមួយឆ្នាំ បានមួយលាននាក់ ដោយឡែកអាគារចាស់របស់យើង មានលទ្ធភាពទទួលភ្ញៀវបានតែ ២០ម៉ឺននាក់ ក្នុងមួយឆ្នាំប៉ុណ្ណោះ។
លោក ម៉ៅ ហាសវណ្ណាល់ បានឲ្យដឹងទៀតថា ដោយសារតែមើលឃើញសក្ដានុពលភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុមានការកើនឡើងជាបន្តបន្ទាប់ ទើបយើងបានចរចាជាមួយក្រុមហ៊ុនវិនិយោគសាងសង់នូវអគារថ្មីរបស់យើង ដែលមានសោភ័ណភាព បរិស្ថានអាចទទួលអ្នកដំណើរបាន ១លាននាក់ ក្នុងមួយឆ្នាំ។
លោក ហាសវណ្ណាល់ បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ព្រលានយន្តហោះអន្តរជាតិកងកេង មានផ្លូវរត់ប្រវែង ២.៥០០ម៉ែត្រ ដែលចំនួននេះមិនទាន់អាចឆ្លើយតបតាមតម្រូវការយន្តហោះប្រភេទធំ ចុះចតនិងហោះហើរបាននោះទេ ដូច្នេះសព្វថ្ងៃយើងទទួលបានត្រឹមតែយន្តហោះប្រភេទ Air bus 321 និងបូអ៊ីង ៧៥៧ ក៏ប៉ុន្តែតម្រូវការឲ្យយន្តហោះ ហោះផ្លូវឆ្ងាយប្រភេទយន្តហោះធំ មិនទាន់អាចចុះចតបាន។ យើងបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ Cambodia air port សម្រេចកសាងស្ថានីយចេញចូលអ្នក ដំណើរអន្តរជាតិកងកេងនេះ និងបន្ទាប់ពីនោះយើងនឹងពង្រីកព្រលានយន្តហោះជាពីរដំណាក់កាល ដំណាក់កាលទី១ យើងពង្រីកបន្ថែមផ្លូវហោះហើរប្រវែង ៣០០ម៉ែត្របន្ថែមទៀត អាចឲ្យយន្តហោះប្រភេទហោះផ្លូវឆ្ងាយ ហោះហើរចុះចតបាន។ នៅដើមឆ្នាំ២០១៩ ខាងមុខនេះ យើងនឹងពង្រីកព្រលានប្រវែង ៣០០ម៉ែត្រ ក្នុងគម្រោង នឹងត្រូវបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៩ អាចទទួលយកយន្តហោះប្រភេទធុងធំចុះចតបាន ដំណាក់កាលទី២ យើងនឹងមានគម្រោង ពង្រីកផ្លូវហោះហើរប្រវែង ៥០០ម៉ែត្របន្ថែមទៀត ដែលមានផ្លូវហោះហើររហូតដល់ ៣,៣០០ម៉ែត្រ អាចឲ្យយន្តហោះប្រភេទធុនធំ ប្រភេទយក្ស នេះតាមការគ្រោងទុក យើងនឹងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ក៏ប៉ុន្តែនៅចំពោះមុខក្នុងឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុននឹងសាងសង់ពង្រីកផ្លូវហោះហើរបានចប់ជាស្ថាពរនៅជំហានទី១។
នៅក្នុងអាកាសយានដ្ឋានខេត្តព្រះសីហនុ គឺមានភ្ញៀវតាមរដូវកាល រដូវ Low season និង High season រដូវ Low season មានពី ៧ ទៅ ១០ជើង ក្នុងមួយថ្ងៃ ដោយឡែករដូវ High season មានរហូតទៅដល់ ១៥ជើងក្នុងមួយថ្ងៃ ដូច្នេះព្រលានយន្តហោះអន្តរជាតិកងកេង មានការវិវឌ្ឍលឿន ដែលមានសេវាហោះហើរនៅ ក្នុងតំបន់មកពីប្រទេសចិន វៀតណាម និងក្នុងស្រុក៕
Source: Kampuchea Thmey Daily
0 Comments