Ad Code

Vj អា លី​យ៉ា ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន



ភ្នំពេញ ​៖ ​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​និង​ក្តី​អាណិតអាសូរ​ដល់​ពិធី​ការិនី​វី​ជេ អា លី​យ៉ា លោក​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​បានសម្រេច​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១​លាន​រៀល​ដើម្បី​ឧបត្ថម្ភ​ និង​សម្រាល​ដល់​ថ្លៃ​ព្យាបាល​ជូន​ដល់​តារា​ស្រី​វី​ជេ អា លី​យ៉ា ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។



បើ​តាម​រយៈ​ការ​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ថា ​ខ្ញុំបាទ​បាន​នាំ​យក​នូវ​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន​និង​លោកជំទាវ ទេព រង្ស៊ី ចំនួន​១,០០០ ០ ០០​រៀល​(១​លាន​រៀល​)​ឧបត្ថម្ភ​ដល់​សិល្បការិនី​Vj អា​លី​យ៉ា ដែល​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដោយសារ​ជំងឺ​សួត​ធ្ងន់ធ្ងរ។



លោក អ៊ឹម ជីវ៉ា ក៏បាន​ពាំនាំ​នូវ​របស់​សាសន៍​របស់​ឯកឧត្តម​ខៀវ កាញារីទ្ធ ដោយ​បាន​លើកឡើង​ទៀត​ថា ​លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​សួ​សុខទុក្ខ​ចំពោះ​សិល្បការិនី​រូប​នេះ​កុំ​ឲ្យ​បាក់​ទឹកចិត្ត ត្រូវ​ខិតខំ​សម្រាក​ព្យាបាល​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​និង​ជូនពរ​ដល់​Vj អា លី​យ៉ា ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទៀតផង​។



តារា​សម្តែង​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា បន្ថែម​ថា ​នេះ​គឺជា​ការ​យក​ទឹកចិត្ត​ទុក្ខ​ដាក់​ដ៏​ថ្លៃថ្លា​បំផុត របស់​លោក​រដ្ឋ​មន្ត្រី​និង​លោកជំទាវ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​សិល្បករ​ក្រីក្រ​ខ្វះខាត​និង​កំពុង​មាន​ជំងឺ ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ឡើយ​របស់​ឯកឧត្តម​និង​លោកជំទាវ​ដែល​ជួយ​ដល់​សិល្បករ​សិល្បការិនី​ជួប​ទុក្ខលំបាក។



សូម​បញ្ជាក់​ថា​ តារា​ស្រី​វី​ជេ អា លី​យ៉ា ថ្មីៗ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ត្រូវ​បាន​ដឹក​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្រោយពេល​ទទួលរង​នូវ​អំពើ​ហិង្សា​វាយ​ដុំ​ពី​សំណាក់​បុរស​ម្នាក់​មាន​រយៈពេល​២​ឆ្នាំ​ដែល​គិត​មកដល់ពេលនេះ​នាង​នៅ​មិន​ទាន់​បាន​ទាមទារ​បាន​យុត្តិធម៌​នៅឡើយ​។ វី​ជេ អា លី​យ៉ា កន្លងមក​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ ​និង ​មាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​ស្រី​រួម​ជំនាន់​ឯទៀត​នោះទេ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu