ភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករសរុប ២១.៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនី នៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៧ ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៧លើកនេះ មានកម្មករ កម្មការិនីសរុប ៦២៦.៦៧៧នាក់។
ខេត្តកំពង់ឆ្នាំងដែលសម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង តាកែវ និងព្រះសីហនុ។
រោងចក្រសហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនេះ មកពីរោងចក្រក្នុងក្រុងកំពង់ឆ្នាំងចំនួន២ រោងចក្រក្នុងស្រុកកំពង់ត្រឡាចចំនួន៩ រោងចក្រក្នុងស្រុកសាមគ្គីមានជ័យចំនួន២ និងស្រុករលាប្អៀរចំនួន១។ រោងចក្រទាំង១៤នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, រោងចក្រផលិតស្បែកជើងចំនួន១, រោងចក្រផលិតកាបូបចំនួន២, រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈចំនួន២ និងម៉ាស៊ីនកិនស្រូវចំនួន២។ ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានសហគ្រាស គ្រឹះស្ថានចំនួន ១៥២ មានកម្មករ និយោជិត ៤៣.៧៧២នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ១៨ មានកម្មករ និយោជិតចំនួន ៤២.១២៦ នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៤ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments