Ad Code

ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​នឹង​បើក​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា រដ្ឋបាល​រាជធានី​សូម​ឲ្យ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍



​ភ្នំពេញ​ ៖ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​នៅត្រង់​រង្វង់​មូល​ចោមចៅ​នឹង​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមិថុនា​នេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​កម្ពុជា ហើយ​ដើម្បី​រក្សា​ឲ្យ​មាន​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់​ធ្នាប់​ល្អប្រសើរ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ពង្វាង​ចរាចរណ៍​ចេញ​-​ចូល រាជធានី​ភ្នំពេញ ពិសេស​នៅត្រង់ចំណុច​រង្វង់​មូល​ចោមចៅ​នេះ​តែម្តង​។



ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ចំណុច​រង្វង់​មូល​ចោមចៅ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។



ទន្ទឹម​នឹង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ដល់​ម្ចាស់​រថយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ដ​ដឹក​អ្នកដំណើរ​ដែល​ត្រូវ​ចរាចរណ៍​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ឆ្លងកាត់​ទីតាំង​រង្វង់​មូល​ចោមចៅ ត្រូវ​ពង្វាង​ចរាចរណ៍​ទៅតាម​បណ្តាល​ផ្លូវ​មួយចំនួន ក្នុង​នោះ​រួមមាន​៖ ចំពោះ​រថយន្ដ​ចរាចរណ៍​មកពី​ទិស​ខាងលិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចូល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ពង្វាង​ទៅតាម​ផ្លូវបែក​ចាន បត់​ស្ដាំ​ទៅ​ទិស​ខាងត្បូង ឬ​ផ្លូវ​កប់​ស្រូវ បត់​ឆ្វេង​ទៅ​ទិស​ខាងជើង។ ចំពោះ​រថយន្ដ​ចរាចរណ៍ មកពី​ផ្លូវជាតិ​លេខ​៣ ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ពង្វាង បត់​ស្ដាំ​ទៅតាម​ផ្លូវ​ព្រៃ​ស មុខ​វត្ត​ស្លែង ឬ​ទៅតាម​ផ្លូវ​ទួល​ពង្រ បត់​ស្ដាំ​តាមផ្លូវ​៣០​ម៉ែត្រ ឆ្ពោះទៅ​ផ្លូវ​ចោមចៅ​។ ចំពោះ​រថយន្ដ​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ចោមចៅ ចេញ​ក្រៅ​រាជធានី ទៅ​ផ្លូវជាតិ​លេខ​៣ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទួល​ពង្រ បត់​ឆ្វេង​ត្រង់ចំណុច​ស្ដុ​ប​។ ចំពោះ​ការធ្វើ​ចរាចរណ៍​ពី​ផ្លូវ​ចោមចៅ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤​អនុញ្ញាត​ឲ្យ​ចរាចរ​ធម្មតា​។



សូម​បញ្ជាក់​ថា ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​ខាងលើ​នេះ នឹង​ប្រើ​ពេល​ប្រមាណ​៣០​ខែ ដើម្បី​បញ្ចប់​ឲ្យ​បាន​រួចរាល់​។ ក្រៅ​តែ​ពី​ការសាងសង់​ស្ពាន​អាកាស​ខាងលើ បច្ចុប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏បាន​កំពុង​ជួល​ជុល​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​៤ ឲ្យ​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ ដោយមាន​ការចាក់​បេតុង និង​អ៊ុត​កៅស៊ូ​ពង្រីក​ផ្លូវ​កាន់តែ​ធំ​ទូលាយ សម្រួល​ដល់​ការ​ធ្វើដំណើរ​ទៅមក និង​ដាក់លូ​បង្ហូរទឹក​ចេញ​កុំ​ឲ្យ​ភ្លៀង​លិច ផ្លូវ​ដូច​ឆ្នាំ​កន្លងៗ​មកទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu