សៀមរាប ៖ រថយន្តតាក់ស៊ីផ្តាច់ព្រលឹង បានឆក់យកជីវិតអ្នកជិះម៉ូតូចំនួន៤នាក់និងរបួសអ្នកជិះរថយន្តចំនួន៥នាក់ ដោយសារបើកលឿនខ្វះការប្រុងប្រយ័ត្នរួចរេចង្កូតទៅបុកម៉ូតូក្នុងទិសដៅច្រាសគ្នា។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៦ ទឹកដីភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តCamry ពណ៌ស្លូញ ពាក់ស្លាកលេខ ភ្នំពេញ2Q-0932 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកពីលិចទៅកើតដឹកអ្នកដំណើរ៥នាក់ ១ឈ្មោះអ៊ុំ រស្មី ភេទប្រុស អាយុ៦៨ឆ្នាំ ២.ឈ្មោះរស្មី សិរីសែន អាយុ២៨ឆ្នាំ ៣.រស្មី ភូរីដា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្រុងសំរោងខេត្តឧត្តមានជ័យ ៤.តិក រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ៥.រ៉េត រដ្ឋាឧត្តម អាយុ២ឆ្នាំ ភេទប្រុស បានបុកម៉ូតូC125ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1M-2893 បើកបរដោយឈ្មោះសុខ សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែស្រុកកំណើត នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅភូមិសិរីសង្កាត់គោកចកក្រុងសៀមរាបបើកពីកើត ទៅ លិចដឹកប្រពន្ធឈ្មោះ អ៊ុយ សារីន និងកូន២នាក់ ១.ឈ្មោះ សែន ផល អាយុ ០៥ ឆ្នាំ ២.ឈ្មោះសែន ឧត្ដម អាយុ៣ឆ្នាំ។ បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ អ្នកបើកបរម៉ូតូម្នាក់ និងអ្នកជិះពីក្រោយ ០៣ នាក់។ របួសស្រាល៥នាក់ អ្នកជិះរថយន្តខូចខាតរថយន្ត១គ្រឿងធ្លាក់ជ្រោះខូចខាតម៉ូតូ ១គ្រឿង។ មូលហេតុដោយសាររថយន្តបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងបន្តស្រាវជ្រាវអ្នកបើកបរបង្កគ្រោះថ្នាក់។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីឯអ្នករបួសស្រាលបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពួក៕
Source: Kampuchea Thmey Daily
0 Comments