Ad Code

អន្តរក្រសួង​រួមគ្នា​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ទៅលើ​ក្រុម​ស្ត្រី​ធ្វើការ​នៅ​សេវា​កំសាន្ត​សប្បាយ



ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​អង្គការក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​គ្រឹះស្ថាន​សេវា​កំសាន្ត​សប្បាយ​ទាំងអស់​បើកទូលាយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​បាន​ចូល​ផ្សព្វផ្សាយ​ស្តី​ពី​វិធី​ការពារ​និង​ការ​ចម្លង​មេរោគ​អេដស៍​ដល់​បុគ្គលិក​ដែល​ជា​ស្ត្រី​បម្រើការ​កំសាន្ត​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​នេះ​ ក្នុងចំណោម​ពួកគេ​ឲ្យ​កាន់តែ​ថយ​ចុះ​ថែមទៀត​។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ក្រុម​ស្ត្រី​ធ្វើការ​នៅ​សេវា​កំសាន្ត​សប្បាយ​មាន​អត្រា​ឆ្លង​ជំងឺអេដស៍​ខ្ពស់​រហូតដល់​២,៣%​ នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​ជិត​៧​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស។



លោក​វេជ្ជបណ្ឌិត តែង​គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ក្រោយ​សិក្ខាសាលា​ស្តី​ពី​ការ​បញ្ចប់​អេដស៍​របស់​ម្ចាស់​សេវា​និង​អ្នកផ្តល់​សេវា​ចំពោះ​ស្ត្រី​បម្រើសេវា​កំសាន្ត​សប្បាយ​កាលពី​ព្រឹក ​ថ្ងៃទី​២៧ ខែមិថុនា​ នៅ​ភោ​ជនីយ​ដ្ឋា​ន​ទន្លេបាសាក់​២​ ឲ្យ​ដឹង​ថា ការចូលរួម​ទប់ស្កាត់​ជំងឺអេដស៍​ពី​សំណាក់​ម្ចាស់​សេវា​កម្សាន្ត​សប្បាយ​មិន​ត្រឹមតែ​អាច​ការពារ​ការ​ចម្លង​ជំងឺអេដស៍​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ធ្វើ​ឲ្យ​ការ​ធ្វើ​ជំនួញ​មានការ​រីកចម្រើន​និង​ជោគជ័យ​ផង​ដែរ​ដោយសារ​បុគ្គលិក​មាន​សុខភាព​ល្អ​អាច​បំពេញ​ការងារ​បាន​ល្អ​ប្រសើរ​ទៀតផង​។

ជា​មួយ​គ្នា​នេះ​លោក​វេជ្ជបណ្ឌិត ក៏បាន​ណែនាំ​ដល់​ស្ត្រី​ធ្វើការ​នៅ​សេវា​កំសាន្ត​សប្បាយ​ត្រូវ​ប្រុងប្រយ័ត្ន​និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ គឺ​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​គ្រប់ពេលវេលា​នៅពេល​រួមភេទ​ជាមួយ​ដៃគូ​ព្រោះ​មិនអាច​កំណត់​បាន​ថា​ ភ្ញៀវ​ណា​មាន​ ឬ​ មិន​មាន​ផ្ទុកមេរោគ​អេដស៍​នោះទេ។

លោក​វេជ្ជបណ្ឌិត​ស្រី វណ្ណ​ធួន ​ប្រធាន​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​នៅ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​វិធានការ​ប្រើប្រាស់​ស្រោមអនាម័យ​នេះ​ ព្រោះ​អាច​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺអេដស៍​និង​ជំងឺឆ្លង​ផ្សេងៗ​ដែល​ឆ្លង​តាមរយៈ​ការ​រួមភេទ​ដទៃ​ទៀត​ដូចជា​ជំងឺ​កាមរោគ​និង​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​ជាដើម។

លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​គ្រឹះស្ថាន​សេវា​កម្សាន្ត​សប្បាយ​ទាំងអស់​ បើកទូលាយ​ឲ្យ​បុគ្គលិក​អង្គការ​ដើម្បី​បាន​ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​វិធី​ការពារ​និង​ការចម្លង​មេរោគ​អេដស៍ ផ្តល់​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​ដល់​ស្ត្រី​ធ្វើការ​នៅ​សេវា​កំសាន្ត​សប្បាយ​បាន​យល់ដឹង​និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​។

ចំណែក​ស្រី គឹម សុ​វណ្ណា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ម្ចាស់​សេវា​កម្សាន្ត​សប្បាយ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​ប្រមាណ​ជិត​៤០០​កន្លែង ​សូម​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​អង្គ​ការដែល​បម្រើ​ការ​ងា​រលើ​វិស័យ​អេដស៍​ចូល​ទៅ​ផ្សព្វផ្សាយ​ជំងឺអេដស៍​នេះ​ ដល់​ស្ត្រី​ដែល​ជា​បុគ្គលិក​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សុខភាព​ល្អ​ជៀស​ផុតពី​ការឆ្លង​ជំងឺអេដស៍។



លោកស្រី​បាន​បន្ត​ថា ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​សហការ​ជានិច្ច​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​និង​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​រួមគ្នា​បញ្ចប់​ការ​ចម្លង​មេរោគ​អេដស៍​ពី​កម្ពុជា​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល។

លោក​វេជ្ជបណ្ឌិត​តែ​ង គ​ន្ធី​ បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​ធ្វើការ​នៅ​សេវា​កម្សាន្ត​ប្រមាណ​៤​ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​មាន​២​ម៉ឺន​នាក់ ​នៅ​រាជធានី​ភ្នំពេញ​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​ជំងឺអេដស៍​គួរ​ឲ្យ​ព្រួយបារម្ភ។



លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើរ​ស្បែក​ និង​ កាមរោគ​ឆ្នាំ​២០១៧​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ឆ្នាំ​២០១៨​នេះ​បាន​ឲ្យ​ដឹងថា ​អត្រា​ប្រេវ៉ាឡង់​អ្នក​ផ្ទុក​ជំងឺអេដស៍​ក្នុងចំណោម​មនុស្ស​ពេញវ័យ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ដល់​៤៩​ឆ្នាំមាន​ប្រមាណ​៦៨០០០​នាក់​ ក្នុង​នោះ​ស្ត្រី​ធ្វើការ​នៅ​តាម​សេវា​កម្សាន្ត​សប្បាយ​ចំនួន​២,៣​ភាគរយ​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​ក្នុងចំណោម​៦៨០០០​នាក់​នោះ​ មានតែ​៨៦​ភាគរយ​បាន​ដឹង​ថា ​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍​ចំណែក​១៤​ភាគរយ​ទៀត​ស្មើនឹង​ជិត​១​ម៉ឺន​នាក់ ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ក្នុងចំណោម​៨៦​ភាគរយ​ដែល​បាន​ដឹង​ខ្លួន​ថា​ឆ្លង​ជំងឺអេដស៍​នោះ​ អ្នក​ដែល​បាន​ទៅ​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​៩៨​ភាគរយ​រីឯ​២​ភាគរយ​ទៀត​មិនបាន​ទៅ​ទទួល​ឱសថ​ទេ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu