ក្លិបបឹងកេតអែហ្វស៊ី ដែលកំពុងឈរកំពូលតារាងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 បណ្តោះអាសន្នបានប្រកាសថា សម្រេចបន្តកិច្ចសន្យារយៈពេល២ឆ្នាំទៀតជាមួយកីឡាករសំខាន់ៗ៣នាក់ ដោយក្នុងនោះមាន លី វ៉ាហេទ,លី មីហ្សាន និង ស្លេះ ស៊េន ដែលជាកម្លាំងស្នូលលើទីលាននាពេលបច្ចុប្បន្ននៅក្នុងក្រុម។
ក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះបានជូនដំណឹងដល់អ្នកគាំទ្រថាក្រុមរបស់ខ្លួនបានសម្រេចបន្តកិច្ចសន្យាជាមួយកីឡាករ៣នាក់ខាងលើ រហូតដល់ឆ្នាំ២០២០ ខាងមុខ។ លី វ៉ាហេទ ជាខ្សែបម្រើសំខាន់ក្រោយពីសិស្សច្បង ទូច បញ្ចរ៉ុង ក៏ដូចជា សុខ សុវណ្ណ ចាកចេញទៅកាន់វិសាខា កាលពីពេលថ្មីៗ។ ចំណែកកីឡាករ លី មីហ្សា ជាខ្សែបម្រើ ដែលលោក ហៅ សុជាតិ តែងតែប្រើប្រាស់ក្នុងប្រព័ន្ធប្រយុទ្ធរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ចំពោះកីឡាករ ស្លេះ សេន ត្រូវបានក្លិបជ្រើសរើសចេញពីឈុតយុវជនហើយបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ផងដែរ។
និយាយរួមកីឡាករទាំង៤ ត្រូវបានក្លិបដាក់ឲ្យចូលលេងក្នុងជម្រើស១១នាក់ដំបូងស្ទើរតែទាំងស្រុងក្នុងប្រកួតលីគកំពូលកម្ពុជា ឬ ពានរង្វាន់ AFC Cup នាពេលកន្លងទៅ ខណៈកីឡាករភាគច្រើនប្រចាំក្រុមយុវជនថ្នាលរបស់ក្លិប ធ្លាប់បានចូលលេងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ជាមួយគ្នា មុនទទួលបានបទពិសោធន៍នៅក្រុមធំពេលនេះ។
បឹងកេត ត្រូវការពង្រឹងសមត្ថភាពកីឡាករក្នុងស្រុកបន្ថែម ចំពេលដែលកីឡាករឆ្នើមៗមួយចំនួនដូចជា ឃួន ឡាបូរ៉ាវី, សុខ សុវណ្ណ, ស៊ូ យ៉ាទី ចាកចេញនាពេលកន្លងទៅ ខណៈក្រុមក៏ត្រូវការពារតំណែងជើងឯកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ព្រមទាំងត្រៀមប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅខែក្រោយ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៨និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments