កំពង់ឆ្នាំង ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមិនត្រូវធ្វើការភៀសខ្លួនសាជាថ្មីម្ដងទៀត ដោយសារសង្គ្រាមទេមិនថាភៀសខ្លួនទៅក្រៅប្រទេស ឬ ជាជនភៀសសឹកក្នុងប្រទេសនោះទេ។ សម្តេចបន្តថា វិធីដែលល្អជាងគេនៅតែនិយាយថាដើម្បីរក្សាសន្តិភាពដើម្បីធានាការអភិវឌ្ឍបន្តទៅទៀតជម្រើសដែលល្អបំផុតគឺបោះឆ្នោតឲ្យគណបក្សប្រជាជនដែលមានសញ្ញាទេវតាបាចផ្កានឹងឈរនៅលេខរៀងទី ២០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះក្នុងពេល អញ្ជើញជួបសំណេះ សំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤.៣៧៥នាក់មកពីរោងចក្រចំនួន៥ ស្ថិតនៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយការពន្យល់ទៅកាន់កម្មករ កម្មការិនីថា “ ក្មួយៗអាចក្រឡេកមើលប្រទេសដែលកំពុងមានសង្គ្រាមឥឡូវនេះតើវាយ៉ាងណា។ ... ហើយប៉ុន្មានថ្ងៃនេះនៅសហរដ្ឋអាមេរិកអំពើរំលោភសិទ្ធិមនុស្សបានកើតឡើងយ៉ាងធ្ងន់ធ្ងរ បំបែកកូនពីម្ដាយនៅព្រំដែនម៉ិចស៊ិច។ ...យប់មិញនេះតុលាការកំពូលអាមេរិកបានសម្រេចថា អ្វីដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ត្រាំសម្រេចទាំងប៉ុន្មានគឺត្រឹមត្រូវទាំងអស់ ដែលមុននេះតុលាការកំពូលអាមេរិកចាត់ទុកថាមិនត្រឹមត្រូវ។ តែឥឡូវការហាមឃាត់ការធ្វើដំណើរបីប្រទេសមួយចំនួនទៅកាន់អាមេរិក តុលាការអាមេរិកចាត់ទុកថាត្រឹមត្រូវ។ គឺជារឿងមួយកើតឡើងបែបនេះតែរឿងនេះវាកើតឡើងនៅអាមេរិកតែវាបានប៉ះពាល់ទៅដល់ប្រទេសដទៃទៀតដែរ”។
សម្តេចបានបន្តថា ឥឡូវក្មួយៗត្រូវចាំកាលពីសម័យមុនប្រជាជនខ្មែរក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេសនៅពេលដែលប្រទេសមានសង្គ្រាមបន្ទាប់ទៅយើងមានជនភៀសខ្លួនទៅរស់នៅប្រទេសវៀតណាមប្រទេសថៃនិងប្រទេសឡាវមួយចំនួនដោយសាររបស់ប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែឥឡូវនេះនៅក្នុងប្រទេសអឺរ៉ុបកំពុងរងនូវផលវិបាកនៃជនភៀសខ្លួនដែលចេញពីតំបន់មជ្ឈិមបូព៌ាតំបន់អាហ្វ្រិចទៅកាន់ប្រទេសអឺរ៉ុប។ ប្រទេសអឺរ៉ុបបច្ចុប្បន្នកំពុងដាក់ចេញនូវវិធានការប្រទេសណាដែលមិនព្រមទទួលជនភៀសខ្លួននិងត្រូវទទួលទណ្ឌកម្មពីអឺរ៉ុបដោយសារតែមិនព្រមទទួលជនភៀសខ្លួន។
សម្តេចតេជោបន្តថា “អញ្ចឹងទេកម្ពុជាមិនត្រូវធ្វើការភៀសខ្លួនសាជាថ្មីម្ដងទៀតដោយសារសង្គ្រាមទេ មិនថាភៀសទៅប្រទេស ឬ ជាជនភៀសសឹកនោះទេ។ វិធីដែលល្អជាងគេនៅតែនិយាយថា ដើម្បីរក្សាគុណភាពដើម្បីធានាការអភិវឌ្ឍបន្តទៅទៀតជម្រើសដែលល្អបំផុតគឺបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កានឹងឈរនៅលេខរៀងទី ២០”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នេះមិនមែនជាការផ្សងទេបក្សដទៃកំពុងឋិតនៅជាការសន្យាមិនទាន់បានធ្វើអ្វីជាជាក់ស្តែងទេ។ ការជាក់ស្ដែងគឺគណបក្សដែលកំពុងគ្រប់គ្រងរាជរដ្ឋាភិបាលព្រឹទ្ធសភារដ្ឋសភា ហើយមានសម្តេចបន្តឈរនៅជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀតនេះជាជម្រើសដែលល្អជាងគេ៕
Source: Kampuchea Thmey Daily
0 Comments