ភ្នំពេញ ៖ ទីតាំងជល់មាន់លួចលាក់មួយកន្លែង ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន៥នាក់ មាន់៣ក្បាល និងកន្ត្រកសម្រាប់ដាក់មាន់ចំនួន២ និងម៉ូតូ៧គ្រឿងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងទួលតាប៉ុក ក្នុងដីឡូត៍ទុកចោល ក្រោយដើមពុទ្រា ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦។ ក្នុងការចុះបង្ក្រាបនេះ មានការចូលរួមសហការជាមួយកម្លាំងប្រជាការពារសង្កាត់ផងដែរ។
ក្រុមអ្នកញៀនល្បែង ដែលឃាត់ខ្លួនរួមមាន ទី១ ឈ្មោះសេង សុធី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបររត់ម៉ូតូឌុប ទី២ឈ្មោះម៉ម តុលា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបរបើកបររថយន្តទី ៣ ឈ្មោះ រី អាម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរកាប់គោ ទី៤ឈ្មោះ ម៉េត សុភាព ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មុខរបរកម្មករសំណង់ និង៥ឈ្មោះ នួន សុផលភក្កី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបររត់ម៉ូតូឌុប។
ប៉ូលិសបានអោយដឹងថា ទីតាំងសង្វៀនជល់មាន់នេះ បានបើកលួច និងណាត់គ្នាលេងភាគច្រើនថ្ងៃសៅរ៍ អាទិត្យ។ ដោយមានការស្រាវជ្រាវអស់ប្រមាណ៣សប្តាហ៍ សមត្ថកិច្ចឈានទៅចុះបង្ក្រាបតែម្តង។ តាមព័ត៌មានបានអោយដឹងថា ក្រុមអ្នកញៀនមានរត់ប្រសាចខ្លះចោលម៉ូតូនិងមាន់យករួចតែខ្លួន។
ប្រជាពលរដ្ឋអោយដឹងថា បើសមត្ថកិច្ចបង្ក្រាបពេលរសៀលវិញច្បាស់ជាឃាត់បានច្រើនជាងនេះ។ តាមនគរបាលខណ្ឌបានអោយដឹងទៀតថា អ្នកញៀនល្បែង៥នាក់ត្រូវឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងរួមមាន មាន់ចំនួន០៣ក្បាល ងាប់០១ សល់០២ក្បាលកន្ត្រកសម្រាប់ច្រកមាន់ចំនួន០២;ម៉ូតូចំនួន០៧គ្រឿង។
ក្រុមអ្នកលេងភ្នាល់ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments