Ad Code

រាជរដ្ឋាភិបាល​ ​​ប្រគល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​ជាង​១៥​ម៉ឺន​ក្បាលដី ក្នុង​គម្រោង​ទិន្នន័យ​ជាង​២២​ម៉ឺន​ក្បាលដី



ភ្នំពេញ​ ៖ ដី​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បើ​គិត​មកដល់ពេលនេះ​ មាន​ប្រមាណ​ជាង​១៥​ម៉ឺន​ក្បាលដី​ហើយ ក្នុង​គម្រោង​ទិន្នន័យ​សរុប​ជាង​២២​ម៉ឺន​ក្បាលដី​។​

នេះ​បើតាម​ការបញ្ជាក់​ពី លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​សុរិយោ​ដី​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ចំនួន​៥៥៤​គ្រួសារ រស់នៅ ៣​សង្កាត់ នៃ​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា​នេះ ​នៅ​សាលាខណ្ឌ​ដូនពេញ​។​

លោក​សារិន វណ្ណា មានប្រសាសន៍​លើកឡើងថា​ គម្រោង​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​នៅ​ខែតុលា​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​៦០ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ។ ​គម្រោង​ប្រមូល​ទិន្នន័យ​សរុប​បាន​២២៧១៦៤​ក្បាលដី​និង​ចែកជូន​ប្រជាពលរដ្ឋ​បាន​១៥២២៣០​ប័ណ្ណ​។​

លោក​បន្តថា កន្លងមក​ក្នុង​សង្កាត់​ទាំងនេះ​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​រួចហើយ​។ តំបន់​មួយចំនួន​ត្រូវបាន​ខ្វៀល​​​ចេញ ពី​ដី​សាធារណៈ​របស់​រដ្ឋ​។​រាជរដ្ឋាភិបាល​បានធ្វើការ​ប្រទានកម្ម​ជូ​ន​ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​បណ្តោះអាសន្ន​ជា​យូរ​មកហើយ​។

ជាក់ស្តែង​សម្រាប់​ពេលនេះ ពោលគឺ​ក្រោយពី​បានធ្វើការ​បណ្តុះបណ្តាល​គ​ណៈ​កម្ម​ការ​រដ្ឋបាល​ដីធ្លី ការបោះពុម្ព​ប័ណ្ណកម្មសិទ្ធិ កម្ម​វិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បានសម្រេច​នូវ​ការផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​១១~១២~១៣ សង្កាត់​ស្រះចក ភូមិ​១០ សង្កាត់​វត្តភ្នំ និង​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ។​

លោក សារិន វណ្ណា បាន​ថ្លែងបន្តថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ជា​វិធីសាស្ត្រ​មួយ ដែល​យើង​អាច​ធ្វើ​ការចុះបញ្ជី​ដីធ្លី បាន​យ៉ាងច្បាស់​មាន​ប្រសិទ្ធភាព មាន​តម្លាភាព និង​ធានា​បាន​នូវ​ភាព​កក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​កាន់កាប់​ដីធ្លី និង​ធានា​សុវត្ថិភាព​ដីធ្លី។ ការ​គ្របគ្រង​ដីធ្លី​បានល្អ ជា​មូលដ្ឋាន​អោយ​រ​ដ្ឋ គិតគូរ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ និង​ផ្តល់​លក្ខណ​:​ងាយស្រួល ដល់​ការជំរុញ​កិច្ច​វិនិយោគ លើកស្ទួយ​សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត គឺជា​ការរួមចំណែក​យ៉ាងពិត​ប្រាកដ ក្នុងការ​អនុវត្ត​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព។

លោក សារិន វណ្ណា បាន​អោយដឹងទៀតថា “​មុននឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ គឺ​ក្រុមមន្ត្រី​ជំនាញ​សូរិយា​ដី បាន​ចុះមក​ធ្វើការ​វាស់វែង ក្បាលដី​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ខែ​មកហើយ រហូតមកដល់​ពេលនេះ​ទើប​បងប្អូន​ទទួល​នូវ​ប័ណ្ណ​កម្ម​សិទ្ធ​ជា​ផ្លូវការ​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះបាន​មានប្រសាសន៍​លើកឡើងថា កម្មសិទ្ធិ​មួយ​សន្លឹក​នេះ គឺមាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ ឬ​ក្បាលដី​នីមួយៗ ។ ដូចនេះ​សូម​បងប្អូន​ថែរក្សា​ប័ណ្ណ អោយបាន​ល្អ និង​មាន​សុវត្ថិភាព​បំផុត​។ ជាពិសេស​នោះ សូម​បងប្អូន​កុំ​យក​វា​ទៅ​អ៊ុត​រឹង ពីព្រោះ​វា​អាចធ្វើ​ប័ណ្ណ​នេះ​ខូច នៅពេលដែល​យើង​យក​ប័ណ្ណ​នេះ ទៅ​ចុះបញ្ជី​បន្ត។

លោក​អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​ដល់​ប្រជាជន​ពិចារណា​អោយបាន​ម៉ត់ចត់ ក្នុងករណី​បងប្អូន​យក​ប័ណ្ណ​កម្ម​សិទ្ឋិ​នេះ យកទៅដាក់​ធនាគារ ដើម្បី​យក​ថវិកា​ទៅប្រើ​ប្រាស់ ឬ​ដោះស្រាយ​បញ្ហា​អ្វីមួយ។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​អោយដឹងទៀតថា នេះ​គឺជា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ រដ្ឋាភិបាល លើ​វិស័យ​ដីធ្លី គឺ​ធ្វើ​យ៉ាង​អោយ​ប្រជាពលរដ្ឋ​ពល​គ្រប់គ្នា​ទទួលបាន​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ក៏​ជា​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ ការដែល​ចែក​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ មានការ​យឺតយ៉ាវ​ដោយសារ​ប្រជាពលរដ្ឋ រស់នៅ​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រងចាំ​ការ​អនុញ្ញាត​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​សម្បទាន​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu