ភ្នំពេញ ៖ ណាហ្គាវើលដ៍កាលពីថ្ងៃទី ៧ ខែមិថុនា ២០១៨ បានឈ្នះពានរង្វាន់ “ឧត្តមភាពការងារសង្គមទូទៅល្អដាច់គេតំណាងប្រទេសកម្ពុជា” ពីកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលប្រចាំឆ្នាំ ២០១៨ លើកទី ១០ ដែលជាកម្មវិធីប្រគល់រង្វាន់ការងារសង្គមល្បីបំផុតមួយក្នុងទ្វីបអាស៊ីដែលបានធ្វើឡើងក្នុងពេលថ្មីៗនេះ ក្នុងទីក្រុង Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី។
ឆ្នាំនេះ គឺជាឆ្នាំទី ១០ ដែលកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលនេះ ទទួលស្គាល់ និងផ្តល់រង្វាន់ដល់ក្រុមហ៊ុនណាដែលមានកម្មវិធីការងារសង្គមឆ្នើមដាច់គេ ការបន្តការងារសង្គម និងការផ្តល់ផលប្រយោជន៍ដល់អ្នក និងសហគមន៍ដែលជួបការលំបាក ព្រមទាំងអភិរក្សបរិស្ថាន ខណៈកំពុងប្រកបអាជីវកម្មរបស់ខ្លួន។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានមានប្រសាសន៍ថា «យើងមានកិត្តិយស ដែលបានទទួលពានរង្វាន់នេះ ដែលវាគឺជាស្នាដៃឆ្នើមមួយទៀតនៃការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍។ យើងជឿជាក់ថា គន្លឹះដើម្បីទទួលបានឧត្តមភាពការងារសង្គម គឺត្រូវអភិវឌ្ឍយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព ពោលគឺយកចិត្តទុកដាក់ទៅលើសហគមន៍ បុគ្គលិក ម្ចាស់ភាគហ៊ុន និងប្រទេសកម្ពុជាទាំងមូល»។
រៀបចំដោយក្រុមហ៊ុន Pinnacle Group International ពានរង្វាន់ការងារសង្គមសកលនេះ បានក្លាយជាស្តង់ដារកំពូលរួមមួយនៅក្នុងចំណោមសហគមន៍ជាច្រើន។ ក្នុងចំណោមក្រុមហ៊ុនជាង ៣០០ មានក្រុមហ៊ុនចំនួន ៦០ ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់លំដាប់កំពូលនេះក្នុងប្រភេទពាន១០ ផ្សេងៗគ្នា។
អ្នកដែលប្រគល់ពានរង្វាន់ គឺអ្នកស្រី Kurleni Ukar ដែលជានាយករងនៃនាយកដ្ឋានឧស្សាហកម្ម និងបញ្ញត្តនៃក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ពានរង្វាន់នេះ គឺទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា។ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍ ផ្តោតលើសសរស្ដម្ភធំៗចំនួន ៤ គឺ អភិវឌ្ឍវិស័យអប់រំ ចុះជួយតាមសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាន។
ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយបុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍ បានចូលរួមធ្វើឲ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើង និងបានឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សជាង ១៥២.០០០ នាក់នៅតាមសាលារៀនជាង ១០០ នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ណាហ្គាវើលដ៍ បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Naga Academy ក្នុងឆ្នាំ ២០១២ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ចដែលកន្លងមក មជ្ឈមណ្ឌលនេះ បានផ្តល់ផលប្រយោជន៍ដល់យុវជន-យុវនារីកម្ពុជាជាង ២.៥០០ នាក់។
កម្មវិធីការងារសង្គមដែលកំពុងបន្តផ្សេងទៀត រួមមានការលើកកម្ពស់ការយល់ដឹងស្តីអំពីសុវត្ថិភាពអគ្គិភ័យដល់សិស្សានុសិស្ស ផ្តល់ឱកាសដល់យុវជនកម្ពុជាតាមរយៈក្លឹបបាល់ទាត់ណាហ្គាវើលដ៍ និងអភិវឌ្ឍវិស័យកីឡាជាតិតាមរយៈការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ដូចជាលើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថានតាមរយៈយុទ្ធនាការ ៣ R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) ។
គួរបញ្ជាក់ថាចាប់តាំងពីបង្កើតឡើងអស់រយៈពេលជាង ២៣ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលចង់ស្ម័គ្រចិត្តចុះជួយសង្គមជាប្រជាពលរដ្ឋគំរូ។ គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មានគោលបំណងជួយអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍសហគមន៍ លើកកម្ពស់វិស័យកីឡា និងថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១៤៦.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ៕
Source: Kampuchea Thmey Daily
0 Comments