ភ្នំពេញ ៖ តារាចម្រៀងប្រុស ដែលមហាជនភាគច្រើនដាក់នាមថា ជាតារាពូកែទើសលោកម៉ៃ សុគន្ធ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថ្មីៗនេះ បានសរសេរបង្ហោះភ្ជាប់ជាមួយរូបភាព និងឃ្លីបវីដេអូបង្ហាញឲ្យឃើញពីនារីជនជាតិថៃម្នាក់ គ្រងឈុត និងរាំរបាំខ្មែរបង្កឲ្យមានការចាប់អារម្មណ៍និងរិះគន់ពីសំណាក់មហាជនជាច្រើន។
តារាចម្រៀងលោក ម៉ៃ សុគន្ធ បានរៀបរាប់ថា រវល់តែអារឿងស៊ីពោត អត់ប្រយោជន៍ទៅ របាំអប្សរាខ្មែរប្រហែលនឹងបាត់បង់មួយទៀតហើយពេលនេះ ស្រឡាញ់ខ្លាំង។ ប្រាំឆ្នាំក្រោយបើកូនខ្មែរប្រហែស ប្រហែលក្លាយជារបស់គេហើយ(មិនរើសអើងភេទប្រុស ស្រី ខ្ទើយ ទេ តែអប្សរា មិនមែនតួអង្គប្រុសខ្ទើយរាំទេសូមជ្រាប។
តារាចម្រៀងប្រុសកំពុងស្រវាបានប្រជាប្រិយភាពតាមរយៈការរិះគន់លើសកម្មភាពមួយចំនួនរបស់អ្នកសិល្បៈដូចគ្នាលោក ម៉ៃ សុគន្ធ បានបន្ថែមទៀតថា ខ្លាំងត្រង់រាំរបាំខ្មែរហើយយកបទចម្រៀងភាសាខ្មែរទៅរាំទៀត។ ចាំមើលកូនខ្មែរប៉ុន្មាននាក់ ដែលឈឺឆ្អាលរឿងមួយនេះ អប្សរាជារបស់ខ្មែរ។
លោក ម៉ៃ សុគន្ធ បានលើកឡើងទៀតថា ទោះបីខ្ញុំជាតារាចម្រៀងកូបពីឬតារាទើសតែខ្ញុំស្រឡាញ់ណាស់វប្បធម៌ និងរបាំខ្មែរ។ មិនចង់ឲ្យបាត់បង់ ស្រឡាញ់ណាស់អប្សរាខ្មែរ។ ជាមួយគ្នានៃការបង្ហោះពីសំណាក់តារាចម្រៀងលោក ម៉ៃ សុគន្ធ ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការគាំទ្រ និងបន្តការចែករំលែកធ្វើការរិះគន់យ៉ាងចាស់ដៃលើករណី ដែលជនជាតិថៃរូបនោះ លួចយកម្កុដ និងចម្រៀងរបាំខ្មែរទៅរាំធ្វើដូចជារបស់ខ្លួនឯង។
ដោយឡែកក៏មានខ្លះទៀតនិយាយថា គេគ្រាន់តែស្រលាញ់បានគេរៀនមើលទៅមិនដូចជាលួចទេ ព្រោះរបាំអប្សរាជារបស់ខ្មែរអ្នកណាក៏គេដឹងដែរ មិនថាប្រទេសយើងគឺគេស្គាល់ទូទាំងប្រទេសហើយ ទាំងការស្លៀកសំលៀកបំពាក់ ទាំងក្បាច់រាំពិសេសគឺភ្លេងខ្មែរជាភាសាខ្មែរទៀតអញ្ចឹងចង់លួចក៏មិនអាចលួចបានដែរឡើងច្បាស់ចែសអញ្ចឹងនោះ៕
Source: Kampuchea Thmey Daily
0 Comments