Ad Code

សាក្សី​ពីរ​រូប ​ត្រូវ​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​នេះ​ ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក​កឹម សុខា



ភ្នំពេញ​ ៖​ លោ​គី រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក​កឹម សុខ នៅ​ព្រឹក​ថ្ងៃទី​០៧​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ​បាន​កោះហៅ សាក្សី​ពីរ​រូប​អោយចូល​ខ្លួន​ឆ្លើយបំភ្លឺ​ចំពោះមុខ​ចៅក្រម​ក្នុងនាម​ជា​សាក្សី។

លោកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចូលខ្លួន​បំភ្លឺ​នៅវេលា​ម៉ោង​៨៖៣០​នាទី ថ្ងៃទី​០៧ ខែមិថុនា ហើយ​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ចៅក្រម​បានបញ្ចប់​កា​សាកសួរ​និង​បានអោយ​លោកស្រី​ចក់ សុភាព​ត្រឡប់​ទៅវិញ។

នៅមុខ​សាលាដំបូង​លោកស្រី​ចក់ សុភាព​ បាន​ប្រាប់​អ្នកកាសែត​ថា ចៅក្រម​តុលាការ​បាន​សាកសួរ​លោកស្រី​អំពី​ប្រវត្តិ​ការងារ​របស់​លោក​កឹម សុខា​នៅពេលដែល​លោក​គឺជា​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​នៅឡើយ។

ទោះ​បីយ៉ាងណា​លោកស្រី​ចក់ សុភាព បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កិច្ចការ​របស់​លោក​កឹម សុខា​ និង​ការ​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​អាមេរិក​ ដែល​តុលាការ​បាន​សាកសួរ​លោកស្រី។ចំណែក​លោក មាស គឹម​សេង ប្រធាន​អង្គការ​សមាគម​ធាងត្នោត ត្រូវ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​១៤៖៣០​នាទី ថ្ងៃទី​០៧ ខែមិថុនា​ឆ្នាំ​២០១៨​នេះ។

កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ ​សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​ចែងថា គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

សមត្ថកិច្ច ​បាន​ចាប់ខ្លួន​លោក កឹម សុខា ពាក់​កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់ខ្លួន​ សមត្ថកិច្ច​បា​ន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧។

លោក​គី រិទ្ធី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​​សម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត​ ដោយសារតែ​តុលាការ​ត្រូវ​បន្ត​ការសាកសួរ​សាក្សី​មួយ​ចំនួនទៀត​នៅក្នុង​សំណុំរឿង​ក្ដី​នេះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu