ភ្នំពេញ ៖ លោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ បានបើកធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសតាំងឲ្យជាអនុប្រធាន សម្រាប់សម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលសន្និសីទនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទនោះលោក អ៊ុច បូររិទ្ធ លើកឡើងថា ជាលើកទីពីរហើយ ដែលកម្ពុជាបានជាប់ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ដែលលើកទី១ ជាប់ជាអនុប្រធានមហាសន្និបាតអង្គការជាតិលើកទី៥៦ ឆ្នាំ២០០១-២០០២ ដូច្នេះនេះជាលើកទី២។ លោកបញ្ជាក់ថា តួនាទីរបស់អនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ គឺជំនួសឲ្យប្រធានអង្គប្រជុំ ក៏ដូចជួបពិភាក្សានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើបញ្ហាសំខាន់ៗក្នុងពិភពលោក ជាពិសេសបញ្ហាសន្តិភាព សន្តិសុខ បម្រែបម្រួលអាកាសធាតុ កំណែទម្រង់អង្គការសហប្រជាជាតិ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដែលជាកម្មវត្ថុនៃកិច្ចពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
តាមលោក អ៊ុច បូររិទ្ធ ការងារសំខាន់ទី២របស់អនុប្រធាន គឺជំនួសមុខឲ្យប្រធានក្នុងករណីមានសំណូមពរពីប្រធាន ហើយអនុប្រធាននីមួយៗមានតួនាទីដឹកនាំអង្គប្រជុំ ដើម្បីអនុម័តរបាយការណ៍ ក៏ដូចជាសំណូមពររបស់គណៈកម្មការទាំង៦របស់អង្គការសហប្រជាជាតិ។ ដែលគណៈកម្មការទី១ គឺគណៈកម្មការរំសាយសភាវុធ សន្តិសុខអន្តរជាតិ, គណៈកម្មការទី២ គឺគណៈកម្មការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មការទី៣ គឺគណៈកម្មការសង្គម វប្បធម៌ និងមនុស្សជាតិ, គណៈកម្មការទី៤ គឺគណៈកម្មការនយោបាយពិសេស និងការលុបបំបាត់អាណានិគម, គណៈកម្មការទី៥ គឺគណៈកម្មការថវិការរបស់អង្គការសហប្រជាជាតិ និងគណៈកម្មការទី៦ គឺគណៈកម្មការច្បាប់។
បើតាមលោក អ៊ុច បូររិទ្ធ តួនាទីរបស់អនុប្រធានអង្គការសហប្រជាជាតិ គឺជាសមាជិករបស់គណៈកម្មាធិការទូទៅ ដែលគណៈកម្មការនេះមានសមាជិកទាំងអស់៤៩ប្រទេស ហើយគណៈកម្មាធិការទូទៅនេះសំខាន់ណាស់ដោយសារតែគណៈកម្មាធិការនេះ នឹងពិនិត្យទៅលើអង្គប្រជុំរបស់មហាសន្និបាត ព្រមទាំងការពិភាក្សា និងអនុម័តលើការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ថាឱ្យចូល ឬមិនឲ្យចូល។
លោកបញ្ជាក់ថា គណៈកម្មាធិការនេះ ក៏ធ្លាប់បានពិភាក្សា និងអនុម័តលើបញ្ហាកម្ពុជា កាលពីឆ្នាំ១៩៩៧ម្តងរួចហើយ ដែលពេលនោះ កម្ពុជាបានព្យួរអាសនរយៈពេល១ឆ្នាំ ហើយគណៈកម្មាធិការនេះ ក៏បានសម្រេចឲ្យកម្ពុជាកាន់កាប់អាសនៈនេះឡើងវិញផងដែរ នៅឆ្នាំ១៩៩៨។
ទាក់ទងទៅនឹងការស្នើសុំរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលទាមទារឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជានោះ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា “ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមយើងជាខ្មែរ មិនថាអស់លោកជាសមាជិកបក្សប្រឆាំង ឬមិនប្រឆាំងនោះទេ ពីព្រោះអ្នកដែលទាមទារឲ្យដេញខ្មែរពីអង្គការសហប្រជាជាតិ គឺជាខ្មែរហ្នឹងហើយ លោក សម រង្ស៊ី ជាពិសេស។ ចំណុចនេះ ខ្ញុំគ្រាន់តែចង់សួរអំពីស្មារតីស្នេហាជាតិ ដែលលោក សម រង្ស៊ី តែងតែនិយាយអួតក្អេងក្អាងប្រាប់ប្រជាជនថា ខ្លួនស្រលាញ់ខ្មែរ ស្រលាញ់ប្រទេសជាតិ តែសកម្មភាព ដែលលោកធ្វើបែរជាដើរទៅគ្រប់ប្រទេសទាមទារឲ្យគេផ្ដាច់ជំនួយ ទាមទារឲ្យគេកុំទិញផលិតផលពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ទៅដល់កម្លាំងពលកម្មរបស់ពលករ ពលការិនីកម្ពុជា ដែលកំពុងខិតខំធ្វើការនៅតាមបណ្ដារោងចក្រនីមួយៗ។ ឥឡូវនេះទៅទាមទារឲ្យអង្គការសហប្រជាជាតិ បដិសេធអាសនៈនៅក្នុងអង្គការសហប្រជាជាតិថែមទៀត។ នេះឬ ស្មារតីស្នេហាជាតិរបស់លោក សម រង្ស៊ី ? ។ ខ្ញុំសូមបញ្ជាក់ថា អង្គការសហប្រជាជាតិ មិនមែនស្ថិតនៅក្នុងការគ្រប់គ្រង ឬដឹកច្រមុះពីលោក សម រង្ស៊ី នោះទេ ហើយក៏ជាអង្គការមួយមិនស្ថិតនៅក្រោមការដឹកនាំនៃប្រទេសណាមួយដែរ។ អង្គការនេះ មានភារកិច្ចដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោក ដូច្នេះតើគេអាចធ្វើតាមលោក សម រង្ស៊ី បានទេ ? ហើយកុំស្រមើស្រមៃ ឬដេកយល់សប្តិតទៅទៀត។
លោក អ៊ុច បូររិទ្ធ បានបញ្ជាថា នៅក្នុងចំណុចទី៧ មាត្រាទី២ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិបានចែងយ៉ាងច្បាស់អំពីការមិនអនុញ្ញាតឲ្យអង្គការសហប្រជាជាតិជាតិជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នៅក្រោមច្បាប់នៃប្រទេសម្ចាស់ផ្ទះ គឺមិនឲ្យជឿជ្រែកចូលកិច្ចការផ្ទៃក្នុងផ្ទៃក្នុងនៃប្រទេសម្ចាស់ផ្ទះនោះទេ ដូច្នេះលោក សម រង្ស៊ី ដែលទទួលបានសញ្ញាប័ត្រពីស្រុកបារាំង គួរទៅដេកមើលធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments