Ad Code

MCL 2018 ៖​ ក្រុម​សៀមរាប ២​ប៉ះគ្នា ខណៈ​វិសាខា ជួប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន​ទទួល​បឹងកេត នៅ​ថ្ងៃ​សៅរ៍​នេះ



ក្រុមបាល់ទាត់​២ ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប គឺ​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ ខណៈ​ក្រុម​ចំណូល​ថ្មី​វិសាខា ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន​ទទួល​បឹងកេត ក្នុង​សប្ដាហ៍​ទី​៩​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodia League 2018) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។

​អ្នក​សៀមរាប ២​ក្រុម​ប៉ះគ្នា​ជា​លើកដំបូង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វា​កីឡដ្ឋាន​ខេត្តសៀមរាប ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​។ ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​។ នេះ​ជា​ជំនួប​ដំបូង​សម្រាប់​ក្រុម​ទាំង​២​ព្រោះថា​ក្រុម​សូល​ឡូ​អង្គរ ទើបតែ​ទទួល​សិទ្ធិ​ឡើងមក​លី​គ​កំពូល​កម្ពុជា នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​។

ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​៨​លើក​មកនេះ​ឈ្នះ​បាន​៣ លើក​ស្មើគ្នា​បាន​១​លើក និង​ចាញ់​៤​លើក​មាន​១០​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែល​ជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence ដែលមាន​សមាជិក​២៥​នាក់​។ លោក Akihiro Kato ដែលជា​ប្រធាន​ក្លិប​បានដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។



ចំណែក​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ក្រោម​ការដឹកនាំ​ពី​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda ជា​គ្រូ​បង្គោល​ប្រចាំ​ក្រុម​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី​។ ៨​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​២​លើក ស្មើគ្នា​១​លើក​និង​ចាញ់​ដល់​ទៅ​៥​លើក ខណៈ​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ពិតជា​ចាំបាច់​ក្នុង​ការរក​ពិន្ទុ​បន្ថែម​ដើម្បី​គេចផុត​ពី​តំបន់​បាត​តារាង​ផងដែរ​។

*​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​ដូចគ្នាឮ
ក្រុមបាល់ទាត់​វិសាខា និង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​ក្រុម​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣​រសៀល​។ ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ទាំង​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង សុទ្ធតែជា​បេក្ខភាព​មិនអាច​មើល​រំលង​បាន​ក្នុងការ​ប្រជែង​ជើងឯក​នៅ​រដូវ​កាល​នេះ​។

វិសាខា ជា​ក្រុម​ចំណូល​ថ្មី​មែន តែ​រយៈពេល​៨​ប្រកួត​មកនេះ​អាច​យកឈ្នះ​ក្រុម​រៀមច្បង​ពោល​គឺ​ឈ្នះ​៥​ប្រកួត ហើយ​ស្មើគ្នា​១​ប្រកួត​និង​ចាញ់​២​ប្រកួត​ប៉ុណ្ណោះ​ឈរ​លេខ​៣​ក្នុង​តារាង​រួមមាន​១៦​ពិន្ទុ​។ លោក ហុក សុ​ជី​វ័​ន្ត ជា​គ្រូបង្វឹក​របស់​វិសាខា ធ្លាប់បាន​លើកឡើងថា «​យើង​បាន​ចរចា​និង​ដាក់​គោលដៅ​ជាមួយ​ថ្នាក់ដឹកនាំ យើង​មាន​រយៈពេល​៣​ឆ្នាំ សម្រាប់​អភិវឌ្ឍន៍​ក្លិប​។ ឆ្នាំ​ទី​១​ក្នុង​ឆ្នាំ​២០១៨​ឆ្នាំក្រោយ គឺ​យើង ធ្វើ​យ៉ាងម៉េច​រក្សាខ្លួន​អោយ​បន្ត​នៅក្នុង​លី​គ ប៉ុន្តែ​ក៏​មិន​ស្ថិត​ក្នុង​លទ្ធផល​ដែល​អាក្រក់​រហូតដល់​ចំណាត់ថ្នាក់​លេខ​៩ លេខ​១០​អី​ដែរ បើ​អាច​ត្រឹម​លេខ​៦ លេខ​៧ ឬក៏​លេខ​៨​។ សម្រាប់​ឆ្នាំ​ទី​២ យើង​នឹង​បង្កើន អាច​នឹង​ឈានចូល​ដល់​លេខ​៤ លេខ​៥ រហូតដល់​ឆ្នាំ​ទី​៣ គោលការណ៍​របស់​យើង គឺ​នឹង​ដណ្ដើម​យកពាន​»។

ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​រដូវ​កាល​នេះ​ដោយ​ប្រើប្រាស់​គ្រូបង្វឹក​បរទេស​ក្រោម​ការដឹកនាំ​ដោយ​លោក Conor Nestor សញ្ជាតិ​អៀរ​ឡង់ វ័យ​៣៣​ឆ្នាំ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A License​។ ឆ្លងកាត់​ការប្រកួត​៨​លើក​មកនេះ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ​ឈរ​លេខ​៧ ក្រោយ​ឈ្នះ​បាន​៣​លើក​ស្មើគ្នា​២​លើក​និង​ចាញ់​៣​លើក​មាន​១១​ពិន្ទុ​ក្នុង​ដៃ​។

*​ក្រុម​ជើងឯក​៦​សម័យកាល​ប៉ះ​ក្រុម​ជើងឯក​៣​សម័យកាល
ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ដែល​ធ្លាប់​ឈ្នះ​ជើងឯក​រហូតដល់​៦​លើក ត្រូវ​ទទួល​បឹងកេត ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​៣​លើក នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium ដោយមាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។

ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អម​ដោយ​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​។ ក្រុម​នេះ​នៅតែ​ជា​បេក្ខភាព​មួយ​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះ​និង​ជា​ពាន​លើក​ទី​៧​ប្រចាំ​ក្លិប​របស់ខ្លួន​ផងដែរ​។ ប្រកួត​បាន​៨​លើក​មកនេះ​ភ្នំពេញ​ក្រោ​ន ឈរ​ចំណាត់ថ្នាក់​លេខ​៤ មាន​១៤​ពិន្ទុ​ក្រោយ​ឈ្នះ​បាន​៤​លើក ស្មើ​២​លើក និង​ចាញ់​២​លើក​។

សម្រាប់​ក្រុម​បឹងកេត វិញ​កំពុង​ឈរ​កំពូល​តារាង​ក្រោយ​ប្រកួត​ឈ្នះ​រហូតដល់​៦​ប្រកួត​ក្នុងចំណោម​ប្រកួត​៨​លើក​ដើមរដូវ​កាល​នេះ ខណៈ​២​លើក​ទៀត​សុទ្ធតែ​ស្មើគ្នា​។ បឹងកេត មាន​អម្រែក​ច្រើនជាង​ក្រុម​ដទៃ​ក្នុង​លី​គ​កំពូល​កម្ពុជា​ទាំង​១១​ផ្សេង​ក្នុង​រដូវ​កាល​នេះ​ក្រោយ​ទទួល​សិទ្ធ​ចូល​លេង​ពាន AFC Cup 2018 ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ត្រូវ​ប្រកួត​ការពារ​តំណែង​ជើងឯក​ក្នុង​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ខណៈ​ក្រុម​នេះ​ទំនង​ទទួល​បាន​កៅអី​ទៅលេង​ពាន Singapore Cup ឆ្នាំនេះ​ផងដែរ។

ចំណែក​៣​គូ​ផ្សេងទៀត​នៅ​សប្ដាហ៍​ទី​៩​នេះ នឹង​បន្ត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ទៀត​ដោយ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា លើ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ណាហ្គា​វើ​ល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu