ក្រោយគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានចេញសម្រេចលិខិតពិន័យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗលើបុគ្គលពាក់ព័ន្ធចំនួន១៣ផ្សេងគ្នាក្នុងករណីជម្លោះវាយតប់លើទីលានកាលពីថ្ងៃអាទិត្យ ទី៣ខែមិថុនាឆ្នាំ២០១៨ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ពេលនេះភាគីក្រុមព្រះខ័នរាជស្វាយរៀង បានត្រៀមរៀបចំឯកសារប្តឹងទៅកាន់គណៈកម្មការបណ្តឹងឧទ្ធរណ៍លើពិន័យកីឡាករមួយចំនួនរបស់ខ្លួន។
បណ្តឹងឧទ្ធរណ៍គឺមានសិទ្ធិធ្វើឡើងរយៈពេល៥ថ្ងៃ ក្រោយចេញលិខិតពិន័យដំបូងរបស់គណៈកម្មការវិន័យ។ លោក អោក សំណាង អគ្គលេខាធិការក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅមុខអ្នកសារព័ត៌មានក្នុងស្រុកថា «យើងនឹងរៀបចំដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មការឧទ្ធរណ៍ លើករណីកីឡាករមួយចំនួនឲ្យពិចារណាឡើងវិញកុំឲ្យមានការដាក់ពិន័យធ្ងន់ពេក គឺសូមបន្ធូរបន្ថយពីរយៈពេល៣ខែ មកត្រឹម២ខែអីចឹងទៅ។ ប៉ុន្តែកីឡាករ នុប តុលា និង សឿយ វិសាល អីខ្ញុំអត់ប្ដឹងទេ គឺយើងទទួលស្គាល់ ហើយគ្រូជំនួយ សួន ធួន ក៏យើងមិនប្ដឹងសុំបន្ធូរបន្ថយទេ ព្រោះគាត់ជាគ្រូ ចឹងត្រូវជាគំរូ។ យើងប្ដឹងលើករណីណាដែលមិនសមហេតុសមផល»។
សូមរំលឹកថា ការប្រកួតរៀបនឹងចប់ទៅហើយ នៅថ្ងៃអាទិត្យកន្លងទៅ ខណៈក្រសួងកាពារជាតិនាំមុខម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២ទល់១ ក៏មានករណីប៉ះទង្គិចគ្នានេះកើតឡើងក្រោយ ណុប តុលា របស់ព្រះខ័នរាជស្វាយរៀងឈូសទៅលើកីឡាករ Song chi-hun របស់ក្រុមក្រសួងការពារជាតិ ហើយកើតការប្រទូស្ដរាយគ្នាដោយមានការចូលរួមពីកីឡាករពាក់ព័ន្ធមួយចំនួន។ ក្រោយហេតុការណ៍នេះកីឡាករ Yudai Ogawa ក្រសួងការពារជាតិ ត្រូវគ្រូពេទ្យឲ្យសម្រាករយៈពេល១ខែព្រោះរហែកក្រដាសត្រជៀក និងមានរបួសនៅផ្នែកផ្សេងៗនៃរាងកាយ។
រំលងបាន៣ថ្ងៃគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញលិខិតពិន័យជាលក្ខណៈទ្រង់ទ្រាយធំមួយដោយក្នុងនោះមាន៩ករណីក្នុងចំណោម១៣ករណីបានពិន័យដល់ភាគីក្រុមព្រះខ័នរាជស្វាយរៀង។ អ្នកពាក់ព័ន្ធនឹងពិន័យលើកនេះមានទី១) កីឡាករ នុប តុលា របស់ព្រះខ័នរាជស្វាយរៀង (វាយគូប្រកួត) ត្រូវពិន័យព្យួរការប្រកួត២ប្រកួតរួមទាំងពិន័យទឹកប្រាក់៥០ម៉ឺនរៀល។ ទី២) កីឡាករ សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង (វាយគូប្រកួត) ត្រូវពិន័យព្យួរ៤ប្រកួតនិងពិន័យជាទឹកប្រា់៥០ម៉ឺនរៀល។ ទី៣)កីឡាករ ហួយ ផល្លីន របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៤) កីឡាករ អោម ឧត្តម របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៥) កីឡាករ សុខ សំណាង របស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៦) អាំ សុវណ្ណរ៉ាត់ (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៧) សារ៉េត គ្រីយ៉ា កីឡាកររបស់ព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៨) លោក សួន ធួន មន្ត្រីរបស់ក្លិបព្រះខ័នរាជស្វាយរៀង (ចូលរួមវាយតប់) ត្រូវព្យួរចំនួន៣ខែរួមទាំងពិន័យ៥០ម៉ឺនរៀល។ ទី៩) ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលមានការធ្វេសប្រហែសធ្ងន់ធ្ងរផ្នែកសន្តិសុខសណ្តាប់ធ្នាប់ការពារត្រូវពិន័យប្រកួតមិនបើកអ្នកមានអ្នកគាំទ្រចូលទស្សនា១ប្រកួតនិងពិន័យប្រាក់២លានរៀល៕
Source: Kampuchea Thmey Daily
0 Comments