សិង្ហបុរី ៖ នៅរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងជំនួបនោះ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រី បានរំលឹកអំពីការងារមួយចំនួនជាមួយប្រទេសកម្ពុជាក្នុងដំណាក់កាល ដែលឯកឧត្តម កាន់តំណែងជានាយករដ្ឋមន្ត្រី ហើយជាពិសេសឯកឧត្តម បានរំលឹកអនុស្សាវរីយ៍ដ៏ល្អជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសង្កត់ធ្ងន់ថា មានតែស្ថិរភាព និងសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍ ហើយឯកឧត្តម សង្ឃឹមថាប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍទៅមុខកាន់តែលឿននាពេលអនាគត។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចកាលជាដៃគូចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសកម្ពុជា និងសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងល្អតទៅទៀតនាពេលអនាគត។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី ៦៤ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងកឡុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយថ្នាក់ដឹកនាំ រួមមាន ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបូរី ឯកឧត្តម ហ្គោ ចុកតុង (Emeritus Senior Minister Goh Chok Tong) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបូរី និងឯកឧត្តមបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី និងឥស្សរជនសំខាន់ៗនៃសាធារណរដ្ឋសិង្ហបុរីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments