Ad Code

ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-​ថៃ ដ៏​ល្អ​នេះ នាំ​ឲ្យ​អ្នក​វិនិយោគ​កើនឡើង នៅ​កម្ពុជា



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មុ​ស្លិ​ម​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ថៃ ដ៏​ល្អ បែបនេះ នឹង​នាំ​ឲ្យ​អ្នកវិនិយោគទុន​ប្រទេស​ថៃ បាន​ចាប់​អារម្មណ៍ មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើនឡើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នេះ​ដោយសារ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។



លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​បែបនេះ ខណៈ​លោក​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ អតីត​ប្រធានរដ្ឋសភា​ថៃ លោក​Wan Muhamad Noor Matha ក៏ដូចជា​ការ​ជូន​ដំណើរការ​អញ្ជើញ​និវត្តន៍​របស់​គណៈប្រតិភូ បន្ទាប់ពី​បាន​ចូលរួម ក្នុង​ពិធី​ទទួល ទាន​អាហារ​ស្រាយ​បួស រ៉ា​ម៉ា​ឌន​របស់​សាសនា​ឥស្លាម​កម្ពុជា ដែល​រៀបចំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សុក្រ​៣​រោច ខែ​ជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ មិថុនា ឆ្នាំ២០១៨ នៅ​ស្នាក់​ការ​កណ្ដាល​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មុ​ស្លិ​ម​កម្ពុជា។



លោក​អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ជំនួប​រវាង​គណៈ​ដឹកនាំ​អ៊ីស្លាម​កម្ពុជា និង​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ នៅ​ពេល​នេះ គឺ​បាន​បង្ហាញ​ពី​ភាតរភាព​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ និង​ទេសចរ​ណ៍។ ការ​ទំនាក់ទំនង​ដ៏​ល្អ​នេះ ក៏​ជា​ការ​បង្ហាញ​ឲ្យ អ្នកវិនិយោគទុន​ថៃ ឃើញ​ពី​ទំនុក​ចិ​ត្ដ​យូរ​អង្វែង​ម៉ឺន​ឆ្នាំ​ផ្នែក​ការទូត រវាង​ប្រទេស​ទាំងពីរ។



លោក អូស្មាន ហាស្សាន់​ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​អបអរសាទរ​និង​ជ្រោមជ្រែង​ចំពោះ​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា អ៊ីស្លាម​កម្ពុជា ដែល​រៀបចំ​ដោយ​ប្រមុខ​រា​រដ្ឋាភិបាល​កម្ពុជា។

លោក Noor Matha លើក​ឡើង​ថា លោក​តែងតែ​កោតសរសើរ ពី​វីរភាព​ដ៏​អង់អាច និង ភាព​ប៉ិនប្រសប់​នៃ​ការដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្តែង ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការរៀបចំ​ពិធី​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម​កម្ពុជា លើក​ទី​៥ ដែល​ប្រារព្ធ​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​២៩ ឧសភា ២០១៨ ក្រោម​ការរៀបចំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាន់តែ​ធ្វើ​ឲ្យ​រូបលោក​មើល​ឃើញ​ថា កាយវិការ​នៃ​ភាព​សាមញ្ញ ស្និទ្ធស្នាល និង​ភាតរភាព​របស់​សម្តេច​តេ​ជោ បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​ពី​ហេតុផល​យ៉ាង​ច្បាស់​ពី​សន្តិភាព​សុខដុម​ប​នីយកម្ម ដែល​កម្ពុជា​កំពុង​ទទួល​បាន ហើយក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ដែល​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ រីកចម្រើន​ទៅមុខ​ជា​លំដាប់។

លោក Wan Muhamad Noor Matha ក៏បាន​រំលឹក​ថា​ លោក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនិក​ឥស្លាម​ប្រទេស​ថៃ​ដែល ធ្លាប់​ធ្វើជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ ១៩៩៤- ១៩៩៥ ខណៈ​ឆ្នាំ​១៩៩៦-២០០០ លោក​ជា​ប្រ​ធា​នរដ្ឋសភា ហើ​យ​ឆ្នាំ ២០០១​ជា​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​និង​គមនាគមន៍ និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ ២០០២៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu