Ad Code

បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​អង្គរ​ ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ការគ្រប់គ្រង​បរិស្ថាន​ក្នុង​ឧទ្យាន​អង្គរ​មាន​និរន្ដរភាព​



សៀមរាប ​៖ ​កម្មវិធី​បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​អង្គរ ជា​កម្មវិធី​សម្រាប់​អប់រំ​កុមារ​តូច​ឲ្យ​យល់ដឹង​ពី​ការថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (Japan Quality Assurance Organization= JQA) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តសៀមរាប​។ គោលបំណង​នៃ​កម្មវិធី​អប់រំ​នេះ គឺ​ដើម្បី​បណ្ដុះ​គំនិត​កុមារ​ទៅលើ​ការថែរក្សា​បរិស្ថាន ជំរុញ​ឲ្យ​ការគ្រប់គ្រង​បរិស្ថាន​អង្គរ​មាន​និរន្ដរ​ភាពជា​និរន្តរ៍។

​លោក SATORU KISHINO មន្ត្រី​ទទួលបន្ទុក​អប់រំ​បរិស្ថាន​ចំពោះ​កុមារ នៃ​ស្ថាប័ន JQA បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ជប៉ុន JQA បាន​ចូលមក​ធ្វើការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ទៅលើ​ការងារ​អប់រំ​កុមារ ចាប់ពី​ឆ្នាំ​២០១១​មក​។ លោក​ថា ការអប់រំ​បរិស្ថាន​ពិត​ជាមាន​សារសំខាន់​ណាស់ លើ​ការងារ​គ្រប់គ្រង​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​ពន្យល់ថា គេ​ត្រូវ​បណ្ដុះ​គំនិត​ឲ្យ​កុមារ​យល់ដឹង​ពី​ការ​ថែរក្សា​បរិស្ថាន ការគ្រប់គ្រង​បរិស្ថាន​ចាប់ពី​ពួកគេ​នៅ​តូចៗ​ទៅ ដើម្បី​ឲ្យ​គំនិត​នេះ​រីកដុះដាល​នៅពេល​ពួកគេ​ធំ​ដឹងក្ដី​។



លោក​បន្ថែម​ថា គោលបំណង​របស់​កម្ម​វិធី​អប់រំ​នេះ គឺ​ធ្វើ​យ៉ាង​ណា រក្សា​រមណីយដ្ឋាន​អង្គរ​ឲ្យ​នៅ​បន្ត​ជា​រមណីយដ្ឋាន​ដែល​មាន បរិស្ថាន វប្បធម៌ និង​សហគមន៍ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​សម្រាប់​អ្នកជំនាន់ក្រោយ​។

នៅក្នុង​ការអនុវត្ត​កម្មវិធី​បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​នេះ ស្ថាប័ន JQA បាន​ជ្រើស​យក​វិធី​មួយ​ដែលជា​គោល​គំនិត​នៃ​ស្ដង់ដា​អន្ដរជាតិ ISO14001 ដាក់​ជា​ស្នូល​នៃ​ការអប់រំ ពោលគឺ​គោរព​ទៅតាម​ក្បួន PDCA =Plan,Do,Check,Act មានន័យថា គិត ធ្វើ តាមដាន និង​ពិនិត្យ​ឡើង​វិញ ដោយ​ចាប់ផ្តើម​ពី​ការ​ដាក់​គោលដៅ រួចហើយ​ចាប់​អនុវត្ត បន្ដ​ដោយ​ធ្វើការ​តាមដាន និង​ពិចារណា​សាជាថ្មី ហើយ​សកម្ម​ក្នុង​ការ​កែតម្រូវ កែលម្អ​ជា​បន្ដបន្ទាប់​។

លោក SATORU KISHINO ថា ក្បួន​នេះ ជា​ជំនួយ​ឲ្យ​កុមារ​ចេះ​គិត​ដោយ​ខ្លួនឯង ភ្ញាក់រឭក​អំពី​បញ្ហា​បរិស្ថាន ថា​ជា​បញ្ហា​ផ្ទាល់ខ្លួន របស់​ផ្ទះ​ខ្លួន សាលា​ខ្លួន ភូមិ​ខ្លួន តំបន់​ខ្លួន ហើយ​ត្រិះរិះ​រក​វិធី​ដោះស្រាយ​ដោយ​ខ្លួនឯង និង​ចេះ​រួបរួមគ្នា​ធ្វើ​សកម្មភាព​ទៅតាម​ឆន្ទៈ​របស់ខ្លួន​។

​ជា​រៀងរាល់​ឆ្នាំ ស្ថាប័ន JQA បាន​ជួយឧបត្ថម្ភ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បញ្ជូន​អ្នកជំនាញការ​របស់ខ្លួន បើក​សិក្ខាសាលា​ទាក់ទង​នឹង​ការថែរក្សា​បរិស្ថាន​ជូន​មន្ដ្រី​រដ្ឋបាល​ស្រុក​-​ខេត្ត និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទេសចរណ៍ មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ចំពោះ​ការងារ​ថែរក្សា​បរិស្ថាន​អង្គរ​នេះ​។ ចាប់ពី​ឆ្នាំ​២០១១​មក ស្ថាប័ន JQA បានធ្វើ​សកម្មភាព​អប់រំ​កុមារ​នៅតាម​សាលា​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​រៀន​នៅ​ថ្នាក់​ទី​៥ និង​ទី​៦ ឲ្យ​ពួកគេ​យល់ដឹង​បន្ថែម​ពី​បញ្ហា​បរិស្ថាន និង​សង្ឃឹមថា ការចូលរួម​របស់​កុមារ​នឹង​ធ្វើ​ឲ្យ​ចលនា​នេះ​រីក​សាយភាយ​ទៅដល់​គ្រួសារ ដល់​ភូមិ​-​ឃុំ រហូតដល់​សហគមន៍​ក្នុង​តំបន់​ទាំងមូល ក្លាយជា​គំរូ​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​អនាគត​ជាពុំខាន​។​



​ទោះជា​ស្ថាប័ន JQA មាន​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ទាំង​ទៅលើ​ការងារ​ផ្តល់​វិញ្ញាបនបត្រ​ស្ដង់ដារ ISO 14001 និង​ការងារ​អប់រំ​បរិស្ថាន​កុមារ​បែបណា​ក្ដី ក៏​ស្ថាប័ន​នេះ​មានបំណង ចង់​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​ស្ថាប័ន​ជាតិ អាច​បន្ដ​ការងារ​នេះ​បាន​ដោយ​ខ្លួនឯង និយាយ​ឲ្យ​ខ្លី​គឺ​ដើរតួ​ជា​តួឯក​ជំនួស​ស្ថាប័ន JQA ដោយ​ស្ថាប័ន​នេះ​សុំ​ធ្វើជា​តួរង ឬ​តួ​រាយ​វិញ​។ នេះ​ជាការ​លើកឡើង​របស់លោក SATORU KISHINO អំពី​បំណង​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៅមុខ​។

លោក​ពន្យល់​ថា ទាំង​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរអប់រំ យុវជន និង​កីឡា ដែល​សហការ​រៀប​ចំក​ម្ម​វិធី​បណ្ដុះ​កុមារ​ថែរក្សា​បរិស្ថាន សុទ្ធសឹង​មានបទពិសោធន៍​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ស្ថាប័ន​លោក​ចង់​ឲ្យ​ខ្មែរ​ធ្វើ​ការងារ​នេះ​ដើម្បី​ខ្មែរ​ដោយ​ខ្លួនឯង ដូច​ការលើកឡើង​រប​ស់លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ីអាគី អ៊ីស៊ីសាវ៉ា នៃ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ដែល​មាន​ប្រសាសន៍​ថា «​អប់រំ​កូន​ខ្មែរ ដោយ​ដៃ​ខ្មែរ ដើម្បី​ខ្មែរ​»។

ក្នុង​រយៈពេល​ចុងក្រោយ​ដែល​លោក SATORU KISHINO មក​កម្ពុជា លោក​សង្កេត​ឃើញ​ថា បញ្ហា​បរិស្ថាន​ក្នុង​តំបន់​អង្គរ​មាន​ភាពល្អប្រសើរ ទាំង​ការគ្រប់គ្រង​សំរាម​ក៏​ល្អ​ជាង​មុន ហើយ​ការគ្រប់គ្រង​ភ្ញៀវទេសចរ​ក៏​ល្អប្រសើរ​ផង​ដែរ​។ ទាក់ទង​នឹង​កុមារ​វិញ លោក​សង្កេត​ឃើញ​ថា ពួកគេ​មានការ​យកចិត្តទុកដាក់ ចង់​ចេះ ចង់​ដឹង តាមរយៈ​ក្រសែភ្នែក​របស់​ពួកគេ ហើយ​នេះ​ជា​លទ្ធផល​ល្អ​ក្នុងការ​អប់រំ​កុមារ​នៅ​តំបន់​អង្គរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu