Ad Code

ក្រោយ​ប្រកប​អាជីព​បាល់ទាត់​អស់​ជាង​១៤​ឆ្នាំ ជិន ជុំ ​សម្រេច​ចូលនិវត្តន៍​នៅ​ចប់​ជុំ​ទី​១​នេះ



ខ្សែប្រយុទ្ធ​មកពី​ខេត្តកោះកុង ជិន ជុំ (​ឬ ជួន ជុំ​) សមាជិក​របស់​ក្លិប​បាល់ទាត់​អគ្គីសនី​កម្ពុជា បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​របស់ខ្លួន​ហើយ នៅ​ដំណាច់​ជើង​ទី​១ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ក្រោយ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកនេះ​។

​យោងតាម​ការបញ្ជាក់រ​បស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ នឹង​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​នៅពេល​ចប់​ជុំ​ទី​១ ពោល​គឺ​បន្ទាប់ពី​ជួយ​ក្រុម​អគ្គិសនី​កម្ពុជា ប្រកួត​លើកចុងក្រោយ​ទល់នឹង​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ក្នុង​សប្ដាហ៍​ទី​១១​នៅ​ថ្ងៃអាទិត្យ ទី​២៤​ខែមិថុនា​ឆ្នាំ​២០១៨ នេះ​។​

​យ៉ាងណាក្តី​ក្រោយ​ចូលនិវត្តន៍ ពី​បាល់ទាត់ ជិន ជុំ នឹង​នៅតែ​បម្រើ​ការងារ​នៅ​អង្គភាព​អគ្គិសនី​កម្ពុជា និង​គ្រោង​ឆ្លៀតពេល​ជួយ​ការងារ​បង្វឹក​របស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ប្រចាំ​ក្រុម​អគ្គីសនី​កម្ពុជា បច្ចុប្បន្ន ដូចជា​បង្ហាត់​ក្មេងៗ ជាដើម​។ ម្យ៉ាង​រូបគេ​កំពុង​សិក្សា​វគ្គ​គ្រូបង្វឹក​កម្រិត C License​ផងដែរ​។​

​ជិន ជុំ ត្រូវបាន​គេ​ស្រង់​សម្តី​ថា​៖«​ថ្ងៃអាទិត្យ​នេះ​ជា​ប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​នឹង​ចូលនិវត្តន៍​ហើយ ខ្ញុំ​មិនបាន​លេង​ជុំ​ទី​២​លី​គ​ទេ​។ ខ្ញុំ​ចាស់​ហើយ រត់​មិនសូវ​បាន ព្រោះ​កាយសម្បទា​លែង​អំណោយផល កម្លាំង​ខ្សោយ​។ ខ្ញុំ​ចាស់​ហើយ ទុកឱ្យ​ក្មេងៗ​បង្ហាញ​សមត្ថភាព​ម្ដង​។ ទោះយ៉ាងណា ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ពី​បាល់ទាត់​ដែរ គឺ​ខ្ញុំ​នឹង​ឆ្លៀត​ពេលធ្វើ​ជំនួយការ​លោកគ្រូ វុទ្ធី ជួយ​បង្ហាត់​ក្មេងៗ ក្នុងពេល​ទំនេរ​ពី​ការងារ​នៅ​អគ្គិសនី​កម្ពុជា​»​។​

​កីឡាករ ជិន ជុំ ក្រៅពី​ប្រកប​អាជីប​តាម​ក្លិប រូបគេ​ក៏​ធ្លាប់បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែរ​។ រូបគេ​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០០៤ ដោយ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ខេត្តកោះកុង ខណៈ​នៅ​ឆ្នាំ​២០០៦ គេ​បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​នៅ​ឆ្នាំ​២០០៨ ដល់​២០១៦ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ស្របពេល​ឆ្នាំ​បន្ទាប់​បាន​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨ នេះ​ចូលរួម​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា​។ រូបគេ​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្រុម​ណាហ្គា​វើ​ល នៅ​ឆ្នាំ​២០០៩ និង​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៣ ជាមួយ​ណាហ្គា​វើ​ល​។ នៅ​ឆ្នាំ​២០១៣ រូបគេ​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu