កាលពីថ្ងៃអង្គារ អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់បុរីវ៉ាទីកង់បានអំពាវនាវឲ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទលើកុមារនៅព្រះវិហារកាតូលិករបស់ប្រទេសឈីលី ខណៈរឿងក្តីថ្មីៗទាក់ទងនឹងក្រុមបូជាចារ្យរំលោភផ្លូវភេទបានលេចឡើង។
មហាសង្ឃនាយកម៉ាល់តាលោក Charles Scicluna បាននិយាយបែបនេះនៅពេលគាត់បានបញ្ចប់បេសកកម្មមួយសប្តាហ៍មួយនៅប្រទេសឈីលីដែលជាកន្លែងរឿងអាស្រូវនៃការរំលោភបំពានផ្លូវភេទលើកុមារបានធ្វើឲ្យរង្គោះរង្គើដល់សាសនាកាតូលិក។
លោក Scicluna បានប្រាប់អ្នកកាសែតថា “ការស៊ើបអង្កេតគឺជាកាតព្វកិច្ចនៃយុត្តិធម៌ យើងចាំបាច់ត្រូវរកយុត្តិធម៌ឲ្យជនរងគ្រោះសម្រាប់មុខមាត់របស់ប្រទេសនិងមុខមាត់របស់សាសនា”។
វាជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក Scicluna ក្នុងរយៈពេលបួនខែទៅកាន់ប្រទេសឈីលីដោយសាររឿងអាស្រូវមួយដែលបានធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់សម្តេចប៉ាប Francis និងនាំឲ្យមានការលាលែងរបស់សង្ឃរាជប្រហែល៣៤នាក់ប៉ុន្តែមានត្រឹមតែបីនាក់ប៉ុណ្ណោះដែលត្រូវបានទទួលយកការលាលែងដោយសម្ដេចប៉ាប។
សមាជិកជាច្រើននៃឋានានុក្រមសាសនាកាតូលិកឈីលីត្រូវបានចោទប្រកាន់ដោយជនរងគ្រោះពីការមិនអើពើនិងបិទបាំងការរំលោភបំពានលើកុមារដោយបូជាចារ្យឈីលីឈ្មោះ Fernando Karadima អំឡុងទសវត្សឆ្នាំ១៩៨០និង១៩៩០។
អ្នកកាន់សាសនានៅទីក្រុងភាគខាងត្បូង Temuco និង Aysen បាននិយាយថា បូជាចារ្យបួននាក់ទៀតកំពុងត្រូវបានស៊ើបអង្កេតសម្រាប់ការរំលោភបំពានផ្លូវភេទលើអនីតិជន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរសាសនានៅទីក្រុង Temuco បានរាយការណ៍ថា លោក Pablo Isler Venegas ត្រូវបានដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១៤សម្រាប់ការរំលោភផ្លូវភេទលើអនីតិជនហើយត្រូវបានហាមឃាត់ធ្វើការជាសាធារណៈ។
លោក Scicluna និងបេសកជនសម្តេចប៉ាបម្នាក់ទៀតគឺបូជាចារ្យសញ្ជាតិអេស្ប៉ាញឈ្មោះ Jordi Bertomeo បាននិយាយថា ពួកគេបានទទួលនូវសក្ខីកម្មពីជនរងគ្រោះនៃការរំលោភផ្លូវភេទក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេហើយបានជួយផ្សព្វផ្សាយដល់ជនរងគ្រោះឬផ្តល់ “សេវាស្តាប់” ដើម្បីជួយអ្នកដទៃទៀតឲ្យចេញមុខមកបំភ្លឺ៕ AFP
Source: Kampuchea Thmey Daily
0 Comments