Ad Code

ល្បី​ថា ​កីឡាករ​កម្ពុជា ម្នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​លំដាប់​ទី​៤​របស់​ប្រទេស​ថៃ ត្រឡប់​មក​ធ្វើតេស្ត​ប្តូរ​ចង់​មកលេង​ស្រុកកំណើត​វិញ​?



កីឡាករ ង៉ែត លី​ទី ម្ចាស់​អាវ​លេខ​២៦ ប្រចាំ​ក្លិប​បាល់ទាត់​ចន្ទ​បុរី (Chanthaburi FC) សមាជិក​ពានរង្វាន់​បាល់ទាត់​លី​គ​លំដាប់​ទី​៤​របស់​ប្រទេស​ថៃ (Thai League 4) ក្នុង​រដូវ​កាល​ថ្មី​២០១៨ ពេលនេះ​រូបគេ​ បានធ្វើ​ដំណើរ​ត្រឡប់​មកកាន់​មាតុភូមិ​ដើម្បី​ធ្វើតេស្ត​ជាមួយ​ក្លិប​ឆ្នើម​មួយ​នៅក្នុង​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018​។​

​យោង​តាម​ប្រភព​ស្និទ្ធស្នាល​មួយ​បាន​បញ្ជាក់ថា ង៉ែត លី​ទី បានធ្វើ​តេស្ត​ជា​ផ្លូវការ​ជាមួយ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ មួយរយៈ​ហើយ ដែល​ក្លិប​នេះ​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក ភា សុភ​ត្រា ជា​អតីត​គ្រូបង្វឹក​ផ្ទាល់​របស់គេ​កាលពីពេល​កន្លងទៅ​ផងដែរ​។ នៅ​មិនទាន់មាន​ដំណឹង​ច្បាស់ការបន្ថែម​ណាមួយ​ពី​ក្លិប​ក្រសួងការពារជាតិ ​​ចំពោះ​កីឡាករ​មកពី​ខេត្ត​ប៉ៃលិន រូបនេះ​នៅក្នុង​បញ្ជី​នោះទេ ខណៈ​នៅសល់​ជិត​១០​ថ្ងៃ​ទៀត​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុងស្រុក​ជើង​ទី​២​នឹង​បិទទ្វារ​ទៅហើយ​។

​សូម​រំលឹកថា ​ខ្សែប្រយុទ្ធ​រួប​នេះ​ធ្លាប់​ហ្វឹកហាត់​នៅ​ក្លិប​បឹងកេត​អំឡុង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ រូបគេ​ក៏​ចាក​ចេញពី​បាល់ទាត់​អាជីព និង បាន​ចំណាយ​ពេល​ជួយ​លេង​ឲ្យ​ក្រុម​ពាក់កណ្ដាល​អាជីព​អាណាចក្រ​បៃតង​មួយ​រយៈ​ទាំង​ទីលាន​បាល់ទាត់​ធំ​មាន​ស្មៅ និង​ក្នុង​ពានរង្វាន់​បាល់ទាត់​ហ្វូ​ត​សាល។ កាលពីដើមឆ្នាំ​២០១៨ រូបគេ​បានធ្វើ​ដំណើរ​ទៅ​ធ្វើ​តេស្ត​ជាមួយ​ក្លិប​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ហើយក៏​ជាប់​ឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្លិប​ចន្ទ​បុរី នេះ​តែម្តង​។​

ក្លិប​ចន្ទ​បុរី ជា​ក្លិប​បាល់ទាត់​នៅ​លី​គ​លំដាប់​ទី​៤​របស់​ថៃ បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​ដោយ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្ត​របស់ខ្លួន​ធ្វើជា​ទឹកដី​សម្រាប់​ប្រកួត​។ ក្លិប​នេះ​ធ្លាប់មាន​ប្រវត្តិ​ជោគជ័យ​បំផុត​គឺ​ចាប់ពី​ឆ្នាំ​២០០៦​ដល់​២០១២ ជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​ថៃ ប៉ុន្តែ​ក្រោយៗ​មក​ក៏​ធ្លាក់​រហូតដល់​លី​គ​លំដាប់​ទី​៤​នេះ​តែម្តង​។ ក្រុម​នេះ​មាន​លោក Jirachai Khainongbua ជា​ប្រធាន​ក្លិប​ហើយ​លោក Arthit Onkam ជា​គ្រូបង្វឹក​។​

​ជា​ផ្លូវការ​កីឡាករ ង៉ែត លី​ទី ជា​កីឡាករ​កម្ពុជា ទី​១​ដំបូង​គេ​ដែល​ទៅ​ប្រកួត​អាជីព​នៅ​ប្រទេស​ថៃ ក្នុង​រដូវ​កាល​នេះ ខណៈ​ថ្មីៗ​នេះ​កីឡាករ ឃួន ឡា​បូ​រ៉ាវី ជា​កីឡា​ករទី​២ ដែល​ចេញ​ទៅលេង​នៅ​ក្លិប Sarat Thuni សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ ក្នុង​ជើង​ទី​២​ប៉ុណ្ណោះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu