Ad Code

បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាម​មួយ​​រំពេច ​បន្ទាប់ពី​បើក​ម៉ូតូ​រ៉ឺម៉ក​ទៅ​បុក​នឹង​រថយន្ត



តាកែវ ​៖​ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កើតហេតុ​ បន្ទាប់ពី​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ​យក​ទៅ​លក់​ ហើយ​បាន​បុក​ជាមួយ​រថយន្ត។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​ ក្នុង​អំឡុង​ម៉ោង​០៣​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣-១០៤ នៅ​ក្នុង​ភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ។ ប្រភព​ពី​សមត្ថកិច្ច ​ដែល​បាន​ចុះទៅ​ដល់​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ក្នុង​ករណី​នេះ​ មាន​ឈ្មោះ ​ណី សុខ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ​ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គីរីវង់ ខេត្ត​តាកែវ។

សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ បាន​បើក​ម៉ូតូ​រ៉ឺម៉ក​មាន​ដឹក​បន្លែ​ពេញ​យក​ទៅ​លក់​នៅ​ផ្សារ ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ ទំនងជា​ជនរងគ្រោះ​ងងុយដេក​ងោក​មួយ​ភាំង​ ​​ក៏​ជ្រុល​ម៉ូតូ​រ៉ឺម៉ក​ទៅ​បុក​នឹង​រថយន្ត​ធុន​ធំ​ពីក្រោយ ទើប​ឃើញ​តែ​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្នាក់​ឯង ​​ចំណែក​ម៉ូតូ​រ៉ឺម៉ក​រង​ការខូចខាត​យ៉ាងដំណំ ក្រៅពីនោះ​ពុំ​មាន​ឃើញ​វត្ថុ​តាង​អ្វី​ផ្សេង​ទេ។

ក្រោយ​កើតហេតុ ​សព​ជនរងគ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​តាម​ប្រពៃណី ចំណែក​រ៉ឺម៉ក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​វិញ ​ក្រោយ​ពេល​ធ្វើ​កំណត់ហេតុ​ចប់​សព្វគ្រប់។ ដោយឡែក​រថយន្ត​ ដែល​ប៉ះ​នឹង​ម៉ូតូ​រ៉ឺម៉ក​ជនរងគ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ភិនភាគ​នោះ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu