Ad Code

ក្រុមចម្រុះ ​៖​ កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​យេ​មែន ​រឹបអូស​ព្រលាន​យន្តហោះ​ Hodeida ពី​ពួក​ឧទ្ទាម



ក្រុមចម្រុះ​បាន​និយាយ​ថា កងកម្លាំង​រដ្ឋាភិបាល​យេ​មែន​ បាន​រឹបអូស​យក​ព្រលាន​យន្តហោះ Hodeida ពី​ពួក​ឧទ្ទាម Huthi​ហើយ​ កាលពី​ថ្ងៃ​ពុធ​ ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​មកវិញ​នូវ​ទីក្រុង​កំពង់ផែ​សមុទ្រ​ក្រហម​នេះ។

មេបញ្ជាការ​ក្រុមចម្រុះ​សម្រាប់​ឆ្នេរសមុទ្រ​ក្រហម​លោក Abdul Salaam al-Shehi បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ ដែល​បង្ហោះ​ដោយ​ភ្នាក់ងារ​ព័ត៌មាន WAM របស់​ប្រទេស​អារ៉ាប់​រួម​ថា “​ព្រលានយន្តហោះ​ត្រូវបាន​បោសសម្អាត​ទាំងស្រុង​ហើយ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​”​។​

កាលពី​សប្តាហ៍​មុន កងកម្លាំង​រដ្ឋាភិបាល​បាន​បើក​ការវាយលុក​មួយ​ដើម្បី​បោសសម្អាត​អ្នក​ប្រយុទ្ធ​ក្រុម​ឧទ្ទាម​ចេញពី​ទីក្រុង Hodeida ដែល​បាន​កាន់កាប់​វា​ចាប់តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​ដែលជា​ហេតុ​បង្កើន​ការព្រួយបារម្ភ​ដល់​អង្គការសហប្រជាជាតិ​ចំពោះ​ការដឹកជញ្ជូន​ជំនួយ​សំខាន់ៗ​និង​ការ​នាំចូល​ចំណីអាហារ​ពាណិជ្ជកម្ម​តាមរយៈ​ច្រក​របស់​ទីក្រុង​នេះ​។​

ព្រលានយន្តហោះ​នេះ​ត្រូវបាន​គេបោះបង់​ចោល​ប៉ុន្តែ​វា​ជា​មូលដ្ឋាន​ឧទ្ទាម​ដ៏​ធំ​មួយ​ដែលជា​ដីគោក​មកពី​ផ្លូវ​ឆ្នេរសមុទ្រ​ចូលទៅ​កាន់​ទីក្រុង​ពី​ភាគខាងត្បូង​។​

វា​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ​៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កំពង់ផែ​របស់​ទីក្រុង​នេះ​ដែល​ទ្រទ្រង់​ការនាំ​ចូល​បី​ភាគ​បួន​របស់​យេ​មែន​និង​ផ្តល់​ជា​ជំនួយ​ដល់​ជីវិត​សម្រាប់​មនុស្ស​ប្រហែល​២២​លាន​នាក់​។​

បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths បានរៀបចំ​កិច្ចចរចា​រយៈពេល​៤​ថ្ងៃ​នៅក្នុង​រដ្ឋធានី Sanaa ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​គោលបំណង​បញ្ចៀស​ការប្រយុទ្ធ​គ្នា​ទាំងស្រុង​សម្រាប់​ទីក្រុង​នេះ​ប៉ុន្តែ​បាន​ចាកចេញ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ពុំបាន​ប្រកាស​អំពី​ការទម្លាយ​ភាពទាល់ច្រក​ណាមួយ​ឡើយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu