Ad Code

ក្មេង​អាយុ​១២​ឆ្នាំ ​ជិះ​ម៉ូតូ ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​៤​នាក់



ប៉ៃលិន ​៖ ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ បុក​ជា​ម៉ូតូ ក្នុង​ស្ថានភាព​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​០៤​នាក់ រង​របួស​ធ្ងន់​/​ស្រាល ត្រូវ​បាន​គេ​ដឹក​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​នៅ​ភូមិ​សួន​អំពៅ​កើត (​ចំណុច​ទឹកផុស​) ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ប្រភព​ព័ត៌មាន ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ​៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ជា​ការ​ធ្វេសប្រហែស​មួយ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ​បើកបរ​យានជំនិះ​ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បង្ក​ទៅជា​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង តើន​រណា​ជា​អ្នក​ទទួល​ខុសត្រូវ ចំពោះ​ករណីនេះ។ ប្រភព​ព័ត៌មាន បាន​បន្តថា ​៖​ មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA dream ស៊េរី​ឆ្នាំ ២០០៩ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ប៉ៃលិន 1A-7631 ដោយ​ជិះ​ឌុប​គ្នា​០៣​នាក់ ក្នុង​ទិសដៅ​​​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ ​ក៏​ស្រាប់​ឃើញ​ក្មេងប្រុស​ម្នាក់ ទំនង​មិនទាន់​គ្រប់​អាយុ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​HONDA Dream ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ប៉ៃលិន 1A-6352 ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ហើយ​បាន​បុក​ម៉ូតូ ដែល​ឌុប​គ្នា​០៣​នាក់ ពេញទំហឹង​ត្រង់​ចំហៀង បណ្តាលឲ្យ​ដួល​រង​របួស​ធ្ងន់​/​ស្រាល​ទាំងសងខាង។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស ត្រូវ​បាន​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​ទៅ​ព្យាបាល ចំណែក​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះមក​វាស់វែង ព្រមទាំង​យក​វត្ថុតាង​ម៉ូតូ​ទាំងពីរ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ។

បើ​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ដែរ​ថា ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​កត្តា​មនុស្ស​បើកបរ​មិន​ប្រកាន់​ស្ដាំ និង​បើក​លើស​ល្បឿន​កំណត់​ ដែល​បង្កឡើង​ដោយ​ក្មេង​មិនទាន់​គ្រប់​អាយុ​ បើកបរ​លើ​ផ្លូវ​សាធារណៈ​ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​រហូតដល់​០៤​នាក់។ ប្រភព​ព័ត៌មាន បាន​បន្ត​ថា​ ៖ ​អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ ឆាង នឿន ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ របួសធ្ងន់ ដោយ​ជិះ​ម៉ូតូ​ម៉ាក HONDA Dream ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ ប៉ៃលិន 1A-6352 ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ។ ចំណែក​ជនរងគ្រោះ​ទី​១​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ របួសស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក HONDA dream ស៊េរី​ឆ្នាំ ២០០៩ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ប៉ៃលិន 1A-7631 ខូចខាត​ធ្ងន់​។ ​ទី​២-​ឈ្មោះ សំណាក់ ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អា​ឡាំ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍​សាត់ អ្នករួមដំណើរ ​ រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា របួសធ្ងន់។

បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu