ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយលិចសាឡាងនៅប្រទេសឥណ្ឌូនេស៊ី អាចកើនឡើងដល់១៨០នាក់ ខណៈដែលអាជ្ញាធរបានបង្កើនចំនួនមនុស្ស ដែលបាត់ខ្លួន, ពីរថ្ងៃបន្ទាប់ពីទូកទេសចរណ៍ធ្វើពីឈើមួយគ្រឿងនេះលិចក្នុងបឹងមួយ។
អ្នកជ្រមុជទឹកនិងដ្រូនក្រោមទឹកបានចូលរួមក្នុងការស្វែងរកនៅបឹង Toba លើកោះស៊ូម៉ាត្រាកាលពីថ្ងៃពុធខណៈសាច់ញាតិដែលយំសោកបានប្រមូលផ្តុំគ្នានៅកំពង់ផែតូចមួយក្នុងទីក្រុង Tigaras ដើម្បីរង់ចាំព័ត៌មានណាមួយ។
ការប៉ាន់ប្រមាណថ្មីស្តីពីចំនួនអ្នកបាត់ខ្លួនគឺមានចំនួនលើសពីសមត្ថភាពដែលសាឡាងនេះអាចផ្ទុកបានរហូតដល់ទៅបីដងឯណោះនិងកើនឡើងពីចំនួនដែលប៉ាន់ស្មានលើកមុនដែលមានប្រហែល១៣០នាក់ដោយរួមទាំងកុមារជាច្រើននាក់ផងដែរ។
អ្នករស់រានមានជីវិតចំនួនដប់ប្រាំបីនាក់ត្រូវបានជួយសង្គ្រោះភ្លាមៗបន្ទាប់ពីសាឡាងដែលផ្ទុកមនុស្សលើសចំណុះបានលិចកាលពីល្ងាចថ្ងៃចន្ទខណៈខ្យល់បក់បោកខ្លាំងនិងទឹកឡើងខ្លាំង។
ក្រុមអ្នកស្វែងរករំពឹងថានឹងរកឃើញជនរងគ្រោះជាច្រើននាក់ទៀតដែលត្រូវបានជាប់នៅក្នុងសាឡាងនៅពេលដែលពួកគេកំណត់ទីតាំងដែលសាឡាងលិចក្នុងបឹងជម្រៅ៤៥៩ម៉ែត្រ។
អ្នកជ្រមុជទឹកមួយក្រុមមានគ្នាចំនួន២៥នាក់រួមទាំងកងម៉ារីនផងដែរកំពុងតែស្វែងរកនាវានេះរួមជាមួយនឹងយានក្រោមទឹក (ROV) ដែលប្រតិបត្តិការដោយតេឡេបញ្ជា។ រហូតមកទល់ពេលនេះ ការស្រាវជ្រាវដែលកំពុងបន្តនៅផ្ទៃខាងលើនៃបឹងគឺទទួលបានលទ្ធផលតិចតួចណាស់។
បឹងនេះគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយបើទោះបីជាមិនទាន់មានព័ត៌មានថាតើមានជនបរទេសស្ថិតនៅក្នុងចំណោមអ្នកបាត់ខ្លួនដែរឬអត់ក៏ដោយ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសនេះលោក Budi Karya បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងពិនិត្យមើលថាតើសាឡាងនេះត្រូវបានគេបំពាក់ជាមួយអាវពោងសង្គ្រោះជីវិតនិងថាតើពួកគេបានប្រើប្រាស់វាដែរឬក៏អត់។
មន្ត្រីក្រសួងដឹកជញ្ជូនម្នាក់ទៀតបាននិយាយថា សាឡាងនេះមានសមត្ថភាពសម្រាប់ដឹកអ្នកដំណើរត្រឹមតែ៦០នាក់ប៉ុណ្ណោះហើយក៏បានផ្ទុកម៉ូតូរាប់សិបគ្រឿងផងដែរ៕ REUTERS
[caption id="attachment_932722" align="aligncenter" width="700"] [/caption]
Source: Kampuchea Thmey Daily
0 Comments