សមាជិកសភាបារាំងកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តបម្រាមមួយលើការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀនសាធារណៈ ដែលនេះជាការសន្យាមួយក្នុងយុទ្ធនាការឃោសនារបស់លោកប្រធានាធិបតី Emmanuel Macron ដែលក្រុមអ្នករិះគន់និយាយថានឹងធ្វើបានតិចតួចណាស់ដើម្បីបញ្ចប់ការរំខានដល់ថ្នាក់រៀនឬការគំរាមកំហែងតាមអ៊ីនធឺណិត។
ខណៈពេលដែលសាលារៀននៅប្រទេសជាច្រើនមានច្បាប់កំណត់លើការប្រើប្រាស់ទូរស័ព្ទចល័តនោះ, បារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានដាក់បំរាមទាំងស្រុងដែលគ្របដណ្ដប់លើសាលាបឋមសិក្សានិងអនុវិទ្យាល័យ។
រដ្ឋមន្ត្រីក្រសួងអប់រំលោក Jean-Michel Blanquer បានហៅច្បាប់នេះថា “ច្បាប់សម្រាប់សតវត្សរ៍ទី២១។ ច្បាប់សម្រាប់ដោះស្រាយបដិវត្តឌីជីថល”។
លោកបាននិយាយនៅក្នុងសភាថា “ការបើកទូលាយចំពោះបច្ចេកវិទ្យានាពេលអនាគតមិនមែនមានន័យថា យើងត្រូវតែទទួលយកការប្រើប្រាស់របស់ពួកគេទាំងអស់នោះទេ”។
សេចក្តីព្រាងច្បាប់នេះបានជួយដល់ការថប់បារម្ភក្នុងចំណោមឪពុកម្តាយលើការចំណាយពេលដ៏ច្រើនរបស់កូនពួកគេដែលបានចំណាយទៅលើអេក្រង់ស្មាតហ្វូននិងការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណិត។ វាត្រូវបានអនុម័តដោយសមាជិកនៃសភាជាន់ទាប។
យោងតាមការស្ទាបស្ទង់មួយកាលពីឆ្នាំ២០១៦បានបង្ហាញថា សិស្សសាលាបារាំងជិត៩នាក់ក្នុងចំណោម១០នាក់ដែលមានអាយុពី១២ឆ្នាំទៅ១៧ឆ្នាំគឺមានទូរស័ព្ទដៃផ្ទាល់ខ្លួនមួយគ្រឿង។
ច្បាប់ថ្មីដែលកំពុងត្រូវបានស្នើឡើងនេះនឹងតម្រូវឲ្យពួកគេរក្សាទូរស័ព្ទរបស់ពួកគេនៅក្នុងកាបូបស្ពាយឬនៅកន្លែងណាដែលគេមើលមិនឃើញ។
ប៉ុន្តែច្បាប់ថ្មីនេះមិនបានកំណត់ការផ្តន្ទាទោសជាក់លាក់ណាមួយនោះទេសម្រាប់ការប្រើប្រាស់របស់ពួកគេហើយមេធាវីបានកត់សម្គាល់ថា គ្រូបង្រៀនគ្មានសិទ្ធិរឹបអូសវត្ថុដែលមិនមានគ្រោះថ្នាក់ពីសិស្សនោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments