Ad Code

ជាងដែក​ភ្នែក​ម្ញូប លប​ចាប់​នាង​កម្មករ​រោងចក្រ ​ប៉ង​រំលោភ​​ ហើយ​រត់​គេច​ខ្លួន​បាន​៤​ថ្ងៃ ត្រូវ​ជាប់អន្ទាក់​ប៉ូលិស



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​តាម​បណ្តឹង​របស់​នារី​រងគ្រោះ​ម្នាក់​ដែល​បាន​ចោទប្រកាន់ថា បុរស​រូបនេះ ​បាន​ចូលក្នុង​ផ្ទះ​របស់​នាង​ប៉ង​ចាប់​រំលោភ​ តែ​នាង​រើ​បម្រាស់​រួច ហើយ​គេ​ក៏​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ​​​បន្សល់ទុក​ តែ​វ៉ែនតា​ម្ញូ​ប របស់​ខ្លួន​ ដែល​ជា​ភស្តុតាង ​សម្រាប់​នាង​យក​មក​ប្តឹង​ប៉ូលិស​អោយ​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោយ​រត់គេចខ្លួន​បាន​៤​ថ្ងៃ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​៖ ជនសង្ស័យ​ខាងលើ​ឈ្មោះ មាស សុភាព អាយុ​២៨​ឆ្នាំ​ មុខរបរ​ជាង​ផ្សារដែក មាន​​ទី​លំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច និង​នាងរង​គ្រោះ​ឈ្មោះ វិ​ន សុខ​ហេង អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ រោងចក្រ​កាត់ដេរ​ស្នាក់នៅ​ផ្ទះជួល​ចំណុច​កើតហេតុ ក្បែរ​ផ្ទះ​ជន​សង្ស័យ បានអោយដឹងថា​ ៖ ​នៅ​មុន​ពេល​កើតហេតុ​ភាគី​ជនសង្ស័យ ​បាន​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី រហូតដល់​ម៉ោង​២៣ និង​៣០​នាទី​យប់ ក៏បាន​បញ្ចប់​ការផឹកស៊ី និង​បាន​បែក​គ្នា​ទៅ​ដេក​តាម​ផ្ទះ​រៀងៗ​ខ្លួន​។​

ក្រោយមក​ជនសង្ស័យ​ខាងលើ (​មាស សុភាព​) មិនបាន​ចូល​ដេក​ទេ​ ក៏​បាន​មក​លួច​គាស់​ទ្វារ​ចូល​បន្ទប់​ស្នាក់នៅ​របស់​នាងរង​គ្រោះ ដោយ​បើក​មុង​ចូល​ចាប់​បង្ខំ​នាង​រំលោភ​ ប៉ុន្តែ​នាង​បាន​រើ​បម្រាស់​រួច​​​ស្ទុះ​ទៅ​បើក​កុងតាក់​ភ្លើង​ស្គាល់​មុខ​ជន​សង្ស័យ។ ​ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​បើកទ្វារ​រត់គេចខ្លួន​បាត់ ​ដោយ​បន្សល់​ទុក​នូវ​វ៉ែនតា​ប្រភេទ​ម្ញូ​ប​ចំនួន​មួយ​នៅ​បន្ទប់​របស់​នាង។

លុះ​នៅ​ពេល​ព្រឹក​ឡើង​(​ថ្ងៃ​ទី​៤ ខែ​មិថុនា​) នាង​ក៏​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន ដោយ​យក​វ៉ែនតា​នោះមក​ប្តឹង​ប៉ូលិស​ធ្វើជា​ភស្តុតាង​ដើម្បី​រក​យុត្តិធម៌។ ចាប់តាំង​ពី​ថ្ងៃ​នោះ​មក ​ជ​ន​សង្ស័យ​ បាន​រត់​គេច​ខ្លួន​បាត់ តែ​រយៈពេល ៤​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៨ ​ជនសង្ស័យ​​​បាន​បង្ហាញ​ខ្លួន​នៅមុខ​ផ្ទះ​ស្នាក់នៅ​របស់​គេ។ ពេលនោះ​នាង​បាន​ទូរស័ព្ទ​មក​ប្តឹង​ប៉ូលិស​មូលដ្ឋាន​អោយ​មក​ចាប់ខ្លួន​ភ្លាមៗ​តែម្តង​ យក​ទៅ​សួរនាំ។

ជន​សង្ស័យ ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​សកម្មភាព​ប្រព្រឹត្ត​ខុសច្បាប់​របស់​ខ្លួន​មក​លើ​ជនរងគ្រោះ ដោយ​ដោះសា​​ថា មកពី​ខ្លួន​មានចិត្ត​ស្រលាញ់​នាង​ពេក​ តែ​ចង់​រំលង​ប្រពៃណី។ បច្ចុប្បន្ន ​ជនសង្ស័យ ​ត្រូវ​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu